បាត់ដំបង៖យោងតាមឯកសារ បានឲ្យដឹងថា “ផ្សារធំបាត់ដំបង ឬផ្សារណាត់”អតីតផ្សារស្វាយប៉ោ នៅក្នុងខេត្តបាត់ដំបង ផ្សារស្ថិតនៅក្បែរស្ទឹងសង្កែ ភាគច្រើនត្រូវបានគេស្គាល់ឈ្មោះថា “ផ្សារណាត់”សាងសង់ឡើងតាំងពីសម័យកម្ពុជា ស្ថិតនៅក្រោមអាណានិគមបារាំង ដោយលោក លូវីស ឆូឆុង នៅក្នុងឆ្នាំ ១៩៣៦(តាមអត្ថបទខ្លះថាឆ្នាំ ១៩១២) ហើយត្រូវបានកែលម្អជាថ្មីនៅឆ្នាំ ១៩៣៦-១៩៣៧ ដោយប្រើរចនាបថអាតដេកូ (art deco) ជាម៉ូតអគារពេញនិយមនាសម័យនោះ។ អាគារផ្សារនេះ បែងចែកជាពីរផ្នែក គឺខាងលិច និងខាងកើត ចំណែកចំណុចកណ្ដាលនៃផ្នែកទាំងពីរ គឺមានផ្លូវលេខ ២ កាត់ទទឹងផ្សារ។ ក្រៅពីកន្លែងលក់ដូររបស់អាជីវករគ្រប់ប្រភេទ ផ្សារនេះក៏ជាទីពេញនិយម សម្រាប់ទេសចរដែលចូលចិត្តទស្សនាសំណង់អគារប្រវត្តិសាស្ត្រ ផងដែរ។ ផ្សារណាត់ ឬផ្សារធំបាត់ដំបង នេះបានរងការឆាបឆេះ នៅវេលាម៉ោងប្រមាណជាង៦ល្ងាចថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២០នេះ បណ្តាលឲ្យ ខូចខាតផ្នែកខ្លះ គួរឲ្យសោកស្តាយបំផុត។ពាក់ព័ន្ធនឹងករណីនេះដែរ កម្លាំងសមត្ថកិច្ចកិច្ចបានប្រឹងប្រែងជួយពន្លត់រហូតរលត់ផងដែរនៅយប់ថ្ងៃដដែលនេះ៕