សៀមរាប៖លោកវរសេនីយ៍ទោនួន សក្ដិចំរើនបានដឹកនាំកម្លាំងផ្នែកព្រហ្មទណ្ឌទៅសហការជាមួយផែននគរព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិសាត់ចាប់ជនសស្ស័យវាយសម្លាប់បងថ្លៃរបស់ខ្លួននៅក្នុងក្រុងសៀមរាប កាលពីឆ្នាំ២០១៩កន្លងទៅ ហើយបានគេចទៅលាក់ខ្លួនសម្ងំ នៅឯ ខេត្តពោធិ៍សាត់ តែចាប់ខ្លួនហើយនៅថ្ងៃទី១៧ខែសីហាឆ្នាំ២០២០ នៅក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
នគរបាលក្រុងសៀមរាប បានឲ្យដឹងថា ដំណើររឿង កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ មានប្រជាពលរដ្ឋឈ្មោះសុគុណ វីឡា ភេទស្រី អាយុ៣៩ឆ្នាំរស់នៅភូមិតាគង់ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប បានមករាយការណ៍ដល់សមត្ថកិច្ចយើងថា ខ្លួនបានបាត់ប្តីឈ្មោះញ៉ាង វណ្ណនី ភេទប្រុស អាយុ៤៣ឆ្នាំ ចាប់តាំងពីកំឡុងខែឧសភា ឆ្នាំ២០១៩មកម្លេះ ដោយមិនដឹងជាទៅទីណានោះទេ ក្រោយពីទទួលសេចក្តីរាយការណ៍កម្លាំងចំណុះ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ក៏បានជួយស្រាវជ្រាវ និងប្រកាសស្វែងរក ។ លុះដល់នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៥:០០នាទីក៏មានសេចក្តីរាយការណ៍ពីលោកនាយប៉ុស្តិ៍សង្កាត់សំបួរថា នៅភូមិតាគង់ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប មានពំនូកដីមួយ មានធុំក្លិនស្អុយចេញពីពំនូកដីនៅរោងផ្ទះបាយ ខាងក្រោយផ្ទះឈ្មោះ ញ៉ាង់ វណ្ណនី ក្រោយពីទទួលសេចក្តីរាយការណ៍ លោកវរសេនីយ៍ទោនួន ស័ក្តិចំរើនរិទ្ធ អធិការរងទទួលបន្ទុកផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានដឹកនាំកម្លាំង ចុះដល់កន្លែងកើតហេតុ នឹងបានជីកគាស់កន្លែងមានក្លិនស្អុយឡើង ទើបដឹងថាជាសាកសពរបស់មនុស្ស ។ ក្រោយពេលធ្វើកោសល្យវិច្ជ័យ ទើបសមត្ថកិច្ចយើងដឹងថា កន្លែងដែលមានក្លិនស្អុយកប់ក្នុងដីនោះ ជាសាកសពមនុស្សស្លាប់ ដោយអំពើឃាតកម្ម ដែល ជនរងគ្រោះឈ្មោះញ៉ាង វណ្ណនី ភេទប្រុស អាយុ៤៣ឆ្នាំ ជាប្តីរបស់ឈ្មោះសុគុណ វីឡា ដែលបានបាត់ខ្លួនក្នុងកំឡុងខែឧសភា ឆ្នាំ២០១៩ កន្លងទៅ ។បន្ទាប់ពីពិនិត្យសពរួចរាល់ហើយ យើងបានធ្វើការប្រគល់សព ជូនគ្រួសារជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី និងបានបើកការស្រាវជ្រាវ នឹងបំភ្លឺសាក្សីនៅជុំវិញកន្លែងកើតហេតុ។ បន្ទាប់ពីបានធ្វើការស្រាវជ្រាវ នឹងបំភ្លឺសាក្សីនៅជុំវិញកន្លែងកើតហេតុ កម្លាំងនគរបាលផ្នែកយុត្តិធម៍ក្រុងសៀមរាប បានធ្វើការកំណត់មុខសញ្ញា ជនសង្ស័យដែលប្រព្រឹត្តអំពើដ៏ព្រៃផ្សៃនេះបាន គឺមានឈ្មោះសុគុណ ច័ន្ទតារា ភេទប្រុស អាយុ៣២ឆ្នាំ ដែលត្រូវជាប្អូនបង្កើតរបស់ឈ្មោះសុគុណ វីឡា នឹងត្រូវជាប្អូនថ្លៃជនរងគ្រោះ ដែលបានគេចខ្លួនមុនពេលសមត្ថកិច្ចយើងចុះទៅដល់កន្លែងកើតហេតុ។ បន្ទាប់មកកម្លាំងនគរបាលផ្នែកយុត្តិធម៌ក្រុងសៀមរាប បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ រហូតដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។ក្នុងនោះ លោក ជូ លឹមហ៊ាង ជាចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប បានចេញដីកាលេខ៤៨៣ន.ខ.ស/ឈ បង្គាប់ឲ្យនាំខ្លួន ជនសង្ស័យមកផ្តន្ទាទោសតាមផ្លូវច្បាប់។ ដោយមានការយកចិត្តទុកដាក់ខ្ពស់ ពី សំណាក់ លោកស្នងការ និងលោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េតស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប ក៏ដូចជាលោកវរសេនីយ៍ឯក ណុបសារ៉ាក់ អធិការនគរបាលក្រុងសៀមរាប នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពីបានធ្វើការកំណត់ទីតាំងរបស់ជនសង្ស័យខាងលើសំងំលាក់ខ្លួនហើយនោះ លោកវរសេនីយ៍ទោ នួន ស័ក្តិចំរើន រិទ្ធ បានដឹកនាំកម្លាំងផ្នែកនគរបាលយុត្តិធម៍ សហការណ៍ ជាមួយកម្លាំងព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ នៅក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នឹងយកមកស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីធ្វើការសួរនាំ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយសម្លាប់ជនរងគ្រោះឈ្មោះញ៉ាង វណ្ណនី នឹងចបកាប់ ចំលលាដ៍ក្បាល ចំនួន០២ដង នឹងវាយត្រូវដៃបណ្តាលឲ្យបាក់ចំនួន០១ដង រួចអូសយកសពទៅកប់នៅផ្ទះខាងក្រោយផ្ទះពិតមែន។ មូលហេតុ មានទំនាស់ពេលផឹកស៉ី បណ្តាលឲ្យក្លាយជាគំនុំ រហូតឈាន ដល់ ហ៊ានវាយសម្លាប់ជនរងគ្រោះ ។ ជនសង្ស័យត្រូវបាននគរបាលក្រុងសៀមរាប នាំខ្លួនមក ក្រុងសៀមរាបវិញ នៅថ្ងៃទី១៧ខែសីហាឆ្នាំ២០២០នេះ ហើយនាំទៅកន្លែងកើតហេតុ និងបានធ្វើការហូតវត្ថុតាង បានមួយចំនួន រួចបញ្ជូនទៅតុលាការនៅថ្ងៃខែឆ្នាំដដែលនេះ និងត្រូវបានតុលាការសំរេចឃុំខ្លួនតាមដីកាលេខ១០៦៦/២០២០ហើយផងដែរ៕