Tuesday, July 15, 2025
Header Banner

មេព្រៃខេត្តសៀមរាប ចាប់រថយន្តបែនដឹកថ្មពីលើឈើពីក្រោម បន្ទាប់ពីលួចដឹករាប់សិបជើងមកហើយ!

***ទម្រាំចាប់បានមិនដឹងឈ្មួញនេះដឹកឈើបានប៉ុន្មានជើងនោះទេលោកព្រះអើយ?

សៀមរាប៖ក្រុមឈ្មួញនៅតែបន្តសកម្មភាពលួចដឹកជញ្ជូនឈើឆ្លងកាត់ខេត្តសៀមរាប ដូចភ្លៀងរលឹម ជាក់ស្តែងនៅរសៀលថ្ងៃទី១ខែមេសាឆ្នាំ ២០២២ រថយន្តបែនដឹកថ្មមួយគ្រឿងលួចបង្កប់ឈើត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាប​ បង្ក្រាបនៅចំណុចភូមិសាស្ត្រភូមិត្រពាំងផុង ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។ចំណែកអ្នកបើករថយន្តបង្ក បានរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។

    ប្រភពបានដឹងថា ម្ចាស់រថយន្តដឹកឈើនេះមានឈ្មោះលីម រស់នៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ហើយការលួចដឹកឈើបង្កប់ក្នុងថ្ម ក្នុងរថយន្តបែនបែបនេះ ត្រូវបានគេអះអាងថា បានធ្វើសកម្មភាព ជាច្រើនលើកមកហើយ ដែលបានដឹកឈើចេញពីខេត្តព្រះវិហារចូលមកចែកចាយក្នុងក្រុងសៀមរាប ឆ្លងកាត់តាមសង្កាត់ស្រុកស្វាយលើ,សង្កាត់រដ្ឋបាលព្រៃឈើសូទ្រនិគមនិងសង្កាត់រដ្ឋបាលព្រៃឈើបាគង ព្រមទាំងសមត្ថកិច្ចជំនាញជាច្រើនកន្លែងទៀតផងដែរ។ចំណែកប្រភពខ្លះទៀតបានឲ្យដឹងថា រថយន្តខាងលើ ជារបស់លោកចាន់ណា ដែលគេដឹងថា ជាឈ្មួញឈើដ៏សកម្មប្រចាំខេត្តសៀមរាប ហើយបច្ចុប្បន្នបានឈរឈ្មោះទិញអាជ្ញាបណ្ណច្រកចេញចូលតែ១ប្រចាំខេត្តសៀមរាប ផងដែរ។

   សមត្ថកិច្ចជំនាញបានឲ្យដឹងថា រថយន្តបែនដឹកថ្មលួចបង្កប់ឈើនេះពាក់ស្លាកលេខ ភ្នំពេញ 3E.9395 ពណ៌សលាយខ្មៅ ប្រភេទកង់១០។បច្ចុប្បន្ន វត្ថុតាងត្រូវបានរដ្ឋបាលព្រៃឈើនាំយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ឃុំព្រះដាក់។

     ពាក់ព័ន្ធនឹងករណីនេះដែរ លោក ម៉ុង ប៊ុនលីម​​ នាយខណ្ឌរដ្ឋាបាលព្រៃឈើខេត្តសៀមរាប បានឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី០២នេះថា ករណីនេះកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានស្រាវជ្រាវបង្ក្រាប បានជាក់ស្តែង ហើយខណៈឃាត់រថយន្តខាងលើ​អ្នកបើកបរចុះរត់គេចខ្លួនបាត់។លោកបន្តថាបន្ទាប់ពីឃាត់រថយន្តនោះបានហើយ  កម្លាំងជំនាញបានអូសយករក្សាទុកនៅផ្នែកបន្ទាយស្រី ដើម្បីស្វែងរកម្ចាស់រថយន្តឲ្យចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់។លោកបញ្ជាក់ថា ដោយសារថ្ងៃសម្រាក ចឹងហើយរង់ចាំថ្ងៃចន្ទ ទើបដឹងលទ្ធផលថាជាឈើអ្វី នឹងមានប៉ុន្មានម៉ែត្រគីប។

    មហាជនបានសាទរ ទៅនឹងលទ្ធផលបង្ក្រាបនេះផងដែរ តែក៏បានសំណូមពរបង្ក្រាបឲ្យបានដូចភ្លៀងរលឹម ព្រោះកាលពីពេលថ្មីៗនេះថ្នាក់ដឹកនាំបានជំរុញឲ្យមន្ត្រីជំនាញត្រូវបន្តប្រឹងប្រែងបង្ក្រាបបទល្មើសឲ្យបានថមថយ។ទោះជាបែបនេះក្តី គេក៏សង្គេតឃើញថា បទល្មើសនៃការដឹកជញ្ជូនឈើក្នុងខេត្តសៀមរាប នៅតែបន្តកើតមាន នៅក្នុងភូមិសាស្ត្រស្រុកស្វាយលើ និងស្រុកវ៉ារិន នៃខេត្តសៀមរាប៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម