Sunday, November 24, 2024
Header Banner

ឯកឧត្តម វេង សាខុន៖ ករណី​រឿង​គ្រប់គ្រង​ព្រៃឈើ និង​ករណី​ជលផល​ មិន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន​ឡើយ

ភ្នំពេញ៖ ថ្មីៗនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាន​ធ្វើការ​បកស្រាយ​ថា ករណី​រឿង​គ្រប់គ្រង​ព្រៃឈើនិង​ករណី​ជលផល​មិន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន​ឡើយ​តាម​លិខិត​បទដ្ឋាន​គតិយុត្តិ​ដែល​មាន​ចែង។

មូលហេតុនៃការ​បកស្រាយ​បែបនេះបានធ្វើឡើង បន្ទាប់​ពី​លោករដ្ឋមន្ត្រីបាន​អះអាង​ថា មួយរយៈពេលកន្លងមកនេះក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទបានពិនិត្យឃើញថា មានសារព័ត៌មាននិងសាធារណជនមួយចំនួនបានចុះផ្សាយអត្ថបទនិងធ្វើការបកស្រាយដាក់បន្ទុកមកលើក្រសួងលើការគ្រប់គ្រងធនធានធម្មជាតិ ជាពិសេស ការបង្ក្រាបបទល្មើសព្រៃឈើ និងជលផលដោយមិនបានតាមដាន និងសិក្សាឲ្យបានច្បាស់លាស់ពីដំណើរការធ្វើកំណែទម្រង់របស់ប្រមុខរាជរដ្ឋាភិបាល បានធ្វើឱ្យសាធារណជន មានការយល់ច្រឡំមកលើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងនាមក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្រ្តីសូមជម្រាបជូនសាធារណជន ជាពិសេស សារព័ត៌មានឲ្យបានជ្រាបថា យោងតាម ៖ ១. អនុក្រឹត្យលេខ ១៥៦ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ, ២. សារាចរណែនាំ របស់រាជរដ្ឋាភិបាលលេខ ០៥ សជណ ស្តីពីវិធានការចាំបាច់នានាក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ធ្វើនៅថ្ងៃទី២២​ ខែកញ្ញា ឆ្នាំ២០១៦ បានសម្រចប្រគល់សមត្ថកិច្ចដល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីចាត់វិធានការឱ្យបានម៉ឺងម៉ាត់ និងហ្មត់ចត់។ ឯកឧត្តមថា គ្រប់គ្រងរាល់សិប្បកម្មកែច្នៃ និងអាជីវកម្មធនធានព្រៃឈើ និងជលផលដែលមានច្បាប់ អនុញ្ញាត ព្រមទាំងទប់ស្កាត់ និងលុបបំបាត់សិប្បកម្មកែច្នៃ និងអាជីវកម្មធនធានព្រៃឈើ និង ជលផលដែលគ្មានច្បាប់អនុញ្ញាត។ ត្រួតពិនិត្យ និងចាត់វិធានការលុបបំបាត់ការដឹកជញ្ជូន និងការស្ដុកឈើគ្រប់ប្រភេទដែលគ្មានការអនុញ្ញាតត្រឹមត្រូវតាមច្បាប់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ចាត់វិធានការទប់ស្កាត់ និងលុបបំបាត់ការនាំចេញឈើ និងផលិតផលកែច្នៃពីឈើគ្រប់ប្រភេទ ព្រមទាំងសត្វព្រៃដែលគ្មានការអនុញ្ញាតត្រឹមត្រូវតាមច្បាប់ ទៅក្រៅប្រទេសតាមច្រកព្រំដែន និង តាមច្រករបៀង។ ដឹកនាំ សម្របសម្រួលអធិការ ខណ្ឌ ផ្នែក សង្កាត់រដ្ឋបាលព្រៃឈើ អធិការ ខណ្ឌ ផ្នែក សង្កាត់ រដ្ឋបាលជលផល មន្ទីរបរិស្ថាន និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងឡាយ ដើម្បីធានាបាននូវ ការប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយចាំបាច់នានាក្នុងការថែរក្សា និងការពារធនធានធម្មជាតិ ព្រមទាំងទប់ស្កាត់ និងបង្ក្រាបសកម្មភាពបទល្មើសនៅក្នុងតំបន់ការពារ និងអភិរក្សធម្មជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ធ្វើរបាយការណ៍បូកសរុបប្រចាំត្រីមាស ឬធ្វើរបាយការណ៍ក្នុងករណីចាំបាច់ អំពីស្ថានភាព ការគ្រប់គ្រងតំបន់ការពារ និងអភិរក្សធម្មជាតិនានាដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជូនក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយត្រូវចម្លងជូនក្រសួង មហាផ្ទៃ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្រូវធ្វើការបូកសរុបរបាយការណ៍ទាំងនេះ ដើម្បីរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា តាមរយៈការដាក់ឲ្យអនុវត្តន៍អនុក្រឹត្យ និងសរាចរណែនាំខាងលើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាននិងកំពុងខិតខំអនុវត្តឲ្យបានពេញលេញ នូវអ្វីដែលជាភារកិច្ចរបស់ខ្លួនដែលប្រមុខរាជរដ្ឋាភិបាលបានប្រគល់ជូន ហើយមានក្តីសង្ឃឹមថា សាធារណជន ជាពិសេស សារព័ត៌មានបានយល់ពីអ្វីជាការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការបន្តធ្វើកំណែទម្រង់យ៉ាងមុតស្រួចកន្លងមក៕ ដោយ៖ធានី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម