សៀមរាប៖ បើយោងតាមរបាយការណ៍របស់លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ក្នុងរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី ១៦-២០ ខែសីហា ឆ្នាំ២០២០ ខេត្តសៀមរាបទទួលបានទេសចរ ១៨១,៨៦៨នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិប្រមាណ ១៨មុឺននាក់ និងទេសចរបរទេស ១,៨៦៨នាក់។ ខេត្តសៀមរាបបានរៀបចំព្រឹត្តការណ៍ និងកម្មវិធីប្លែកៗជាច្រើន ដែលមានឈ្មោះថា “សម្រាកសៀមរាប” ដើម្បីទាក់ទាញទេសចរឲ្យមកទស្សនាកម្សាន្តនាឱកាសថ្ងៃឈប់សម្រាករយៈពេលវែង។ សម្រាកសៀមរាប មានកម្មវិធីកំសាន្តជាច្រើន រួមមាន៖ ១.កម្មវិធីសាសនា បួងសួងសុំសេចក្តីសុខ ២.កម្មវិធីពិព័រណ៍ បន្លែផ្លែឈើ កសិផល ផលិតផល ក្រុង-ស្រុកទាំង១២ ៣.កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំង ឆ្ងាញ់ជាងគេនៅខេត្តសៀមរាប ៤.ផ្សារទឹក ៥.ផាប់ស្ទ្រីត ៦.កម្មវិធីជិះកង់ ៧.កម្មវិធីកីឡាវាយកូនហ្គោល ៨.កម្មវិធីដើរព្រៃ ចង្ក្រានរយ ភ្នំគូលែន ៩.ផ្ទាំងទស្សនីយភាពសិល្បៈ ស្ថិតក្នុងវិបត្តិជំងឺកូវីដ១៩ រដ្ឋបាលខេត្តសៀមរាបបានគិតគូរ និងទទូចដល់ប្រតិបត្តិករទេសចរណ៍ និងភ្ញៀវទេសចរ ចូលរួមអនុវត្តវិធានការការពារជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ ដូចខាងក្រោម៖ ១.កុំភ្លេចត្រៀមយកពាក់ម៉ាស់ ឬក្រម៉ា ២.កុំភ្លេចជែល ឬអាល់កុលលាងដៃ (បានដាក់សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ) ៣.កុំភ្លេចរក្សាគម្លាតសុវត្ថិភាព៕