Monday, July 7, 2025
Header Banner

អ្នកភូមិតានី ប្រមាណជា៥០នាក់លើកគ្នាមកសាលាខេត្តដើម្បីរកភាពយុត្តិធម៌ ខណៈទំនាស់ដីធ្លីជាង១០ឆ្នាំនៅមិនទាន់ដោះស្រាយរួច

សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២១នេះ ពលរដ្ឋនៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ប្រមាណជា៥០ នាក់បានលើកគ្នាមកតវ៉ានៅសាលាខេត្ត ករណីទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃរវាងពលរដ្ឋនិងអាជ្ញាធរជាតិអប្សរា ដែលមានរយៈពេលជាង១០ឆ្នាំមកហើយដោះស្រាយមិនទាន់រួច។

     តំណាងពលរដ្ឋលោក ហ៊ន់ រ៉ាវុធ បានឲ្យដឹងថា ពួកគាត់ជាប្រជាពលរដ្ឋចំនួន២៣គ្រួសាររស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានមានទំនាស់ជាច្រើនឆ្នាំមកហើយជាមួយអាជ្ញាធរជាតិអប្សរា។លោកបន្តថា បន្ទាប់ពីរដ្ឋបាលខេត្តសៀមរាប បានជូនដំណឹងមកពលរដ្ឋឲ្យកំណត់ការចាប់ឆ្នោតរើសដីឡូតិ៍ដែលរៀបចំដោយរដ្ឋបាលខេត្តនិងអាជ្ញាធរអប្សរា ពួកគាត់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែលបានយកចិត្តទុកដាក់ក្នុងការដោះស្រាយ។តែបញ្ហានេះពួកគាត់ជាពលរដ្ឋពុំសុខចិត្តនិងសេចក្តីជូនដំណឹងនេះទេព្រោះការដាក់កំណត់នេះវាហាក់ដូចជាដាក់គំនាបនិងបង្ខិតបង្ខំមកលើពួកគាត់ជាពលរដ្ឋ។តំណាងពលរដ្ឋបានបន្តថា សូមឯកឧត្តមអភិបាលខេត្តមេត្តាជួយពិនិត្យដោយសេចក្តីជូនដំណឹងនេះ ដោយសណ្ដោះប្រណី។ពួកគាត់មិនសុខចិត្តព្រោះដីដែលពួកគាត់ប្ដឹងទាមទារនេះគឺជាកម្មសិទ្ធិស្របច្បាប់ទាំងអស់គ្នាដែលមិនមែនជាដីរបស់អាជ្ញាធរជាតិអប្សរានោះទេ។លោកបន្តថា កន្លងមកអាជ្ញាធរអប្សរាបានទិញពីពលរដ្ឋមួយចំនួន ដែលវាជាសកម្មភាពទិញលក់ធម្មតា ហើយដីដែលបានទិញនោះអាចនឹងក្លាយជាកម្មសិទ្ធិឯកជនឬផលប្រយោជន៍ផ្សេងៗរបស់អាជ្ញាធរអប្សរា។ការទិញលក់នោះបញ្ជាក់ឲ្យឃើញច្បាស់ថាដីទាំងនោះជាកម្មសិទ្ធិរបស់ពលរដ្ឋនិងពិតប្រាកដ។លោកបន្ថែមថា ពួកគាត់ពុំបានលក់ដីដែលកំពុងមានទំនាស់ទៅអាជ្ញាធរអប្សរានោះទេ។លោកបានសំណូមទៅឯកឧត្តមអភិបាលខេត្ត មេត្តាកុំមានការយល់ច្រឡំថានេះជាដីសាធារណៈរបស់រដ្ឋដែលស្ថិតនៅតំបន់អភិរក្សរបស់អាជ្ញាធរអប្សរាព្រោះដីនោះជាដីរបស់ពួកគាត់កាន់កាប់ប្រើប្រាស់អាស្រ័យផលតាំងពីដូនតាមកម្ល៉េះ។តាមច្បាប់ភូមិបាលគឺពួកខ្ញុំមានសិទ្ធិគ្រប់គ្រាន់ក្នុងការក្លាយជាកម្មសិទ្ធិករនៃដី មិនតែប៉ុណ្ណោះពួកខ្ញុំក៏មានសិទ្ធិបញ្ជាក់ការកាន់កាប់ដីធ្លីដែលមានការទទួលស្គាល់ពីអាជ្ញាធរភូមិឃុំផងដែរ។លោកបន្តថាពួកគាត់មិនមែនជាពលរដ្ឋអាណាធិបតេយ្យចូលមករុករានកាន់កាប់ដីសាធារណៈរបស់រដ្ឋដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរានោះទេ។ដូចនេះបើគិតពីប្រភេទនៃទំនាស់គឺជាទំនាស់ដីធ្លីលើកម្មសិទ្ធិនិងសិទ្ធិភោគៈ ដែលអាជ្ញាធរអប្សរាគួរតែបង្ហាញភស្តុតាងដែលខ្លួនបានកាន់កាប់ដីនេះដើម្បីជាមូលដ្ឋានក្នុងការដោះស្រាយតាមនីតិវិធីច្បាប់ជាធរមាន។លោកបន្ថែមតៀតថា ពួកគាត់ជាម្ចាស់ភោគៈពិតប្រាកដដោយមានការទទួលស្គាល់ដឹងឮពីអាជ្ញាធរមូលដ្ឋានក៏ដែរ ហើយសូមសូមឲ្យរដ្ឋបាលខេត្តជួយដោះស្រាយដល់ពួកគាត់ទៅតាមផ្លូវច្បាប់និងមានភាពយុត្តិធម៌ ផង។លោកបញ្ជាក់ទៀតថា បើដោះស្រាយមិនយុត្តិធម៌ គឺពួកគាត់មិនទៅណានោះទេគឺពួកគាត់សុខចិត្តស្លាប់នៅលើដីនេះហើយ។

