Friday, November 22, 2024
Header Banner

អគ្គនាយក​ស៊ីម៉ាក់៖សូមពលរដ្ឋទាំងអស់ កុំ​មើលស្រាល​ចំពោះ​កាកសំណល់​ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ​ប្រយ័ត្ន​គ្រោះថ្នាក់​ដល់​អាយុជីវិត​

​ភ្នំពេញ ​៖នាពេលថ្មីៗនេះ​ ឯកឧត្តម ហេង​ រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ​សូមកុំ​មើលស្រាល​ និង​មើលងាយ​ចំពោះ​កាកសំណល់​ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ​ដែល​បន្សល់ទុក​ពី​សម័យ​សង្គ្រាម​ឲ្យ​សោះ​ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​យើង​ ក៏ដូចជា​អ្នកដទៃ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​គ្រប់ពេលវេលា​។​ ​ ​ការអំពាវនាវ​នេះ​បានធ្វើ​ឡើង​ បន្ទាប់ពី​មួយរយៈ​ចុងក្រោយ​នេះ​ មាន​ពលរដ្ឋ​មួយចំនួន​បាន​ប៉ះពាល់​និង​យក​កាកសំណល់​ជាតិ​ផ្ទុះ​ទៅ​ដំ​លេង ​ធ្វើ​ឲ្យ​រងរបួស​ និង​បាត់បង់​អាយុជីវិត​ជា​បន្តបន្ទាប់​។​ បើតាមហ្វេ​ក​ប៊ុ​ក​ផ្លូវការ​របស់​ឯកឧត្តម ​ហេង​ រតនា ​បាន​ឲ្យ​ដឹងថា ​«​សូម​ប្រជាពលរដ្ឋ​ទាំង​អស់​ចូលរួម​ការពារ​សុវត្ថិ​ភាពជា​អាយុជីវិត​ខ្លួនឯង​ផង និង​អាយុជីវិត​អ្នកដទៃ​ផង ដោយ​ហាមឃាត់​ដាច់​ខាត​ការ​មើល​ងាយ​ មើលស្រាល ​ចំពោះ​ការផ្ទុះ​បង្ក​គ្រោះថ្នាក់​ដោយសារ​គ្រាប់​គ្រប់​ប្រភេទ​! ត្រូវ​ចៀសវាង​លេង​ប៉ះពាល់​លើកដាក់ វាយដំ​គ្រាប់​គ្រប់​ប្រភេទ​»​។​ ឯកឧត្តម អគ្គនាយក​ បា​នប​ន្ត​ថា ​«​ក្តី​ឈឺចាប់​ និង​ការបាត់បង់​អាយុជីវិត​ប្រជាពលរដ្ឋ​ខ្មែរ ដោយសារ​កាក​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​កម្ពុជា​នៅតែ​បន្ត បើទោះបី​ជាការ​បោសសំអាត ​និង​កម្ទេច​ចោល​គ្រាប់​មីន ​និង​សំណល់​ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ​បាន​ជិត​៤​លាន​គ្រាប់​ក៏ដោយ។ ប៉ុន្តែ​កាកសំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ នៅមាន​ច្រើន​នៅឡើយ »​។​ឯកឧត្តម ​បាន​បន្ថែមថា​ ការ​បន្សល់ទុក​នូវ​កាកសំណល់​ជាតិ​ផ្ទុះ​ទាំងនោះ​ គឺ​ដោយសារ​ការទម្លាក់​គ្រាប់​បែក ការបាញ់​កាំភ្លើង​ធំ ការប្រយុទ្ធ​គ្នា​អាវុធ​ថ្មើរ​ជើង​ធុន​ស្រាល ធុន​ធ្ងន់ គ្រាប់មីន​គ្រប់​ប្រភេទ ដោយ​ការ​ប្រយុទ្ធ​គ្នា​ក្នុង​សង្គ្រាម​នោះ​មាន​រយៈពេល​ជាង​៣០​ឆ្នាំ ប្រើប្រាស់​គ្រាប់​រាប់លាន​តោន មាន​ចំនួន​រាប់​លាន​គ្រាប់ ដែល​នេះ​ជា​សោក​វិនាសកម្ម​ក្រោយ​សង្គ្រាម​។ ​ យោងតាម​របាយការណ៍​របស់​អាជ្ញាធរ​មីន បាន​ឲ្យ​ដឹងថា ​ក្នុង​រយៈពេល​៦​ខែ​ ឆ្នាំ​២០២០​នេះ អត្រា​ជនរងគ្រោះ​ដោយសារ​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​មាន​ចំនួន​៣៦​នាក់​ មានការ​ថយចុះ​៤២% បើ​ប្រៀប​ធៀប​ទៅ​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១៩ ដែល​មាន​ជនរងគ្រោះ​ដោយសារ​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​រហូតដល់​ទៅ​៦២​នាក់​។​ ​ក្នុងចំណោម​អ្នករងគ្រោះ​ចំនួន​៣៦​នាក់​នោះ​ នៅក្នុង​ស្រុក​សំឡូត ខេត្ត​បាត់ដំបង ​មាន​ជនរងគ្រោះ​ដោយសារ​គ្រាប់មីន ​និង​គ្រាប់​មិនទាន់​ផ្ទុះ​ខ្ពស់​ជាងគេ​នៅ​ទូទាំងប្រទេស​ ពោល​គឺមាន​រហូតដល់​ចំនួន​១១​នាក់ ស្មើនឹង​៣១%​។​ ​ គួរ​បញ្ជាក់ថា​ យោងតាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ឆ្នាំ​២០១៨-២០២៥ ​បាន​ឲ្យ​ដឹងថា​នៅ​កម្ពុ​ជា មាន​ផ្ទៃដី​សង្ស័យ​មាន​ផលប៉ះពាល់​ដោយសារ​មីន គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ប្រមាណ​ជាង ១៩៧០​គីឡូម៉ែត្រ​ការ៉េ។ ក្នុងនោះ​ ប្រមាណ​៨៧៧​គីឡូម៉ែត្រ​ការ៉េ ជា​ដី​មាន​ផល​ប៉ះពាល់​ខ្ពស់​ដោយសារ​មីន ៤៩៩​គីឡូម៉ែត្រ​ការ៉េ ជា​ដី​ប៉ះពាល់​ដោយ​គ្រាប់បែក​ចង្កោម និង ៣៣៣​គីឡូម៉ែត្រ​ការ៉េ ជា​ដី​មាន​ផលប៉ះពាល់​ដោយសារ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។​ ផ្ទៃដី​មាន​គ្រាប់​មីន ​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជិត​២​ពាន់​គីឡូ​ម៉ែត្រការ៉េ​នេះ ​កម្ពុជា ​ត្រូវការ​ថវិកា​ប្រមាណ ៤០៦​លាន​ដុល្លារ សម្រាប់​បោសសំអាត​រយៈ​ពេល​ពី ​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២៥​ខាងមុខ​៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម