ភ្នំពេញ៖ យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម នេត្រភក្ត្រា បានសរសេររៀបរាប់ថា ខណៈប្រពលរដ្ឋខ្មែរកាន់តែច្រើនឡើងបានធ្វើដំណើរកម្សាន្តក្នុងតំបន់ការពារធម្មជាតិទាំងការកម្សាន្តធម្មតា និងទាំងលក្ខណៈផ្សងព្រេងមន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថាន បានអំពាវនាវដល់ភ្ញៀវទេសចរចូលរួមថែរក្សាអនាម័យបរិស្ថានដោយវេចខ្ចប់ និងទុកដាក់សំណល់រឹងសំរាមឱ្យបានត្រឹមត្រូវ និងជាពិសេសចូលរួមថែរក្សាជីវៈចម្រុះនានាជាពិសេស គួរកុំបេះប្រភេទផ្ការុក្ខជាតិព្រៃដែលកំពុងរងគ្រោះជិតផុតពូជដើម្បីរក្សាពូជ និងសោភ័ណភាពរមណីយដ្ឋានឱ្យបានស្អាតសម្រាប់ការទស្សនាកម្សាន្តរបស់ភ្ញៀវទេសចរដទៃទៀតដែលចូលចិត្តនិងស្រឡាញ់ធម្មជាតិ។ ការអំពាវនាវរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននេះធ្វើឡើងក្រោយពីសង្កេតឃើញថានៅមានភ្ញៀវទេសចរមួយចំនួនតូចមិនទាន់បានគោរពត្រឹមត្រូវនូវវិធានអនាម័យបរិស្ថាន និងពេលខ្លះបានបេះផ្កាមួយចំនួនដូចជាប្រភេទផ្កាបំពង់ក្រឡោមជាដើមដែលជាប្រភេទរុក្ខជាតិដែលកំពុងរងគ្រោះបាត់បង់ពូជដើម្បីថតរូបបង្ហាញពីសេចក្តីស្រឡាញ់របស់ខ្លួន។ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះថ្លែងថាប្រសិនបើស្រឡាញ់និងសរសើរថារុក្ខជាតិទាំងនេះស្អាតគួរថែរក្សាវានៅលើដើមដើម្បីទុកឱ្យភ្ញៀវទេសចរផ្សេងទៀតបានឃើញសម្រស់ដ៏ស្អាតនៃជីវៈចម្រុះទាំងនេះផង។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា យោងតាមការសិក្សារបស់អ្នកជំនាញផ្កាបំពង់ក្រឡោម, បំពង់ស្រមោចឬអ្នកខ្លះហៅថា«ផ្កាបំពង់លុក» ឬ«ផ្កាក្រឡូមពារ» ភាសាបច្ចេកទេសPitcher plants (Nepenthes) គឺជាពួករុក្ខជាតិស៊ីសាច់ដែលគេបានដឹងតិចតួចណាស់នៅកម្ពុជា។ គេហៅវាថាជារុក្ខជាតិស៊ីសាច់ព្រោះវាអាចចាប់សម្លាប់ និងរំលាយសត្វដែលចូលទៅក្នុងទម្រង់ស្លឹកពិសេសរបស់វា។ រុក្ខជាតិនេះមានដុះនៅតាមតំបន់ការពារធម្មជាតិនានានៅកម្ពុជាហើយទីតាំងដែលមានឈ្មោះល្បី គឺដូចជានៅលើឧទ្យានជាតិ ព្រះមុនីវង្ស បូកគោនៅតំបន់ខ្នងផ្សារក្នុងឧទ្យានជាតិ ជួរក្រវ៉ាញកណ្តាល ជាដើម។ ផ្កាបំពង់ក្រឡោមជាប្រភេទរុក្ខជាតិម៉្យាងមានរាងដូចបំពង់ហើយផ្ទុកសារធាតុម្យ៉ាងដែលអាចទាក់ទាញសត្វល្អិតឱ្យធ្លាក់ចូលទៅក្នុងបំពង់របស់វាហើយក៏លង់ទឹកក្នុងបំពង់នោះរហូតដល់ស្លាប់។ នៅពេលសត្វល្អិតងាប់ហើយនោះសរីរាង្គពិសេសរបស់វាក៏ចាប់ផ្ដើមបំបែករំលាយសាកសពសត្វល្អិតទៅជាសារធាតុចិញ្ចឹមធ្វើឱ្យរុក្ខជាតិប្រភេទនេះលូតលាស់បានល្អ។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថានៅលើពិភពលោកផ្កាបំពង់ក្រឡោមនេះមានដល់ទៅ ១២៩ ប្រភេទ ក្នុងនោះមានប្រាំប្រភេទបាន និងកំពុងដុះលូតលាស់នៅប្រទេសកម្ពុជាដែលរួមមាន៖ទី១៖Nepenthes bokorensis ជាប្រភេទដែលមានវត្តមាននៅតំបន់ភ្នំពពកវិលវាលស្រែ៥០០វាលស្រែ១០០នៃឧទ្យានជាតិព្រះមុនីវង្ស«បូកគោ»។ទី២៖Nepenthes holdenii មានដុះនៅតាមតំបន់ភ្នំនៃភាគនិរតីប្រទេសកម្ពុជាដូចជានៅតាមតំបន់ជួរភ្នំក្រវាញជាដើម។ទី៣៖Nepenthes kampotiana Lecomte មានដុះនៅក្នុងខេត្តកំពតដែនជម្រកសត្វព្រៃភ្នំសំកុសនិងនៅតាមតំបន់ជួរភ្នំក្រវាញ។ទី៤៖Nepenthes mirabilis (Loureiro) Druce មានដុះនៅខេត្តកំពតខេត្តកែប និងខេត្តព្រះសីហនុ។ទី៥៖Nepenthes smilesii Hemsley មាននៅដុះខេត្តកំពតនិងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ«គិរីរម្យ» នៃខេត្តកំពង់ស្ពឺ។
បើតាមឯកឧត្តមរដ្ឋលេខាធិការនេត្រភក្ត្រារាល់រុក្ខជាតិបំពង់ក្រឡោមទាំងអស់នេះត្រូវបានដាក់ក្នុងឧបសម្ព័ន្ធទី២(Appendix II) នៃអនុសញ្ញាស្តីពី ពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ និងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះ(CITES) ដោយមិនអនុញ្ញាតឱ្យមានការជួញដូរនោះឡើយ។ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមថែរក្សាជីវៈចម្រុះក្នុងនោះមានផ្កាបំពង់ក្រឡោមជាដើមដើម្បីការពារថែរក្សាពូជឱ្យបាននៅគង់វង្សនិងចូលរួមថែរក្សាសោភ័ណភាពរមណីយដ្ឋានទេសចរណ៍ធម្មជាតិឱ្យនៅស្រស់ស្អាតទាក់ទាញភ្ញៀវទេសចរដទៃទៀតឱ្យមកទស្សនាតំបន់រមណីយដ្ឋានធម្មជាតិឱ្យបានច្រើនបង្កើតការងារជូនសហគមន៍និងផ្តល់ប្រាក់ចំណូលជូនប្រជាពលរដ្ឋ ៕ រូបថតដោយ៖ ឆែមប៊ុនធឿន