បន្ទាយមានជ័យ ៖សមត្ថកិច្ចបានឲ្យដឹងថា មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនជាជនជាតិថៃ ០២នាក់ ប្តី-ប្រពន្ធ និងម្នាក់ទៀតជាជនជាតិខ្មែរ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ រៀបចំសំណុំរឿងបញ្ជូនខ្លួន រួមទាំងវត្ថុតាងថ្នាំញៀន ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។
នគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ ដើម្បីឲ្យភូមិ ឃុំ មានសុវត្ថិភាព និងអនុវត្តន៍តាមផែនការរបស់ថ្នាក់លើ ក្នុងវិធានការទប់ស្កាត់នូវរាល់បទល្មើសផ្សេងៗ ពិសេសបទល្មើសគ្រឿង ញៀន ។ជាក់ស្តែងកាលពីម៉ោង៣និង៣៥នាទីរសៀល ថ្ងៃទី១៨ ខែសីហាឆ្នាំ២០២០ កំលាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែត បានល្បាតក្នុងភូមិសាស្រ្តដល់ចំណុចមុខកាស៊ីណូប៉ារ៉ាម៉ិច ស្ថិតក្នុងភូមិក្បាលស្ពាន១ បានជួបមុខសញ្ញាសង្ស័យ១នាក់ឈ្មោះ កុលវ័ត្ត សុលីវង្ស អាគី ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិថៃ យកមកសួរនាំនៅអធិការដ្ឋាននគរបាលក្រុង។នគរបាលបានបន្តថា ក្រោយពីសួរនាំឈ្មោះ កុលវ័ត្ត សុលីវង្ស អាគី រួចមកកម្លាំងសមត្ថកិច្ចបានបន្តឈានទៅឃាត់ខ្លួនជនសង្ស័យ២នាក់ទៀត នៅចំណុចផ្លូវដើមពុទ្ទ្រាភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ១/ឈ្មោះ ច័ន្ទ រចនា ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ, ទី/២-ឈ្មោះ នុតថាថៃ ថៃសំរ៉ាន ភេទស្រី ជនជាតិថៃ អាយុ៥៩ឆ្នាំ (ហៅម៉ា) ជាប្រពន្ធរបស់ឈ្មោះ កុលវ័ត្ត សុលីវង្ស អាគី មុខរបរមិនពិតប្រាកដ ដោយក្នុងនោះស្រាវជ្រាវរកឃើញវត្ថុតាង មានម្សៅក្រាមពណ៌សថ្លាចំនួន៨(ប្រាំបី)កូនថង់, ថ្នាំញៀនប្រភេទគ្រាប់ពណ៌ក្រហមមានអក្សរ(WY)ចំនួន៧៧០(ប្រាំពីររយចិតសិប)គ្រាប់ ក្នុងនោះមានចំនួន៣០គ្រាប់ច្រកក្នុងកំណាត់ទុយោខ្លីៗ និងថ្នាំញៀនប្រភេទគ្រាប់ពណ៌ខៀវមានអក្ស(wy) មេថ្នាំចំនួន៣គ្រាប់ទៀត។ ក្រោយមកកម្លាំងបានឈានទៅឆែកឆេរបន្ទប់ស្នាក់នៅរបស់ឈ្មោះ កុលវ័ត្ត សុលីវង្ស អាគី រកឃើញជញ្ជីងថ្លឹងថ្នាំ២ និងសម្ភារ:សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យខ្មែរម្នាក់ និងជនសង្ស័យ០២នាក់ ប្តីប្រពន្ធ ជាជនជាតិថៃ រួមទាំងវត្ថុតាងថ្នាំញៀន ប្រភេទគ្រាប់សរុបចំនួន៧៧៣គ្រាប់ និងថ្នាំញៀនប្រភេទម្សៅក្រាមពណ៌ស ចំនួន០៨កូនថង់តូច ព្រមទាំងជញ្ជីងថ្លឹងថ្នាំ២ និងសម្ភារ:សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ត្រូវបានកម្លាំងនគរបាលជំនាញការិយាប្រឆាំងគ្រឿងញៀន រៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធីច្បាប់ហើយដែរ ៕