បាត់ដំបង៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានដែកបេឡេតិ៍ចំនួន០១ខ្សែ ប្រវែង១២៦ម៉ែត្រ និងអគារសិក្សាចំនួន២ខ្នង នៅក្នុងសាលាបឋមសិក្សាស្វាយព្រៃ និងអនុវិទ្យាល័យកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ។ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងនេះថា “សន្តិភាព គឺជាសេចក្ដីត្រូវការចាំបាច់ ដោយមិនអាចខ្វះបាន ខណៈសន្តិភាពបង្កលក្ខណៈឲ្យមានការអភិវឌ្ឍ ហើយប្រជាពលរដ្ឋត្រូវការពារសន្តិភាពឲ្យបាន ព្រោះសន្តិភាពមានតម្លៃណាស់ សម្រាប់ប្រជាពលរដ្ឋខ្មែរទាំងមូល” ។ សម្ដេចក្រឡាហោមបញ្ជាក់ថា “កាលណាមានសង្គ្រាម អ្នកដែលមានគ្រោះថ្នាក់ជាងគេ គឺប្រជាពលរដ្ឋ ប្រទេសណាក៏ដោយ ស្រុកណាក៏ដោយ អ្នកដែលគ្រោះថ្នាក់បាត់បង់ជីវិតរងគ្រោះមុនគេ គឺប្រជាពលរដ្ឋ ទោះបីប្រទេសគោរពសិទ្ធិមនុស្សក៏ដោយ នៅពេលសង្គ្រាមកើតឡើង គឺប្រើគ្រប់មធ្យោបាយ ដើម្បីយកឈ្នះសង្គ្រាម។ ដូច្នេះមិនគិតថា រំលោភសិទ្ធិមនុស្ស ឬមិនរំលោភទេ? បាញ់គឺបាញ់ហើយ” ។ សម្ដេចក្រឡាហោម ស ខេង លើកឡើងទៀតថា សព្វថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជា ទោះបីនៅក្នុងតម្លៃណាក៏ដោយ គឺត្រូវរក្សាសន្តិភាពឲ្យបាន ។ ដូច្នេះប្រជាពលរដ្ឋខ្មែរត្រូវរួបរួមគ្នាការពារសន្តិភាព ព្រោះមានសន្តិភាពទើបអាចកសាងប្រទេសបានដោយងាយស្រួល បើគ្មានសន្តិភាព មិនអាចកសាងប្រទេសជាតិ បានឡើយ ។ បើតាមសម្ដេចក្រឡាហោម ស ខេង រាជរដ្ឋាភិបាលមួយខ្លាំងបាន គឺ អាស្រ័យដោយប្រជាពលរដ្ឋគាំទ្រ បើរដ្ឋាភិបាលគ្មានប្រជាពលរដ្ឋគាំទ្រទេ គឺរដ្ឋាភិបាលនោះ មិនខ្លាំងទេ ៕