ខេត្តសៀមរាប៖ សេចក្តីរាយការណ៍បានឲ្យដឹងថា គ្រាប់បែកដៃសេសសល់ពីសម័យសង្គ្រាមប្រមាណជាង៣០០គ្រាប់ ត្រូវបានប្រទះឃើញនៅកណ្តាលក្រុងសៀមរាប ដោយក្រុមការងារជីកបង្កប់បំពង់លូរខ្សែកាបទូរគមនាគមន៍។
លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុងស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹង នាល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះថា ក្រុមការងារជីកបំពង់លូរខ្សែកាប បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជាប្រភេទគ្រាប់បែកដៃ នៅជាប់របងវិទ្យាល័យ១០ មករា ១៩៧៩ ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ លោកបន្តថា ទីតាំងនោះ ជាសាលារៀននៅសម័យលន់ ណុល ។ លុះដល់សម័យខ្មែរក្រហម ទីតាំងសាលារៀនេះត្រូវបានពួកនោះយកធ្វើជាឃ្លាំងគ្រាប់។ លុះដល់ក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ ទីតាំងខាងលើត្រូវបានយកមកធ្វើជាសាលារៀនវិញ។
យោងតាមសេចក្តីរាយការណ៍របស់លោក សុខ សីហា ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តសៀមរាប បានឲ្យដឹងថា គិតត្រឹមម៉ោង១៦រសៀលនេះ មន្ត្រីនគរបាលមកពីអង្គរភាពគ្រប់គ្រងអាវុធជាតិផ្ទុះ និងមន្ត្រីស៊ីម៉ាក់(CMAC) បានរកឃើញគ្រាប់បែកដៃចំនួន៣២៥គ្រាប់។
បើទោះជាយ៉ាងណា តាមលោក សុខ សីហា ចំនួននេះនៅមិនទាន់អស់នៅឡើយទេ ដែលតាមការប៉ាន់ប្រមាណ អាចមាននៅសេសសលប្រមាណ២០ភាគរយទៀត។ លោកឲ្យដឹងថា ចំពោះទីតាំងខាងលើមន្ត្រីជំនាញ បានសម្រេចហ៊ុំព័ទ្ធទុកសិន ដើម្បីរុករកគ្រាប់ដែលនៅសេសសល់ជាបន្តទៀត៕ដោយ៖ វាយោ