Saturday, November 23, 2024
Header Banner

ចូលរួមត្រេកអរ រយៈពេល១០ថ្ងៃមកនេះកម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ ១៩នោះទេ!

ភ្នំពេញ ​៖ យោងតាមការឲ្យពី​ក្រសួងសុខាភិបាល​ ថា កម្ពុជា ​មិន​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ថ្មី​រយៈពេល​១០​ថ្ងៃ​ជាប់​គ្នាៗ​ ខណៈ​នៅសល់​អ្នកជំងឺ​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន​១០​នាក់​ប៉ុណ្ណោះ​។​
​ ​
បើតាមរបាយការណ៍​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា​ ចាប់ពី​ថ្ងៃទី​១៥ ​រហូតដល់​ថ្ងៃទី​២៤​ខែ​សីហា ​ឆ្នាំ​២០២០​នេះ ​ក្រសួង ​មិនបាន​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ថ្មី​ណាមួយ​ទេ ​ពិសេស​​ក្នុងពេល​ថ្ងៃ​ឈប់សម្រាក​របស់​រាជរដ្ឋាភិបាល​ដែល​មាន​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​រាប់​លាន​នាក់​ ធ្វើ​ដំណើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​ទូទាំង​ប្រទេស​។

រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​មាន​ប្រសាសន៍​ថា ​នៅក្នុង​ថ្ងៃ​ឈប់សម្រាក​រយៈពេល​យូរ​នេះ​មិនមាន​ករណី​ជំងឺ​កូវ​វីដ-​១៩ ​ឆ្លង​ចូលទៅ​ក្នុង​សហគមន៍​ណាមួយ​នៅឡើយ​ទេ​ ពោលគឺ​កម្ពុជា​មានតែ​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស​ប៉ុណ្ណោះ​។​តែយ៉ាងណាក្តី ​លោក​ស្រី ​នៅតែ​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ ត្រូវ​បន្ត​អនុវត្ត​វិធានការ​សាមញ្ញ​ៗ​របស់​ក្រសួងសុខាភិបាល ​ក៏ដូចជា​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល​ជា​បន្តទៀត​ដូចជា ​ត្រូវ​ពាក់​ម៉ាស់​ពេល​ចាំបាច់ លាងដៃ​ជាមួយ​សាប៊ូ ជែ​ល​ ឬ​ទឹក​អាល់កុល ​និង​រក្សា​សុវត្ថិភាព​គម្លាត​បុគ្គល​​សង្គម​យ៉ាងហោចណាស់​ឲ្យ​បាន​១​ម៉ែត្រ​កន្លះ ​ដើម្បី​ចៀសវាង​ការឆ្លង​ចូល​ទៅ​ក្នុង​សហគមន៍​។​
​ សូមរម្លឹកថា ​ប្រទេស​កម្ពុជា​ បាន​រកឃើញ​ករណី​ជំងឺ​កូ​វីដ-​១៩ ​ដំបូង​បំផុត​នៅ​ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០២០ ​ហើយ​រហូតមកដល់​ព្រឹក​ថ្ងៃទី​១៤​ ខែ​សីហា ​ឆ្នាំ​២០២០​ ​បានធ្វើ​តេស្ត​ចំនួន ​៨៨៦៩៩ ​ស្មើនឹង​៥៣៤៣ ​ក្នុង​១​លាន​នាក់។ ​ក្នុងនោះ ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ​ចំនួន​២៧៣​នាក់ ​​អ្នកជា​សះស្បើយ​ចំនួន​១៦៣​នាក់​ និង​នៅសល់​១០​ទៀត​ កំពុង​សម្រាក​ព្យាបាល​តាម​មន្ទីរពេទ្យ​រដ្ឋ​ និង​ឯកជន​មួយចំនួន៕​

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម