ខេត្តបាត់ដំបង៖ អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ដែលហៅកាត់ថា(ACT) បានដឹកនាំសិក្ខាកាមដែលជាបណ្តាញសារព័រត៌មាន និងសហគមន៍ប្រមាណចំនួន ២៧នាក់មកពីបណ្តា០៦ខេត្តនិងរាជធានី មានខេត្តសៀមរាប ,ខេត្តបាត់ដំបង ,ខេត្តកំពង់ឆ្នាំង ,ខេត្តមណ្ឌលគិរី ,ខេត្តកំពង់សោម និងរាជធានីភ្នំពេញ មកចុះទស្សនះកិច្ចស្វែងយល់ និងផ្សព្វផ្សាយស្តីពីការអភិវឌ្ឍន៍ក្នុងសហគមន៍នានានៅក្នុងភូមិសាស្ត្រស្រុកសំឡូត នៃខេត្តបាត់ដំបង។
ប្រធានសហគមន៍កញ្ចាំង លោក ឌុក ម៉េង បានឲ្យដឹងថា នៅស្រុកសំឡូតគឺមានសហគមន៍ចំនួន ១៤ ដែលជាសហគមន៍ព្រៃឈើ គ្រប់គ្រងដោយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដោយមានការចុះមើលផ្ទាល់ពីមន្ត្រីមូលដ្ឋានរបស់សង្កាត់ព្រៃឈើប្រចាំការនៅក្នុងស្រុកសំឡូត ដោយបានដាក់ផែនការចុះល្បាតជាទៀងទាត់រៀងរាល់ក្នុងមួយខែពីរដង ឬមួយដងផងដែរ។ លោកបន្តថា ប្រជាសហគមន៍ បាននាំគ្នាចិញ្ចឹមឃ្មុំដើម្បីយកទឹកទៅលក់ ហើយបានកម្រៃខ្លះគ្រាន់យកមកឧបត្ថម្ភដល់ប្រជាសហគមន៍ដែលប្រឹងប្រែងការពារព្រៃឈើនៅតំបន់នេះ។លោកបន្តថា ការពិតប្រជាសហគមន៍ ចិញ្ចឹមឃ្មុំនេះគឺមានអត្ថប្រយោជន៍ច្រើនដល់ការការពារនិងអភិរក្សព្រៃឈើ ព្រោះសត្វឃ្មុំគឺត្រូវការព្រៃឈើដើម្បីហើរទៅក្រេបលម្អងផ្កា ហេតុដូច្នេះហើយបានជាព្រៃឈើនៅតំបន់នេះនៅគង់វង្សបានច្រើន។ចំណែកលោក សេង សាម័យ នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកសំឡូត បានឲ្យដឹងថា សហគមន៍កញ្ចាំង ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូតនេះ គឺមានផ្ទៃដីចំនួន ៤០០ហិកតា ដោយចែកចេញជាប្លុកៗ ផ្សេងៗ ហើយក្នុងនោះក៏មានបញ្ហាប្រឈមខ្លះៗដោយសារការយល់ដឹងរបស់ប្រជាពលរដ្ឋនៅមានកំរិតតែងឆ្លៀតឱកាសលួចកាប់ទន្ទ្រាននិងឈូសឆាយយកកន្ទុយដីដែលនៅជាប់និងដីសហគមន៍ ប៉ុន្តែក្រោយមកគាត់មានការយល់ដឹងក៏បានប្រគល់មកអោយខាងសហគមន៍វិញ។លោកបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកសំឡូតទាំងអស់ ជាពិសេសនៅតាមបណ្ដាភូមិដែលមានសហគមន៍ គឺមានតែបងប្អូនទេដែលជាអ្នកថែរក្សាដើម្បីជួយខ្លួនឯងវិញ និងមួយវិញទៀតសូមជួយថែរក្សានូវអ្វីដែលយើងមានចាស់មិនអោយធ្វើចូលដល់ដី សហគមន៍ទៀតទេ គឺយើងទុកព្រៃដើម្បីប្រកបរបរ ឬទុកអោយក្មេងជំនាន់ក្រោយបានឃើញ។
កញ្ញា ស្រី សុធាវី នាយិកាប្រតិបត្តិ(ACT) បានបញ្ជាក់ថា គោលបំណងដែលកញ្ញាដឹកនាំសិក្ខាកាមចុះទស្សនៈកិច្ចសិក្សារយះពេលបីថ្ងៃ គិតចាប់ពីថ្ងៃទី ២៦.២៧.២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ គោលបំណងគឺដើម្បីអោយសិក្ខាកាមទាំងអស់ចូលរួមផ្សព្វផ្សាយស្តីពីការ អភិវឌ្ឍន៍នៅក្នុងសហគមន៍ផ្សេងៗ ហើយខាង(ACT)សង្ឃឹមថាពេលត្រឡប់ទៅវិញទាំងខាងអ្នកសារព័ត៌មាន និងទាំងខាងសហគមន៍ និងអាចប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈការចូលរួមចំណែកពីប្រជាសហគមន៍នៅតំបន់នេះក៏ដូចជាសហគមន៍ដែលមកពីមណ្ឌលគិរីនិងខេត្តផ្សេងៗដែលមករៀនសូត្រហើយនិងយកចំណេះដឹងទាំងនេះទៅអភិវឌ្ឍន៍សហគមន៍របស់ខ្លួន អោយដូចទៅអ្វីដែលគាត់បានមកសិក្សារៀនសូត្រនៅក្នុងសហគមន៍នេះដែរ។កញ្ញាបន្តថា ការជួយផ្សព្វផ្សាយបន្តពីស្ថានភាពសហគមន៍គឺជាផ្នែកមួយនៃការរួមចំណែកបង្ហាញអោយដឹងអំពី សហគមន៍របស់យើងថាគួររួមចំណែកយ៉ាងម៉េចគាំទ្រសហគមន៍ដទៃទៀតអោយមានភាពរីកចំរើនដូចជាសហគមន៍នៅក្នុងស្រុករបស់យើង ដោយយើងលើកទឹកចិត្តក្នុងការផ្សព្វផ្សាយនូវអ្វីដែលជាព័ត៌មាន ឬក៏ជាសារបែបសន្តិភាពរួមចំណែកក្នុងការអភិវឌ្ឍ ដែលជាទូទៅក្រុមការងារអង្គការដោះស្រាយទំនាស់បានបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់អ្នកសារព័ត៌មាននៅក្នុងការអនុវត្តវិជ្ជាជីវអោយសមស្របទៅតាមក្រមសីលធម៌នៃអ្នកសារព័ត៌មាន ដើម្បីរួមចំណែកលុបបំបាត់សារព័ត៌មានបែបហិង្សា ព្រោះកាលណាយើងប្រើប្រាស់ព័ត៌មានបែបបំភ្លឺស ឬនិយាយនិយមទៅលើអ្នកណាម្នាក់ដែលគាត់មានអំណាចវាធ្វើអោយព័ត៌មានរបស់យើងមិនបានគ្រប់ជ្រុងជ្រោយប្រកបដោយតម្លាភាពនោះទេ។
ពាក់ព័ន្ធនឹងសកម្មភាពរបស់អង្គការACTនេះដែរ ត្រូវបានមហាជនលើកឡើងថានៅក្នុង ព្រះរាជាណាចក្រកម្ពុជា គួរតែមានការបណ្ដុះបណ្ដាលដល់អ្នកសារព័ត៌មាននិងសហគមន៍ផ្សេងៗដើម្បីឲ្យយល់ដឹងពីច្បាប់ទម្លាប់ក៏ដូចជាក្រមសីលធម៌ក្នុងសង្គមឲ្យបានស៊ីជម្រៅថែមទៀត៕ដោយ៖វាយោ