ភ្នំពេញ៖នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រជុំបូកសរុបការងារឆមាសទី៤ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ ក្នុងកិច្ចប្រជុំនេះ ប្រធានគណៈប្រតិភូ នៃគណបក្សនយោបាយជាសមាជិក នឹងត្រូវអនុញ្ញាតឱ្យផ្តល់នូវទស្សនទាន ដើម្បីផ្តល់ធាតុចូលក្នុងន័យស្ថាបនាអំពីបរិបទបច្ចុប្បន្នភាពសង្គម ដោយផ្អែកលើការរកឃើញតម្រុយ និងភស្តុតាងនានា តាមរយៈបេសកកម្មការងារបន្ថែមជាមួយនឹងការប្រឈមនឹងជំងឺកូវីដ១៩ផងដែរ។ សូមបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការស្នើសុំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្រោយពេលបោះឆ្នោតជាតិអាណត្តិទី៦។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានសមាសភាពមកពីគណបក្សនយោបាយចំនួន១៦ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមការបោះឆ្នោតជាតិឆ្នាំ២០១៨។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានតួនាទីផ្តល់យោបល់ជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាជន និងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល៕