Tuesday, July 15, 2025
Header Banner

ឡធ្យូងខុសច្បាប់ ជាង១០០កន្លែងនៅភូមិសាស្រ្តនៃឃុំខ្វាវ ត្រូវបានមេព្រៃចុះបង្ក្រាប​ ខណៈព្រៃឈើរិចរិលខ្លាំង

ខេត្តសៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី ០៨និងទី០៩ មេសា ឆ្នាំ២០២២ម្សិលមិញ កម្លាំងសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើខេត្តសៀមរាប សហការគ្នាចុះបង្ក្រាបទីតាំងឡធ្យូងខុសច្បាប់ ជាង១០០កន្លែង ស្ថិតនៅភូមិព្រះធាតុ ក្រាំង ពោធិរីង និងចុងស្ពាននៃឃុំខ្វាវ ស្រុកជីក្រែង ។

​​លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងនៅថ្ងៃទី១០ខែមេសានេះថា ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានចុះស្រង់ស្ថិតិ និងធ្វើកិច្ចសន្យាឡធ្យូង ដែលប្រើប្រាស់ផលអនុផលព្រៃឈើ ដោយគ្មានច្បាប់អនុញ្ញាតពីរដ្ឋបាលព្រៃឈើ ហើយ អាជីវកម្ម ឡធ្យូង ទាំងនោះគឺប្រជាពលរដ្ឋ បានធ្វើសកម្មភាពជាយូណាស់មកហើយ។ ក្នុងនោះក្រុមការងារ បានធ្វើកិច្ចសន្យាបញ្ឈប់ សកម្មភាពជាមួយម្ចាស់ឡចំនួន៧៦ ដែលមានឡខុសច្បាប់ចំនួន១៤៤ឡ និងបន្តធ្វើកិច្ចសន្យាបន្ថែមទៀត។លោកបន្ថែមថា កម្លាំងរដ្ឋបាលព្រៃឈើសៀមរាបនិងបន្តចុះបង្ក្រាបថែមទៀត។លោកបញ្ជាក់ថា កន្លងទៅថ្មីៗនេះ កម្លាំងជំនាញបានចុះបិទនិងបង្ក្រាបឡធ្យូងខុសច្បាប់ ជាច្រើនកន្លែងផងដែរ នៅភូមិសាស្ត្រស្រុកស្វាយលើ។

លោកបញ្ជាក់ទៀតថា ការដុតឡធ្យូងជាអំពើខុសច្បាប់និងបានបំផ្លាញព្រៃឈើចម្រុះយ៉ាងច្រើនក្នុង១ឆ្នាំៗ ជាហេតុនាំឲ្យមានការបាត់បង់ព្រៃឈើទៀតផង។ឡធ្យូងនៅតំបន់ភូមិសាស្ត្រខាងលើ គឺពលរដ្ឋបានចូលទៅកាប់ឈើពីកន្លែងផ្សេងៗមកដុតយកទៅលក់ ដោយមើលឃើញនូវការរិចរិលព្រៃឈើ ទើបកម្លាំងរដ្ឋាបាលព្រៃឈើចុះទប់ស្កាត់។

ចំណែកពលរដ្ឋលើកឡើងថា ពួកគាត់ពិតជាជួបនូវការលំបាកក្នុងគ្រួសារពន្ទាប់ពីកម្លាំងរដ្ឋបាលព្រៃឈើ ចុះបិទឡធ្យូងរបស់ពួកគាត់។

ប្រភពបានឲ្យដឹងថា ពលរដ្ឋជាច្រើនគ្រួសារបាននាំគ្នាចូលទៅកាប់ឈើនៅក្នុងតំបន់ឧទ្យាន្តជាតិបឹងពែរ យ៉ាងអាណាធិបតេយ្យ ធ្វើឲ្យព្រៃឈើនៅតំបន់បឹងពែររងការគំរាមកំហែងយ៉ាងខ្លាំង ហើយក៏អាចនឹងរលាយហិនហោចនាពេលខាងមុខដ៏ខ្លី ប្រសិនបើមិនមានការទប់ស្កាត់៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម