សៀមរាប៖បើតាមរបាយការណ៍បានឲ្យដឹងថា មន្ទីរពេទ្យកុមារអង្គរ មានអាយុកាលជាង២០ឆ្នាំមកហើយ ដោយបានបំពេញបេសកកម្មមនុស្សធម៌របស់ខ្លួនផ្តល់សេវាពិនិត្យ និងព្យាបាលកុមារកម្ពុជាប្រកបដោយក្តីមេត្តាករុណា មានគុណភាព និងឥតគិតកម្រៃ តាំងពីនៅជាមន្ទីរពេទ្យដ៏តូចរហូតដល់ក្លាយខ្លួនជាមជ្ឈមណ្ឌលសុខាភិបាលដ៏ឧត្តុងឧត្តមមួយនៅក្នុងប្រទេសកម្ពុជា។ ជារៀងរាល់ថ្ងៃមានកុមារប្រមាណជា ៤០០នាក់ មកទទួលសេវាពិនិត្យព្យាបាលនៅ មន្ទីពេទ្យកុមារអង្គរ ដែលសរុបមកដល់ពេលបច្ចុប្បន្ននេះ គឺបានទទួលកុមារកម្ពុជាប្រមាជាជាង ២.៥លានករណី ហើយ។
នៅក្នុងឆ្នាំ២០២០កន្លងទៅ មន្ទីរពេទ្យកុមារអង្គរ បានផ្តល់សេវាពិនិត្យព្យាបាលជូនដល់កុមារកម្ពុជាសរុបចំនួន ៩៧ ០៦៩ ករណី ដែលភាគច្រើនមានជម្ងឺដូចជា ជំងឺរលាកផ្លូវដង្ហើម ជំងឺគ្រុនឈាម ឆ្កែឆ្កួតខាំ ជំងឺអូទីសឹម ជម្ងឺមហារីក ព្រមទាំងជំងឺផ្សេងៗជាច្រើនទៀត។ ជាមួយគ្នានេះដែរក្រៅពីការផ្តល់សេវាពិនិត្យព្យាបាល និងថែទាំសុខភាពកុមារ មន្ទីរពេទ្យកុមារអង្គរ ក៏បានផ្តល់ការអប់រំ បណ្តុះបណ្តាលដល់សិស្សនិស្សិត គិលានុប្បដ្ឋាក និងវេជ្ជបណ្ឌិត មកពីសាលាវេជ្ជសាស្រ្តសុខាភិបាល និងសាលាបណ្តុះបណ្តាលបច្ចេកទេសថែទាំវេជ្ជសាស្ត្រ រួមទាំងមន្ត្រីសុខាភិបាលមកពីទូទាំងព្រះរាជាណាចក្រកម្ពុជាសរុបចំនួន ៧៣៩០៨នាក់។ ជាងនេះទៅទៀត មន្ទីរពេទ្យកុមារអង្គរ ក៏បានផ្តល់ការអប់រំសុខភាពអំពីការការពារ និងថែទាំសុខភាពបឋមដល់សិស្សសាលានានា មណ្ឌលសុខភាព និងប្រជាពលរដ្ឋតាមសហគមន៍គោលដៅនៅក្នុងខេត្តសៀមរាបបានចំនួន ៥៦ ៧៤៧នាក់ផងដែរ។
សមិទ្ធិផលដែលទទួលបានខាងលើនេះ មិនមែនកើតឡើងមកបានដោយឯកឯងទេ គឺមានដោយសារតែទឹកចិត្តរបស់សប្បុរសជនជាច្រើន ទាំងនៅក្នុង និងក្រៅប្រទេសផ្តល់ជំនួយមូលនិធិជួយដល់មន្ទីរពេទ្យនេះ ដោយគ្មានលក្ខខណ្ឌ ក្នុងគោលបំណងចែករំលែកស្នាមញញឹម និងជីវិតរស់នៅប្រកបដោយសុខុមាលភាពល្អប្រសើរ ទោះជាពួកគេមកពីមជ្ឈដ្ឋានណាក៏ដោយ។ ការពឹងផ្អែកទាំងស្រុងទៅលើជំនួយមូលនិធិសប្បុរសធម៌ មន្ទីរពេទ្យកុមារអង្គរ ត្រូវការថវិកាចំនួន ៦,៥លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ ដើម្បីទ្រទ្រង់ដល់ប្រតិបត្តិការរបស់ខ្លួន ដោយថវិកាទាំងអស់នេះគឺត្រូវតែធ្វើឡើងតាមរយៈកម្មវិធី ឬព្រឹត្តិការណ៍កៀរគរមូលនិធិ រួមទាំងសំណើរសុំមូលនិធិទាំងនៅក្នុង និងក្រៅប្រទេស។ ដោយឡែកនៅក្នុង ឆ្នាំ ២០២១នេះ មន្ទីរពេទ្យកុមារអង្គរ ត្រូវការថវិកាចំនួន ៦,៣ លានដុល្លារ និងក្នុងនោះថវិកាជាង ១៥% នៃថវិកាទាំងមូល ត្រូវកៀរគរនៅក្នុងប្រទេស។ អ្វីដែលជាបញ្ហាលំបាករបស់មន្ទីរពេទ្យកុមារអង្គរ កំពុងជួបប្រទះក្នុងពេលបច្ចុប្បន្ននេះ ចាប់តាំងពីមានបញ្ហានៃការរីករាលជំងឺកូវីត ១៩ នៅទូទាំងពិភពលោក ដែលមានប្រទេសកម្ពុជាផងដែរនៅក្នុងឆ្នាំ ២០២០ និងឆ្នាំ ២០២១នេះ គឺមន្ទីរពេទ្យកុមារអង្គរ បាននិងកំពុងជួបប្រទះនូវការលំបាកក្នុងការកៀរគមូលនិធិគួរឲ្យបារម្ភ ព្រោះព្រឹត្តិការណ៍ ឬសកម្មភាពរៃអង្គាសមួយចំនួនធំ មិនអាចប្រព្រឹត្តិទៅបាន ហើយជំនួយមូលនិធិពីក្រុមហ៊ុនអាជីវកម្ម ឬសប្បុរសជនដែលធ្លាប់ផ្តល់ជំនួយសប្បុរសធម៌មកកាន់មន្ទីរពេទ្យ ក៏មានការធ្លាក់ចុះខ្លាំង ដែលធ្វើឲ្យមានការប៉ះពាល់ដល់ដំណើរការប្រតិបត្តិក្នុងការ ផ្តល់សេវាពិនិត្យ ព្យាបាលកុមារមួយចំនួនទៀតផង។
ទោះជាលំបាកយ៉ាងនេះ ក្តីក៏បុគ្គលិក និងថ្នាក់ដឹកនាំរបស់ មន្ទីរពេទ្យកុមារអង្គរ នៅតែខិតខំមិនរួញរា បន្តធ្វើការឆ្ពោះទៅមុខឥតឈប់ឈរ ដោយសារតែក្តីអាណិតអាសូរដល់កុមារតូចៗ ក្រីក្រកាន់តែច្រើនមានជំងឺ មិនអាចរង់ចាំបានឡើយ។ ហេតុនេះហើយ ដើម្បីឆ្លើយតបទៅនឺងបរិបទថ្មីនេះ មន្ទីរពេទ្យកុមារអង្គរ បានសម្រេចចិត្តផ្លាស់ប្តូរយុទ្ធសាស្ត្រមួយចំនួននៅក្នុងការប្រតិបត្តិរបស់ខ្លួនដូចជាការអប់រំបណ្តុះបណ្តាលមន្ត្រីសុខាភិបាល សកម្មភាពរៃអង្គាសថវិកា និងការផ្សព្វផ្សាយ មកជាលក្ខណៈតាមប្រព័ន្ធឌីជីថល ឬអនឡាញ គឺជាវិធីតែមួយគត់ដែលអាចធ្វើបាន។ លោកស្រី ស៊ិនកេត អរុណ ប្រធានការិយាល័យទំនាក់ទំនងសាធារណៈប្រចាំកម្ពុជា នៃមន្ទីរពេទ្យកុមារអង្គរ បានមានប្រសាសន៍ប្រាប់អ្នកកាសែតឲ្យដឹងនារសៀលថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២១នេះថា “ពួកយើងគ្មានជម្រើសទេ ទោះជាលំបាកយ៉ាងណាក៏ដោយ ក៏យើងត្រូវតែបន្តសកម្មភាពព្យាបាលកុមារ បណ្តុះបណ្តាលបុគ្គលិកសុខាភិបាល និង អប់រំសុខភាពដល់ប្រជាពលរដ្ឋ។ ចំពោះថវិកាសន្សំកន្លងមក ក៏ត្រូវបានប្រើប្រាស់ជិតអស់ ហើយថវិកាសន្សំនេះក៏មិនអាចអនុញ្ញាតជួយឲ្យយើងប្រតិបត្តិការបានយូរទៀតដែរ ហេតុនេះពួកយើងត្រូវតែរកគ្រប់វិធីដើម្បីស្នើសុំ ឬអំពាវនាវ ដល់សប្បុរសជន និងសាធារណៈជនទាំងក្នុង និងក្រៅប្រទេស ងាកមើលមកកុមារតូចៗគួរឲ្យអាណិតស្រលាញ់ទាំងអស់ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកុមារអង្គរ និងជួយបរិច្ចាគធនធានថវិកា ម្នាក់តែមួយដុល្លារ ឬច្រើនជាងនេះ ការរួមគ្នាច្រើនពាន់លាននាក់ នោះពួកយើងអាចទទួលបានថវិកាគ្រប់គ្រាន់សម្រាប់បន្តសកម្មភាពជួយសង្គ្រោះជីវិតកុមារទាំងនោះបាន។លោកស្រីបញ្ជាក់ថា ទោះបីជាមន្ទីរពេទ្យកុមារអង្គរ ជួបប្រទះការលំបាកនារដូវកាលកូវីដ.១៩ នៅទូទាំងសកលលោកយ៉ាងណាក៏មិនអាចបោះបង់កុមារក្រក្រី បានឡើយ គឺនៅបន្តទៅមុខជានិច្ច តែអាចនឹងកាតបន្ថយសកម្មភាពខ្លះតែប៉ុណ្ណោះ”។សូមចូលរួមទាំងអស់គ្នា ដោយជួយសែរនូវរាល់ព័ត៌មានដែលបានផ្សាយនៅលើទំព័រហ្វេសប៊ុក ឬបណ្តាញសង្គមផ្សេងទៀតរបស់ មន្ទីរពេទ្យកុមារអង្គរ និងបរិច្ចាគធនធានថវិកាមកកាន់មន្ទីរពេទ្យដោយផ្ទាល់ តាមរយៈគណនីធនាគារមន្ទីរពេទ្យកុមារអង្គរ ឈ្មោះ Angkor Hospital for Children ដូចជា ABA: 000 853 843; Wing: 9122 (ប្រាក់រៀល) 8122 (ប្រាក់ដុល្លារ); ACLEDA: 0100 0105 6968 28; ស្ថាបនា SPN: 078 0808 2834 1001 02 ។ ព័ត៌មានអំពីការបរិច្ចាគ សូមទាក់ទងមកទូរស័ព្ទ012 725 745 / 016 725 735,Email:ahc@angkorhospital.org។ក្នុងនោះដែរលោកស្រីស៊ិនកេត អរុណ បានជូនដំណឹងផងដែរថា បើមិនមានអ្វីប្រែប្រួលនោះទេនៅថ្ងៃទី២៩ខែសីហា ឆ្នាំ២០២១ខាងមុខនេះ មន្ទីរពេទ្យកុមារអង្គរ នឹងធ្វើបុណ្យផ្កាសាមគ្គីមួយកៀរគរកជំនួយពីសប្បុរសជនក្នុងស្រុក និងក្រៅស្រុកដើម្បីយកមកជួយដល់កុមារក្រីក្របន្តទៀត៕ដោយ៖សៀមរាបថែមស៍
កម្រងរូបភាពដោយ៖មន្ទីរពេទ្យកុមារអង្គរ
លោកស្រី ស៊ិនកេត អរុណ