ភ្នំពេញ៖សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងដែលនឹងត្រូវចាត់តាំងឲ្យបំពេញភារកិច្ចចូលរួមរក្សាការពារសន្តិសុខ នៅគ្រប់មណ្ឌលបោះឆ្នោត ទូទាំងប្រទេស មាន០៤ប្រភេទគឺ កម្លាំងនគរបាលជាតិ កម្លាំងកងយោទ្ធពលខេមរភូមិន្ទ កម្លាំងកងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងកម្លាំងប្រជាការពារ។ នេះបើយោងតាមផ្អែកតាមលទ្ធផលនៃកិច្ចប្រជុំ នៅតាមបណ្ដាលស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត មានកម្លាំងគ្រប់គ្រាន់ដើម្បីទ្រោលសភាពការណ៍ ក្នុងការរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសម្រាប់គ្រប់សកម្មភាពគណបក្សនយោបាយ ភ្នាក់ងារពាក់ព័ន្ធ និងប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។


ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ បានដឹកនាំស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ប្រជុំត្រួតពិនិត្យផែនការដាក់ពង្រាយកម្លាំងសន្តិសុខ ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងកិច្ចដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅមានថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។


សូមបញ្ជាក់ជូនថា ការរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម មុនពេល អំឡុងពេលនិងក្រោយពេលបោះឆ្នោត គឺជាកត្តាសំខាន់ដែលចូលរួមចំណែកឲ្យដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ប្រព្រឹត្តទៅដោយត្រឹមត្រូវ សេរី និងយុត្តិធម៌ ៕ដោយ៖AFN
