ខេត្តកំពង់ចាម៖សេចក្តីរាយការណ៍បានឲ្យដឹង ថា លោកអធិការរងស្រុកជើងព្រៃម្នាក់ ទទួលផែនព្រហ្មទណ្ឌ ឈ្មោះកាំង គឹមហុង រងការរិះគន់ថាបានបើក (បាញ់អាប៉ោង ជល់មាន់) ស្ថិតភូមិសាស្ត្រឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម យ៉ាងគគ្រឹកគគ្រេង ដោយភ្នាល់ដាក់ប្រាក់ចាប់ពី ៣០០០ដុល្លារ ទៅ៥០០០ដុល្លារ ទៀតផង។


តាមបានឲ្យដឹងថា លោកអធិការរងស្រុកជើងព្រៃទទួលផែនព្រហ្មទណ្ឌ ឈ្មោះកាំង គឹមហុង បានបើកល្បែងស៊ីសងនៅទីតាំងផ្ទះរបស់ខ្លួន នៅក្រោយហាងលក់បាយយីហោ៩៩ ដោយចាប់បើកពីម៉ោង១១ ថ្ងៃត្រង់ រហូតដល់ល្ងាច យ៉ាងគឃ្លើនមិនខ្លាចច្បាប់ទេ ដោយសំអាងថា ខ្លួនជាអធិការរង មានអំណាចពេញដៃ ហើយកន្លងមកកូនចៅរបស់អធិការរូបនេះ បានដេញវាយអ្នកកាសែត ដែលផ្សាយពីបទល្មើសរបស់ខ្លួន។
ពលរដ្ឋសំណូមពរដល់លោកអធិការស្រុកជើងព្រៃ លោកស្នងការនគរបាលខេត្តកំពង់ចាម និងលោកអភិបាលខេត្តកំពង់ចាម មេត្តាចុះបង្រ្កាបទីតាំងល្បែងស៊ីសងនេះផង កុំឲ្យអធិការរងស្រុកជើងព្រៃ ឈ្មោះកាំង គឹមហុង ធ្វើព្យុះធ្វើភ្លៀងបើកល្បែងស៊ីសងតាមទំនើងចិត្តបែបនេះទៀត។
ជុំវិញនឹងការចោទប្រកាន់ខាងលើនេះ អ្នកសារព័ត៌មាននៅមិនអាចសុំការបកស្រាយពីលោកកាំង គឹមហុង អធិការរងស្រុកជើងព្រៃ បាននៅឡើយទេ ដោយខលទៅនៅក្រៅតំបន់សេវា៕AFN

