សៀមរាប៖ប្រជាពលរដ្ឋនៅខេត្តសៀមរាប ជាច្រើនគ្រួសារដែលកំពុងប្រកបរបរចិញ្ចឹមសត្វក្រពើ ដើម្បីលក់ពង លក់កូន និងលក់ក្រពើធំ បានត្អូញត្អែ ពីទីផ្សារបានជាប់គាំង មិនអាចលក់ចេញបាន ហើយក្រុមឈ្មួញហ៊ានទិញក្នុងតម្លៃថោកជាងមុន។
ពលរដ្ឋម្នាក់នៅពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប បាននិយាយប្រាប់អ្នកកាសែតទាំងអស់សង្ឃឹមថា រាល់ថ្ងៃលោកមានការពិបាកក្នុងការទិញនុយឲ្យក្រពើស៊ី ព្រោះសម័យកូវីដ អញ្ចឹងមិនដឹងទៅលុយពីណាមកនោះទេ។ពលរដ្ឋដដែលបន្តថា ហាងឆេងកូនក្រពើ ពងក្រពើ និងក្រពើធំ បានធ្លាក់ថ្លៃយ៉ាងគំហុគ ដែលពីមុនគាត់លក់កូនក្រពើបាន១ក្បាលជា១០ដុល្លារ តែបច្ចុប្បន្នបានត្រឹមតែជាង១ដុល្លារតែប៉ុណ្ណោះ រីឯក្រពើធំ ពីមុន១ជិត១០០០ដុល្លារ ឥឡូវបានតម្លៃ៧០ដុល្លារ។ដោយហេតុនេះធ្វើលោកនិងក្រុមគ្រួសារត្រូវនាំគ្នារករបរផ្សេងៗមកបន្ថែមទៀតទើបអាចទប់ទល់បាន។លោកបានសំណូមពរឲ្យក្រសួងពាក់ព័ន្ធមេត្តាជួយធ្វើយ៉ាងណាឲ្យទីផ្សារក្រពើមានតម្លៃវិញខ្លះៗ។ស្រដៀងគ្នានោះដែរលោក សុខ វិជ័យ អ្នកចិញ្ចឹមនិងទទួលទិញក្រពើនៅខេត្តសៀមរាប បានឲ្យដឹងថា ពេលនេះលោកមានបញ្ហាប្រឈមយ៉ាងខ្លាំង ដោយសារតែពីមុនលក់កូនក្រពើមួយបានតម្លៃជាង១០ដុល្លារ ប៉ុន្តែពេលនេះ កូនក្រពើមួយលក់បានតម្លៃតែ១រឺ២ដុល្លារទេ។លោកបញ្ជាក់ថា ប្រសិនបើតម្លៃក្រពើនៅបន្តចុះថោកជាងនេះ គឺរូបលោកនឹងអ្នកចិញ្ចឹមក្រពើជាច្រើននាក់ទៀត អាចប្រឈមមុខទៅនឹងការខាតបង់ដើមទុនយ៉ាងខ្លាំង។លោកបន្ថែមថា ក្នុងមួយខែ ត្រូវចំណាយលុយទិញចំណីឲ្យសត្វក្រពើស៊ីចំនួន៣ដង ដោយក្នុងម្ដងៗចំណាយលុយចំនួន២០០ដុល្លារដែរ។លោកបន្តថា បច្ចុប្បន្នគ្មានឈ្មួញណាមកទិញកូនក្រពើរបស់ពួកគាត់ទេដោយសារតែទីផ្សារលក់សត្វក្រពើនៅតែធ្លាក់ថ្លៃ ព្រមទាំងមិនដំណើរការល្អនោះ គឺអ្នកចិញ្ចឹមក្រពើមិនមានសង្ឃឹមថាមានជីវភាពល្អប្រសើរឡើយ។ក្នុងនោះដែរលោកបានសំណូមពរឲ្យក្រសួងពាក់ព័ន្ធមេត្តាជួយសម្រួលពីច្បាប់នៃការនាំចេញទៅក្រៅប្រទេស ថាតើត្រូវចំណាយប៉ុន្មានឲ្យពិតប្រាកដ ដើម្បីពួកគាត់អាចសុំច្បាប់នាំចេញបាន ព្រោះសព្វថ្ងៃទិផ្សារក្រពើ របស់យើងគឺពឹងផ្អែកលើបរទេសទាំងស្រុង។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប លោក ទា គឹមសុទ្ធ បានមានប្រសាសន៍ឲ្យដឹងថា បច្ចុប្បន្ននេះ ការលក់សត្វក្រពើឲ្យបានថ្លៃនោះ គឺជាការពិបាក ពីព្រោះតែទីផ្សារទិញក្រពើមិនមែននៅក្នុងស្រុកឡើយ គឺទីពឹងទៅលើទីផ្សាររបស់គេ(ប្រទេសចិន)។ លោកបន្តថា សព្វថ្ងៃនេះទីផ្សារលក់សត្វក្រពើ គឺទីពឹងទៅលើឈ្មួញកណ្ដាលមកពីប្រទេសវៀតណាម និងថៃ ដែលគេត្រូវការទិញយកទៅលក់បន្តដែរ។ ដូច្នេះ វាអាចលក់បានថ្លៃ គឺទាល់តែនៅក្នុងប្រទេសទាំងពីរនោះខ្វះក្រពើសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារ ទើបគេមកទិញពីខ្មែរយកទៅ។ ក្រពើយើង គឺជាចំណែកមួយជាមួយគេ ដើម្បីបង្គ្រប់ចំនួននាំចេញ។លោកបន្តថា អាជ្ញាធរខេត្តសៀមរាប និងក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ តែងតែជួយដោះស្រាយទៅលើបញ្ហារកទីផ្សារលក់សត្វក្រពើនេះដែរ។
បច្ចុប្បន្ននេះមានសត្វក្រពើនៅក្នុងខេត្តសៀមរាប មានប្រមាណជាង៩០ម៉ឺនក្បាលដែលពលរដ្ឋកំពុងចិញ្ចឹម ហើយខ្វះទីផ្សារគួរឲ្យព្រួយបារម្ម ខណៈពលរដ្ឋខ្លះគ្មានលទ្ធភាពចិញ្ចឹម ហើយអាចប្រឈមនឹងងាប់បណ្តើរៗ៕ដោយ៖វិមាន