ភ្នំពេញ៖បើតាមរបាយការណ៍របស់អាជ្ញាធរបានដឹងថា សត្វខ្លាពពកមួយក្បាលដែលជាប់អន្ទាក់ក្នុងខេត្តកំពត បានងាប់ដោយសាររបួស ។ កាលពីសប្តាហ៍មុន ខ្លាពពកនេះត្រូវបានដោះចេញពីអន្ទាក់ នៅក្នុងស្រុកទឹកឈូ ហើយក្រោយមកបានទៅដល់ដៃប៉ូលិសមូលដ្ឋាន ។
ពុំដឹងជាសត្វខ្លាពពកនេះត្រូវបានជាប់អន្ទាក់ប៉ុន្មានថ្ងៃនោះឡើយ ។ បន្ទាប់មក អ្នកចាប់បានចងជើង ក្បាលនិងថ្គាមរបស់វាអស់រយៈពេលពីរថ្ងៃ មុនពេលប៉ូលិសមូលដ្ឋានបានទទួលដំណឹងអំពីសត្វនេះ និងចុះអន្តរាគមន៍ ។ មកដល់ពេលនោះ ខ្លាពពកទំនងជាមិនបានស៊ីអាហារ ឬផឹកទឹក អស់រយៈពេលមួយសប្តាហ៍ ឬយូរជាងនេះផង ។ នៅថ្ងៃទី ១៦ ខែកក្កដា អង្គការសម្ព័ន្ធមិត្តសត្វព្រៃទទួលបានដំណឹងអំពីខ្លាពពកនេះ ហើយក៏បានចុះទៅជួយ។
លោក និក ម៉ាក នាយកកម្មវិធីសង្គ្រោះនិងថែទាំសត្វព្រៃ នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានបរិយាយអំពីស្ថានភាពមិនល្អរបស់សត្វខ្លាពពកនេះ ដែលជាសត្វឈ្មោល នៅក្មេងនៅឡើយ ។ លោកបានមានប្រសាសន៍ថា “សត្វខ្លាពពកនេះខ្សោយខ្លាំង ហើយផ្អើលខ្លាំង” ។ សត្វនេះខ្សោយ មានរបួស និងខ្សោះជាតិទឹក ដោយសារមិនបានទទួលចំណីអាហារ និងទឹកអស់រយៈពេលយ៉ាងយូរ។
ខ្លាពពកមួយក្បាលនេះ ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដែលនៅទីនោះ ខ្លាពពកនេះបានទទួលការថែទាំពីគ្រូពេទ្យជំនាញផ្នែកបសុព្យាបាល ។ ការព្យាបាលទទួលបានជោគជ័យ តែគួរអនិច្ចា សត្វខ្លាពពកបានបាត់បង់ជីវិត ពីរថ្ងៃក្រោយមក។
លោក និក ម៉ាក បានមានប្រសាសន៍ថា “រាល់សត្វដែលជាប់អន្ទាក់ ត្រូវការការព្យាបាលបន្ទាន់”។ ខណៈពេលដែលមានការខិតខំប្រឹងប្រែងដើម្បីជួយសង្គ្រោះខ្លាពពកនេះឲ្យបន្តរស់រានមានជីវិត ស្ថានភាពខ្សោយរបស់សត្វនេះបានបង្ហាញឲ្យដឹងថា ការសង្គ្រោះគឺមិនអាចទៅរួចឡើយ ។
ការស្លាប់របស់ខ្លាពពកនេះ គឺជាការបាត់បង់ប្រភេទសត្វដែលកំពុងមានចំនួនធ្លាក់ចុះនៅទូទាំងសកល ។ ខ្លាពពកគឺជាប្រភេទសត្វឆ្មាព្រៃដ៏កម្រមួយ ដែលត្រូវបានគេរកឃើញនៅទូទាំងទ្វីបអាស៊ី រាប់ចាប់តាំងពីប្រទេសនេប៉ាល់រហូតដល់ប្រទេសម៉ាឡេស៊ី។ យោងតាមការប៉ាន់ប្រមាណពីសហភាពអន្តរជាតិនៃការអភិរក្សធម្មជាតិ (International Union of the Conservation of Nature) ស្ទើរតែមួយភាគបីនៃខ្លាពពក ត្រូវបានបាត់បង់ទូទាំងសកលលោក ចាប់ពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០១៤ ។ តួលេខធ្លាក់ចុះនៃចំនួនសត្វនេះ ភាគច្រើនគឺបណ្តាលមកពីការបរបាញ់។
នៅប្រទេសកម្ពុជា មានសត្វខ្លាពពកតិចតួចណាស់ដែលនៅបន្តមានជីវិត។ យោងតាមច្បាប់កម្ពុជា សត្វនេះជាប្រភេទសត្វកំពុងរងគ្រោះ ហើយការបរបាញ់ប្រភេទសត្វនេះគឺខុសច្បាប់។
ការស្លាប់របស់ខ្លាពពកមួយក្បាលនេះ ក៏ជាការក្រើនរំលឹកមួយផងដែរអំពីការគំរាមកំហែងនៃអន្ទាក់។ នៅក្នុងវីដេអូនាពេលថ្មីៗនេះ លោក ម៉ាក បានបរិយាយអំពីការស្លាប់របស់សត្វនេះថា “គឺដោយសារតែអន្ទាក់ដែលត្រូវបានដាក់ពង្រាយពាសពេញព្រៃក្នុងប្រទេសកម្ពុជា” ។
មិនមែនតែខ្លាពពកមួយប្រភេទទេដែលប្រឈមនឹងផលវិបាកដ៏អាក្រក់នៃអន្ទាក់ ។ កាលពីខែមុន អ្នកឡើងភ្នំបានរាយការណ៍អំពីសត្វខ្ទីងមួយក្បាលដែលរងរបួសនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ មកកាន់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ។ សត្វខ្ទីងនោះបានបាត់បង់ផ្នែកមួយនៃជើងម្ខាងដោយសារអន្ទាក់ ហើយក៏បានស្លាប់ប៉ុន្មានសប្តាហ៍ក្រោយមក ដោយបានដេកដួលទៅលើដី គ្មានកម្លាំងកំហែង នៅលើភ្នំ។ គឺដូចគ្នានឹងខ្លាពពកនេះដែរ មិនថាការខិតខំប្រឹងប្រែងជួយខ្លាំងយ៉ាងណាក៏ដោយ ក៏ជាការហួសពេលទៅហើយ ក្នុងការជួយសង្គ្រោះសត្វខ្ទីងនោះ ។
ការស្លាប់ទាំងនេះមិនមែនជារឿងចម្លែកទេ។ លោក ម៉ាក បានមានប្រសាសន៍ថា “សត្វដែលជាប់ក្នុងអន្ទាក់ភាគច្រើនស្លាប់ដោយសារការរងរបួស”។ លោកបានបន្ថែមទៀតថា “សត្វទាំងនោះស្លាប់ដោយយឺតៗ និងឈឺចាប់បំផុត ដោយសារការជាប់ក្នុងអន្ទាក់ ឬដោយសារភាពពឺតផ្សារដោយមុខរបួស” ។
លោក ម៉ាក បានមានប្រសាសន៍ថា “អន្ទាក់គឺជាការគំរាមកំហែងដល់សត្វព្រៃទាំងអស់ ពីព្រោះអន្ទាក់អាចសម្លាប់សត្វទាំងនោះដោយមិនរើសមុខ រួមទាំងប្រភេទសត្វដែលកំពុងរងការគំរាមកំហែងផងដែរ”។ នៅប្រទេសកម្ពុជា អន្ទាក់ចាប់យកសត្វជាច្រើនរួមទាំងប្រភេទសត្វដែលទទួលរងការគំរាមកំហែងដូចជាខ្លាពពកនេះជាដើម ។
គឺជាការហួសពេលទៅហើយសម្រាប់សត្វមួយចំនួននៅកម្ពុជា ។ អន្ទាក់គឺជាមូលហេតុចម្បងនៃការបាត់បង់សត្វព្រៃជាច្រើន រួមទាំងសត្វខ្លាធំផងដែរ ។ នៅក្នុងព្រៃ នៃប្រទេសកម្ពុជាសព្វថ្ងៃ ខ្លាពពកត្រូវបានគេគិតថាជាសត្វឆ្មាព្រៃដែលនៅសេសសល់ច្រើនជាងគេ ។ ប៉ុន្តែសត្វទាំងនោះអាចជាប្រភេទសត្វបន្ទាប់ដែលនឹងត្រូវបាត់បង់។ លោក ម៉ាក បានមានប្រសាសន៍ថា ប្រសិនបើកម្រិតនៃការដាក់អន្ទាក់នាពេលបច្ចុប្បន្ននៅតែបន្តកើតមាន គឺជាឱកាសដ៏តិចតួចណាស់សម្រាប់សត្វព្រៃបន្តនៅសេសសល់” ។
ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងដល់សត្វព្រៃ អង្គការក្រៅរដ្ឋាភិបាលដែលមានបន្ទុកក្នុងការអភិរក្ស ធ្វើការជាមួយក្រសួងបរិស្ថានដើម្បីល្បាតព្រៃនិងដោះយកអន្ទាក់ចេញពីព្រៃ។ ឧទាហរណ៍ដូចជា អង្គការសម្ព័ន្ធមិត្តសត្វព្រៃគាំទ្រដល់មន្ត្រីឧទ្យានុរក្សតំបន់ជួរភ្នំក្រវាញ ដែលការពារតំបន់ជួរភ្នំក្រវាញ។ កាលពីឆ្នាំមុន មន្ត្រីឧទ្យានុរក្សក្នុងតំបន់ការពារធម្មជាតិចំនួន ៧ នៃតំបន់ជួរភ្នំក្រវាញ បានដោះអន្ទាក់បានចំនួន ២៥.៨៨៦ អន្ទាក់។
ការងារអភិរក្សដ៏សំខាន់នេះ ត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា ។ ក្នុងឆ្នាំ ២០១៤ លោក និក ម៉ាក ទទួលបានគ្រឿងឥស្សរិយយសថ្នាក់សហមេត្រី សម្រាប់ការជួយសង្គ្រោះសត្វព្រៃនៅកម្ពុជា។ លោកម៉ាកបានមានប្រសាសន៍ថា “ខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានទទួលមេដាយនេះ ហេតុនេះហើយទើបខ្ញុំមានអារម្មណ៍ថាវាជាកាតព្វកិច្ចរបស់ខ្ញុំ ដែលត្រូវជូនដំណឹងដល់រដ្ឋាភិបាល និងប្រជាជនកម្ពុជាអំពីមហន្តរាយនៃអន្ទាក់” ។
សម្រាប់លោកម៉ាក ហានិភ័យនៃអន្ទាក់គឺច្បាស់ប្រាកដ ហើយត្រួវចាត់វិធានការជាបន្ទាន់មុននឹងហួសពេល ។ លោកបានលើកឡើងថា “ប្រសិនបើពុំមានការអនុវត្តច្បាប់តឹងរឹង និងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ ដើម្បីឲ្យមានការបញ្ឈប់វិធីសាស្រ្តក្នុងការបរបាញ់ទេ នោះព្រៃកម្ពុជានឹងគ្មានសត្វព្រៃនៅសេសសល់បន្តទៀតឡើយ” ៕ដោយ៖វាយោ