   ពាក់ព័ន្ធនឹងករណីនេះដែរលោក សួស ណារិន មន្រ្តីសិទ្ធិមនុស្ស និងឃ្លាំមើលដីធ្លី អង្គការអាដហុក ប្រចាំខេត្តសៀមរាប បានឲ្យដឹងថា ករណីនេះបាន បានស្នើឲ្យអាជ្ញាធរ ដោះស្រាយបញ្ហានេះជូនពលរដ្ឋឲ្យបានសមរម្យនិងយុត្តិធម៌ ព្រមទាំងដោយស្មារតីយោគយល់ ជាជាងការប្រើហិង្សាលើប្រជាពលរដ្ឋនៅពេលដែលពួកគាត់ត្រលប់ទៅវិញ។លោកបន្តថា សំណូមពររបស់អង្គការក្រៅរាជរដ្ឋាភិបាល គឺយើងមិនចង់ឃើញមានការប្រើអំពើហិង្សាណាមួយមកពលរដ្ឋនោះទេ។

    ចំណែកលោក សុខ ថុល នាយករដ្ឋបាលខេត្តសៀមរាប បានប្រាប់អ្នកសារព័ត៌មានថា ករណីនេះកើតឡើងយូរហើយ មានការរៀបចំអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ហើយគណៈកម្មការអន្តរក្រសួង ក៏បានដោះស្រាយគោលនយោបាយរួចហើយដែរ តែក្រោយមកក៏លេចចេញពលរដ្ឋប៉ុន្មានគ្រួសារទៀតចេញតវ៉ា។ លោក បន្ថែមថាយើងចង់បញ្ចប់រឿងនេះជាមួយអាជ្ញាធរអប្សរាទៅ ចែកដីឲ្យគាត់ថា២០គុណ និង៣០ម៉ែត្រ ដូចអ្នកមាត់ស្ទឹងដែរទៅដើម្បីបញ្ចប់រឿងហ្នឹង តែពលរដ្ឋ អត់ព្រម។

  ពលរដ្ឋរងទុក្ខជាង១០ឆ្នាំមកហើយ កំពុងរង់ចាំដំណោះស្រាយដោយភាពយុត្តិធម៌ ពីសំណាក់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ៕ដោយ៖ភក្តី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម