សៀមរាប៖ អគារបឋមសិក្សាក្របីរៀល១ខ្នង ២ជាន់ ស្មើនឹង ១០បន្ទាប់ ចំណាយអស់ថវិកាប្រមាណជាង ១៤ម៉ឺនដុល្លាអាមេរិក ត្រូវបានបើកសម្ភោធដាក់ឱ្យសិស្សចូលរៀនក្នុងឆ្នាំសិក្សាថ្មីនេះ ស្ថិតនៅភូមិទទា សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២។ ក្រោមអធិបតីភាពឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ នៃព្រឹទ្ធសភា ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ,ច.យ.កសៀមរាប ព្រមទាំងមន្ត្រីរាជការព្រះសង្ឃ សិស្សានុសិស្សជាច្រើននាក់។
បើយោងតាមរបាយការណ៍របស់លោក ផយ សារូ នាយកសាលាបឋមសិក្សាក្របីរៀល បានលើកឡើងថា នៅឆ្នាំ១៩៧៩ ទីនេះ គឺជាមូលដ្ឋានដាច់ស្រយាល កូនចៅប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ត្រូវបានរៀនសូត្រនិងបង្រៀនសិស្សនៅក្រោមផ្ទះប្រជាពលរដ្ឋប៉ុណ្ណោះ។ ក្នុងឆ្នាំ១៩៨២ គឺផ្តើមចេញពីព្រះសង្ឃវត្តព្រៃផ្តៅដែលមានការចូលរួមពីសំណាក់ ឧបាសក ឧបាសិកា អាជ្ញាធរមូលដ្ឋាន អាណាព្យាបាល បាននាំគ្នារុះរើផ្ទះបាយនៅសល់ពីរបបប៉ុនពតហើយបានកសាងសាលារៀន១ខ្នង ស្មើនឹង៣បន្ទប់ រហូតដល់ឆ្នាំ១៩៨៤ កសាងបាន១ខ្នងទៀត មាន២បន្ទប់ ដំបូលក្បឿង ជញ្ជាំងស្លឹកដូង។ ឆ្នាំ១៩៩២ អាគារ២ខ្នងដែលកសាងនោះ ត្រូវបាក់រលំដោយខ្យល់ព្យុះ។ ឆ្នាំ១៩៩៣ ព្រះសង្ឃផ្តើមកសាងឡើងវិញ ក្រោមការជួយជ្រោមជ្រែងពីមន្ទីរអប់រំ បន្ទាប់មកមានការចូលរួមពីអង្គការដៃគូអភិវឌ្ឍន៍។ ឆ្នាំ១៩៩៦ មូលនិធិសង្គមនៃព្រះរាជាណាចក្រកម្ពុជាបានផ្ដល់ឲ្យនូវអគារ១ខ្នង មាន៤បន្ទប់ និងបន្តមកទៀត មានការីកចំរើនជាលំដាប់ រហូតដល់បច្ចុប្បន្ន រួមទាំងបានតម្លើងកម្រឹតសិក្សាជាអនុវិទ្យាល័យផងផែរ។
លោក បានបន្តថា សាលារៀនមួយនេះ មិនឃ្លាតឆ្ងាយពីទឹកព្រះទ័យនៃព្រះសង្ឃនោះឡើយ។ អាគារសិក្សាថ្មី ដែលបានបើកសម្ពោធនេះ គឺផ្តើមចេញពីព្រះទ័យរបស់ព្រះតេជគុណ ហ៊ន់ ចឹក ព្រះចៅអធិការបន្តវេនពីវត្តព្រៃផ្តៅ នៃសង្កាត់ក្របីរៀល អាជ្ញាធរមូលដ្ឋានភូមិ-សង្កាត់ ប្រជាសហគមន័ សប្បបុរសជន និងក្រុមការងារសមាគមចលនាយុវជនកម្ពុជា ១៥៧ សាខាខេត្តសៀមរាប។ ការចំណាយសាងសង់មានទំហំសរុបជាង ១៤ម៉ឺនដុល្លាអាមេរិកឯណោះ។
លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៏ថា កាលពីមុននោះ សង្គមជាតិយើងនៅមានការខ្វះខាតស្ទើរទាំងស្រុង ទាំងសាលារៀន ថ្នាក់រៀន គ្រូបង្រៀន សៀវភៅសិក្សា សម្ភារៈសិក្សាផ្សេងទៀត សម្រាប់បម្រើដល់ការសិក្សា។ ប៉ុន្ដែរហូតដល់ពេលបច្ចុប្បន្ន យើងកសាងប្រព័ន្ធអប់រំមួយមានលក្ខណៈពេញលេញ ដែលអាចឆ្លើយតបបានទៅតាមតម្រូវការ នៃទីផ្សារពលកម្ម ដែលជាលទ្ធផលកើតចេញពីការគិតគូរត្រឹមត្រូវ លើគោលនយោបាយបើកទូលាយការស្វាគមន៍ចំពោះការវិនិយោគ នៃវិស័យឯកជន ដើម្បីបំពេញបន្ថែមក្នុងការអភិវឌ្ឍវិស័យអប់រំ សិក្សាធិការជាតិផងដែរ៕ដោយ៖វាយោ