ខេត្តកំពត៖សេចក្តីរាយការណ៍បានឲ្យដឹងថា ទីតាំងសង្វៀនជល់មាន់និងអាប៉ោងដែលឈ្មោះ នី ជាម្ចាស់សង្វៀន កំពុងដំណើរការយ៉ាងរលូនសង្ស័យ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធមួយចំនួននៃក្រុងបូកគោ ខេត្តកំពត ជាអ្នកបើកភ្លើងខៀវ។


ទីតាំងនៅជិតផ្លូវរថភ្លេីងនៅចំណុចក្រោមចំការស្វាយក្នុងភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។
ប្រភពព័ត៌មានបានឲ្យដឹងថាទីតាំងខាងលើ កំពុងបើកដំណើរការយ៉ាងរលូនលេងជារាងរាល់ថ្ងៃ ដោយ មិនញញ្ញើត និងអាជ្ញាធរ និងសមត្ថកិច្ច ក្នុងមូលដ្ឋានឡើយ ដែលផ្ទុយពីគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ទាំង៩ចំនុច របស់រដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ នោះទេ។ប្រភពពីអ្នកចេញចូលលេងល្បែងសុីសងបានលួចខ្សឹបប្រាប់អ្នកសារព័ត៌មានយើងថា៖ ទីតាំងគេបើកលេងជាយូរណាស់មកហើយ ឈ្មោះ នី ជាម្ចាស់សង្វៀន បានរត់ការគ្រប់ច្រកល្ហក ដើម្បីឲ្យអាជ្ញាធរ និងសមត្ថកិច្ច ពាក់ពន្ធ័ ជួយរក្សាភាពស្ងៀមស្ងាត់ ពោលគឺបើកលេងយ៉ាងសេរី ចំពោះ អាជ្ញាធរមានសមត្ថកិច្ចមិនចាំបាច់ព្រួយបារម្មឡើយ ។ប្រភពពីប្រជាពលរដ្ឋដែលរស់នៅជិតទីតាំងជល់មាន់ នឹងអាប៉ោងបានឲ្យដឹងថា៖ ចំពោះទីតាំងល្បែងសុីសងខុសច្បាប់មួយនេះ ពីមួយថ្ងៃទៅមួយថ្ងៃគេឃើញមានមនុស្សចេញចូលលេងយ៉ាងច្រើនកុះករ ដូចដង្ហែកឋិន ដោយមិនខ្លាចញញើតអ្វីទាំងអស់។ពលរដ្ឋដាក់ការសង្ស័យថា អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវរ៉ូវគ្នាជាមួយម្ចាស់ទីតាំងខាងលើ អស់ហើយទេដឹងឬមួយខ្លាចបែកឆ្នាំងបាយបានជាមិនហ៊ានបង្ក្រាបទើបបណ្ដែតបណ្ដោយឲ្យបុគ្គលឈ្មោះ នី (ម្ចាស់សង្វៀន) បានបើកសង្វៀនបញ្ជល់មាន់ និងវង់បៀរ អាប៉ោង ទ្រង់ទ្រាយធំ យ៉ាងគគ្រឹកគគ្រេងទៅវិញ។ ព្រោះថាល្បែងស៊ីសងគ្រប់ប្រភេទនេះហើយ បង្កឲ្យមានបទល្មើស ចោរកម្ម លួច ឆក់ ប្លន់ និង អំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។ ជាហេតុនាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្ភ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងមូលដ្ឋានជាដើម។ពាក់ព័ន្ធរឿងល្បែងសុីសងខុសច្បាប់ខាងលើ លោក ភី ឌក មេប៉ុស្តិ៍ព្រែកត្នោត លោកបាននិយាយប្រាប់យ៉ាងខ្លីថាចំពោះបញ្ហាសង្វៀនបញ្ជល់មាន់របស់ឈ្មោះ នី នេះលោកមិនមានសមត្ថភាពបង្ក្រាបនោះទេគឺត្រូវតែរង់ចាំបទបញ្ជាពីថ្នាក់ក្រុងទើបលោកហ៊ានចុះបង្ក្រាប។ចំណែកលោកព្រាប សាមិត្ត អធិការក្រុងបូកគោ មិនអាចសុំការបំភ្លឺបានទេ។ទោះជាយ៉ាងណាក្ដី បងប្អូនប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាមានវិធានការបង្ក្រាបនូវល្បែងស៊ីសង ជល់មាន់ និងអាប៉ោងខាងលើនេះផងទាន។ហើយបងប្អូនប្រពលរដ្ឋ មានសង្ឃឹមនឹងជឿជាក់លើលោក ឧត្តមសេនីយ៍ទោ ស្នងការខេត្ដកំពតនិង ឯកឧត្តម អភិបាលខេត្តកំពត នឹងមានចំណាត់ការចំពោះករណី ល្បែងស៊ីសងខាងលើនេះ ដើម្បីឲ្យស្របតាម គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ទាំង៩ចំណុច ផង៕AFN

