សៀមរាប៖បន្ទាប់ពីមន្ត្រីរដ្ឋាបាលព្រៃឈើខេត្តសៀមរាប បានឃាត់រថយន្តដឹកទំនិញរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ដោយរកឃើញសត្វតុកកែជិត១០០០ក្បាល ហើយរឹបអូសយកទៅរក្សាទុកនៅស្នាក់ការរដ្ឋបាលព្រៃឈើកាលពីថ្ងៃទី១៧ខែសីហា ម្សិលមិញនេះ ក៏ត្រូវបានម្ចាស់ក្រុមហ៊ុនវីរៈប៊ុនថាំ បង្ហោះហ្វេសបុក ចោទជាសំណួរចំនួន៥ទៅសមត្ថកិច្ច។ចំណែកលោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានផ្ទុះប្រតិកម្មទៅនឹងក្រុមហ៊ុន វីរៈប៊ុនថាំ ថាមន្ត្រីរបស់លោកទារលុយចំនួន៣ម៉ឺនដុល្លារជាថ្នូរនឹងការដោះលែងឡានដឹកសត្វតុកកែ។
លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស បានប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី១៨ ខែសីហានេះថា ជាគោលការណ៍ ក្រុមហ៊ុនពុំមានសិទ្ធ បើកមើលឥវ៉ាន់បញ្ញើររបស់ភ្ញៀវនោះទេ លុះណាតែមានការសង្ស័យ ឬមានការស្នើសុំការចូលរួម ពីអាជ្ញាធរមានសមត្ថកិច្ចណាមួយ។ចំណែកទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស បានសរសេរដោយ លើកសំណួរចំនួន៥ថា៖ សុំសួរទៅលោក លី សុផា ថា៖១- ហេតុអីលោកដឹងច្បាស់ហើយថាក្នុងឡានមានដឹកតុកកែ?ហើយដឹងច្បាស់ថាផ្ញើរចេញពីតំបន់ណា?មានន័យថាលោកដឹងច្បាស់ណាស់ថាជាបញ្ញើរមិនពាក់ព័ន្ធក្រុមហ៊ុនឡើយ រឺជាការរៀបចំទុកជាមុន?របស់ខុសច្បាប់ហេតុអីនៅគូទឡានវិញ ម្តេចមិននៅខាងក្នុង?២-បើលោកដឹងហើយថាមានដឹកតុកកែ ហើយជាក្រុមហ៊ុនទទួលបញ្ញើរមានទាំងវិក័ត្រទទួល ផ្ញើរ ហើយលេខអ្នកផ្ញើរ អ្នកទទួល ទីតាំងអ្នកផ្ញើរ និងពត៌មានផ្សេងៗទៀត ហេតុអីលោកមិនទៅចាប់អ្នកប្រព្រត្តិទៅ បើតុកកែខុសច្បាប់ពិតមែន?៣-ចាប់ភ្លាមទាមទារពិន័យ 30,000$ ជាថ្នូរក្នុងការដោះលែង តើជាច្បាប់មែនទេ?៤-អ្នកកាប់ឈើ ដឹកឈើ ចាប់សត្វព្រៃពិតប្រាកដម្តេចលោកមិនទៅចាប់?៥-តើលោកដឹងទេថា ក្រុមហ៊ុនទទួលបញ្ញើរគ្មានសិទ្ធឆែកមើលទំនិញភ្ញៀវនោះទេ តែក្រុមហ៊ុនតែងតែសហការជាមួយសមត្ថកិច្ចជានិច្ច បើមានករណីសង្ស័យណាមួយ។ សង្ឃឹមថា ក្រុមហ៊ុននឹងទទួលបានការដោះលែងប្រកបដោយយុត្តិធម៌។លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស បានបញ្ជាក់ថា ទាមទារការពិន័យ ៣ម៉ឺនដុល្លារជាថ្នូរនឹងការដោះលែងនោះគឺជាការពិត។
នៅក្នុងករណីនេះដែរលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ខែសីហានេះថា រថយន្តដែលកម្លាំងជំនាញ រដ្ឋបាលព្រៃឈើ ធ្វើការឃាត់នេះ បានដឹកឥវ៉ាន់មកពីខេត្តមណ្ឌលគីរី ហើយបានមកដល់ខេត្តព្រះវិហារ ក៏បានចូលដាក់ កេសឥវ៉ាន់ ដែលមានសត្វតុកកែដាក់ក្លាស់សេទឹកកក ដឹកមកកាន់ខេត្តសៀមរាប ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ។លោកបន្តថា សត្វតុកែនេះ មានចំនួន៩៨៤ក្បាល បច្ចុប្បន្នកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាប ក៏បានធ្វើការផាកពិន័យអន្តរកាល ទៅតាមច្បាប់រដ្ឋបាលព្រៃឈើ។ បច្ចុប្បន្ននេះ វត្ថុតាង និងរថយន្ត ត្រូវបានរក្សាទុក នៅផ្នែករដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីរង់ចាំម្ចាស់ក្រុមហ៊ុន ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។លោកបញ្ជាក់ថា ក្រុមការងាររបស់លោកមិនបានទាមទារលុយពីម្ចាស់ក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ដូចការលើកឡើងនោះទេ។លោកបន្តថា តាមពិតក្រុមការងាររដ្ឋបាលព្រៃឈើ បានពន្យល់អ្នកបើកឡានរបស់ក្រុមហ៊ុន ថាតាមច្បាប់នៃរដ្ឋបាលព្រៃឈើសត្វតុកកែ ១ក្បាលអាចពិន័យ១០ដុល្លារ បើគុណនឹង៣ស្មើនឹង៣០ដុល្លារ ហើយសត្វតុកកែជិត១០០០ក្បាល អាចស្មើនឹង៣ម៉ឺនដុល្លារនោះឯង។លោកបញ្ជាក់ថា ពពួកតុកកែគឺជាសត្វមានដោយបង្គួរ ហើយសូមមើលតាម ច្បាប់រដ្ឋបាលព្រៃឈើ ត្រង់ចំណុចជំពូកទី១០នៃមាត្រា៤៨ ណឹងអាចយល់ច្បាស់ហើយ។ជុំវិញករណីនេះដែរ មហាជនបានលើកឡើងថា ខាងសមត្ថកិច្ចក៏មានចំណុចខ្លះខ្វះខាតគួរត្រូវបានណែនាំ។រីឯម្ចាស់ក្រុមហ៊ុនបញ្ញើរគួរមានបទបញ្ជារផ្ទៃក្នុងឲ្យបានត្រឹមត្រូវជាងនេះថែមទៀត។ដូចជាត្រូវសួរនាំប្រភេទទំនិញឲ្យច្បាស់លាស់ ការពារប៉ះវត្ថុខុសច្បាប់ ដូចជាឈើប្រណិត,គ្រឿងញៀនជាដើម។ល។ហើយបើខាងក្រុមហ៊ុនថាមិនមានសិទ្ធមើលកញ្ចប់បញ្ញើរ ថ្ងៃក្រោយអាចនឹងមានហានិភ័យ៕ដោយ៖ភក្តី