Wednesday, July 16, 2025
Header Banner

ពិធីបើកកិច្ចសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំ ពាក់ព័ន្ធ សម្រាប់ភូមិភាគទី៤នៅខេត្តសៀមរាប

សៀមរាប៖នៅសាលប្រជុំសាលាខេត្តសៀមរាប មានកិច្ចប្រជុំបើកកិច្ចសវនកម្មផ្ទៃ ក្នុង ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ សម្រាប់ភូមិភាគទី៤ (ខេត្តសៀមរាប កំពង់ធំ ព្រះវិហារ និងខេត្តឧត្តរមានជ័យ) ក្រោមអធិបតីភាពឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការ ទទួលបន្ទុក អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ និង ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាអនុរដ្ឋលេខាធិការ ,អគ្គនាយក និង តំណាងរដ្ឋបាលខេត្តកំពង់ធំ ព្រះវិហារ និង ខេត្តឧត្តរមានជ័យ និង លោកស្នងការនគរបាលខេត្តពាក់ព័ន្ធ ,សាលានគរបាលភូមិភាគ ប្រធានពន្ធនាគារពាក់ព័ន្ធ ,លោក លោកស្រី រដ្ឋបាលក្រុង-ស្រុក អធិការក្រុង-ស្រុក មន្ត្រីពាក់ព័ន្ធនៅពន្ធនាគារខេត្ត និង ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផងដែរ ។


ក្នុងនាមតំណាងភូមិភាគ៤ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានមានចំណាប់អារម្មណ៍ដោយបានបញ្ជាក់ថា ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ព្រមទាំងអនុវត្តតាមគោលនយោបាយអាទិភាព ក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ និង ផ្អែកតាមផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០១៩-២០២១ បានធ្វើឱ្យការអនុវត្តការងារមានវឌ្ឍនភាពជាលំដាប់តាមរយៈការពង្រឹង និង ពង្រីកវិសាលភាពសវនកម្ម តាមបណ្តាអង្គភាព ថ្នាក់ជាតិ និងពីរដ្ឋបាលខេត្ត រហូតដល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត អធិការដ្ឋាននគរបាលក្រុង-ស្រុក-ខណ្ឌ សាលានគរបាលភូមិភាគ និង ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ និង ពន្ធនាគារតាមបណ្តារាជធានី-ខេត្ត ។ ឯកឧត្តមបានបន្តទៀតថា ការធ្វើកិច្ចសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២១ និង បណ្តាឆ្នាំពាក់ព័ន្ធ សម្រាប់ភូមិភាគទី៤ នាពេលឱកាសនេះ គឺចូលរួមចំណែកនូវការគ្រប់គ្រង និងអភិបាលកិច្ចល្អ ព្រមទាំងការពង្រឹងការអនុវត្តវិសាលភាពគោលដៅសវនដ្ឋាន លើកកម្ពស់គុណភាពសវនកម្មផ្ទៃក្នុង ក្រមសីលធម៌ និងពង្រឹងការអនុវត្តអភិបាលកិច្ចល្អ ដើម្បីពង្រឹងប្រសិទ្ធភាព និងសុចរិភាពនៃប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង លើការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងបញ្ជីជនជាប់ឃុំឃាំង និងការអភិវឌ្ឍន៍សមត្ថភាពអង្គភាព សំដៅរួមចំណែកពង្រឹងវិស័យសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ឡាំ ជា បានថ្លែងអំណរគុណចំពោះវត្តមានរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងបីផ្នែក (ផ្នែករដ្ឋបាលស៊ីវិល ផ្នែកសន្តិសុខសាធារណៈ និងផ្នែកពន្ធនាគារ) ដែលបានចូលរួម ក្នុងកិច្ចប្រជុំនាពេលនេះ និង តែងតែសហការយ៉ាងជិតស្និទ្ធិជាមួយក្រុម គណៈប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ នាពេលកន្លងមក ។ ឯកឧត្តម បានបន្តទៀតថា ចាប់តាំងពីដើមឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ននេះ គឺទូទាំងប្រទេសនៅលើពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ បានជួបបញ្ហាប្រឈមនូវការរីករាលដាលនៃជម្ងឺកូវីដ១៩ ដែលមានផលប៉ះពាល់ដល់កត្តាជីវភាពរស់នៅ និងចំណូលប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ មួយចំនួននៅតាមបណ្តារាជធានី ខេត្ត ។ ដោយការរីករាលដាលនៃជម្ងឺកូវីដ១៩ ប្រទេសកម្ពុជា ក្នុងរយៈពេល ២ឆ្នាំមកនេះ ពោលឆ្នាំ២០២០ និងឆ្នាំ២០២១ គឺអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានខកខានក្នុងការ បំពេញបេសកកម្មចុះធ្វើការងារសវនកម្មតាមបណ្ដារដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ និង រដ្ឋបាលឃុំ សង្កាត់,

ស្នងការដ្ឋាននគរបាល រាជធានីខេត្ត អធិការដ្ឋានក្រុង ស្រុក ខណ្ឌ និងប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ និង ពន្ធនាគារ រាជធានី ខេត្ត និងមណ្ឌលអប់រំកែប្រែ ។

ការរៀបចំកិច្ចប្រជុំបើកកិច្ចសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅតាមបណ្តាភូមិភាគនីមួយៗ ទូទាំងប្រទេស ពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងបុគ្គលិក ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តល់ អនុសាសន៍មួយចំនួនជូនរដ្ឋបាលខេត្ត ស្នងការដ្ឋាននគរបាលខេត្ត និង ពន្ធនាគារខេត្ត ព្រមទាំងគណៈប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង គឺត្រូវបន្តពង្រឹងសមត្ថកិច្ច កិច្ចការជំនាញសវនកម្មរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និង ការទទួលខុសត្រូវខ្ពស់ ពិសេសត្រូវធ្វើបច្ចុប្បន្នភាពលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធក្នុងវិស័យរដ្ឋបាលស៊ីវិល សន្តិសុខសាធារណៈ និង ពន្ធនាគារ ព្រមទាំងតាមដានរាល់ការដាក់ អនុសាសន៍ជូនសវនដ្ឋាន ដើម្បីកំណត់ពេលពេលវេលាក្នុងរយៈពេល៦ខែ ឬយ៉ាងយូរបំផុត១២ខែ សម្រាប់បន្តតាមដាន និងវាយតម្លៃលើស វនដ្ឋាន ក្នុងការគោរព និង អនុវត្តតាមអនុសាសន៍របស់គណៈប្រតិភូ និង ត្រូវបន្តផ្សព្វផ្សាយឲ្យបាន ទូលំទូលាយអំពីតួនាទី និងភារកិច្ចរបស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង សំខាន់ត្រូវពន្យល់ដល់សវនដ្ឋានអំពីភាពខុសគ្នារវាងតួនាទី និង ភារកិច្ចរបស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ។ ឯកឧត្តមបានផ្តាំផ្ញើ ដល់រដ្ឋបាលខេត្ត ក្រុង ស្រុក ស្នងការ អធិការ និង ពន្ធនាគារ ពង្រឹងការគ្រប់គ្រងការចុះបញ្ជីទ្រព្យសម្បត្តិរដ្ឋ ក្នុងការបញ្ជៀសនូវវិវាទផ្សេងៗកើតឡើង និងគ្រប់គ្រងឲ្យបានពិរទ្ទជនក្នុងពន្ធនាគារ លើការប្រើប្រាស់គ្រឿងញៀន និង មានការប្រុងប្រយ័ត្នខ្ពស់ចំពោះជនឧក្រិដ្ឋប្របើប្រាស់ទូរស័ព្ទបញ្ជាដល់ជនខាងក្រៅប្រព្រឹត្តបទល្មើស និង ត្រូវបន្តផ្សព្វផ្សាយអំពីគោលដៅនៃការចុះ ធ្វើសវនកម្មដល់រដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដើម្បីឲ្យអង្គភាពរងសវនកម្មរៀបចំទុកដាក់នូវឯកសារហិរញ្ញវត្ថុ សក្ខីប័ត និងឯកសារពាក់ព័ន្ធ ដែលជាកម្មវត្ថុនៃការចុះត្រួតពិនិត្យរបស់គណៈប្រតិភូ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ៕ដោយ៖AFN(ប្រភពពី៖អ្នកព័ត៌មានរដ្ឋបាលខេត្តសៀមរាប)

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម