សុខភាព៖ក្រពះ-ពោះវៀនយើងម្នាក់ៗមាននាទីសំខាន់ ហើយវាក៏មមាញឹកនឹងការរំលាយអាហារដែលយើងញ៉ាំចូលទៅ ដើម្បីបញ្ចេញមកក្រៅវិញដែរ។ ដូចនេះហើយ យើងគួរតែញ៉ាំអាហារដែលមានប្រយោជន៍ល្អដល់ក្រពះ-ពោះវៀនដែរ បើមិនអ៊ីចឹងទេ វាអាចបណ្ដាលឲ្យកើតជំងឺកាចសាហាវដូចជា មហារីកក្រពះ ឬពោះវៀនបាន។ ចំពោះបញ្ហានេះ លោកវេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ ឯកទេសជំងឺថ្លើម ក្រពះ និងពោះវៀន បានបកស្រាយឲ្យដឹងថា ក្រពះ ពោះវៀនរបស់យើងម្នាក់ៗ ទាមទារឲ្យមានការថែទាំដូចសរីរាង្គដទៃនៃរាងកាយដែរ ហើយចំពោះសរីរាង្គ២នេះ អាហារដែលយើងជ្រើសរើសដាក់ចូលមាត់ គឺវាសំខាន់ណាស់ ដើម្បីជួយថែក្រពះ ពោះវៀនឲ្យមានសុខភាពល្អ ជាពិសេស គឺបន្លែ ផ្លែឈើធម្មជាតិស្រស់ៗ។ លោកបន្តថា ចំណែកពពួកអាហារដែលមិនល្អ ហើយអំណោយផលដល់ការកើតឡើងនៃជំងឺមហារីកក្រពះ ឬមហារីកពោះវៀននោះគឺ ការញ៉ាំសាច់ច្រើនពេក (សាច់ក្រហម…)។ “ឧទាហរណ៍ នៅក្នុងប្រទេសជឿនលឿន សម្បូរអ្នកឈឺមហារីកពោះវៀន ដោយសារប្រទេសគេសម្បូរសាច់ញ៉ាំច្រើន ដូចជា steak អ៊ីហ្នឹង។ រីឯ ស្រុកដែលមិនសម្បូរសាច់ ញ៉ាំតែបន្លែ ផ្លែឈើ ដូចនេះ មិនសូវសម្បូរមហារីកពោះវៀនកើតឡើងទេ”។ បើទាក់ទងនឹងមហារីកក្រពះ ច្រើនកើតឡើងដោយការញ៉ាំអាហារផ្អាប់ ឬអាហារដែលយើងតែងប្រឡាក់គ្រឿងទុកមានដូចជា ត្រីងៀត ផ្អក ប្រហុក ជាដើម។ ហើយអាហារផ្សែងដូច ត្រីឆ្អើរ និងការញ៉ាំសាច់ច្រើន ក៏ជាកត្តាមួយអំណោយទៅដល់ការកើតជំងឺមហារីកក្រពះ-ពោះវៀន។ វេជ្ជបណ្ឌិតរូបនេះបញ្ជាក់ថា ក្រពះ-ពោះវៀនយើងត្រូវការបន្លែ ផ្លែឈើ និងការហាត់ប្រាណ ហើយយើងត្រូវញ៉ាំទឹកឲ្យបានច្រើន(យ៉ាងតិច ២លីត្រ)។ ម៉្យាងវិញទៀត យើងត្រូវបន្ទោបង់ឲ្យបានរាល់ថ្ងៃ ចៀសវាងការទល់លាមក ព្រោះវាក៏ជាកត្តាមួយនៃការកើតជំងឺមហារីកពោះវៀនដែរ៕
ផ្សាយពាណិជ្ជកម្ម

អ្នកនិយមញ៉ាំអាហារទាំងនេះ អាចប្រឈមនឹងជំងឺក្រពះ ពោះវៀនបាន
ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម

ព័ត៌មានស្រដៀងគ្នា