***ពលរដ្ឋស្នើឲ្យថ្នាក់ដឹកនាំ បន្តវះកាត់សាច់ស្អុយដើម្បីឲ្យសង្គមមានការរីកចម្រើនជាពិសេសយុវជនមានអនាគតល្អ…
សៀមរាប៖បន្ទាប់ពីអាវុធហត្ថលើផ្ទៃប្រទេសចាប់ខ្លួនមន្ត្រីអាវុធហត្ថខេត្តសៀមរាបចំនួន២រូប បញ្ជូនមកកាន់តុលាការខេត្តសៀមរាប ដើម្បីមាននិតិវិធីបន្តលើសំណុំរឿងនេះយ៉ាងល្អិតល្អន់ ហើយក៏បានសម្រេចឲ្យឃុំខ្លួនបណ្ដោះអាសន្ន និងបានបញ្ជូនទៅពន្ធនាគារ នៅល្ងាចថ្ងៃទី៣០ខែមេសា ឆ្នាំ២០២២។


សូមរំលឹកថា នាយអាវុធហត្ថដែលរកឃើញបទល្មើសពាក់ព័ន្ធនឹងពីរនាក់នេះ គឺដោយគាត់បំពេញតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តែតាមការស្រាវជ្រាវរបស់គណៈកម្មការចំពោះកិច្ចរបស់កងរាជអាវុធហត្ថបានរកឃើញថា គាត់ប្រព្រឹត្តបទល្មើសនៅក្នុងការបំពេញតួនាទីដោយគាត់ផ្សំគំនិតជាមួយនឹងការជួញដូរគ្រឿងញៀន។ អីចឹងទេកងរាជអាវុធហត្ថធ្វើការបង្ក្រាបតែម្តងដោយមិនចាំបាច់ឲ្យអង្គភាពណាមកបង្ក្រាបទេ គឺអាវុធហត្ថយកការទទួលខុសត្រូវដោយខ្លួនឯង។
សមត្ថកិច្ចបន្ថែមថា នាយអាវុធហត្ថដែលឃាត់ខ្លួននោះមានឈ្មោះ វរសេនីយ៍ត្រី ធាវ ច័ន្ទតារា នាយការិយាល័យប្រឆាំងបទគ្រឿងញៀន,ទី២.នាយចំណង់ នាម ណាក់ ជំនួយការណ៍ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន។
មន្ត្រីសាលាដំបូងខេត្តសៀមរាប បានឲ្យដឹងនៅល្ងាចថ្ងៃទី៣០ ខែមេសានេះថា បន្ទាប់ពីទួលបានសំណុំរឿង ២ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងអយ្យការ ពិនិត្យសំណុំរឿងរួចក៏បានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ ហើយបានសម្រេចបញ្ជូនមន្ត្រីអាវុធហត្ថទាំងពីររូបទៅពន្ធនាគារជាបណ្ដោះអាសន្នដើម្បីមានវិធានការតាមផ្លូវច្បាប់។

ពាក់ព័ន្ធនឹងករណីនេះដែរ មហាជនបានកោតសរសើរដល់កម្លាំងវុធហត្ថលើផ្ទៃប្រទេស ដែលបានវះកាត់សាច់ស្អុយតាមអនុសាសន៍របស់ថ្នាក់ដឹកនាំ ដើម្បីសំដៅធ្វើយ៉ាងណាឲ្យបទល្មើសគ្រឿងញៀននៅក្នុងប្រទេសកម្ពុជាមានការថយចុះ។មហាជនបន្តទៀតថា បើអាចថ្នាក់ដឹកនាំគួរតែបន្តវះកាត់សាច់ស្អុយដែលនៅសេសសល់បន្ថែមទៀត ដើម្បីឱ្យយុវជនជំនាន់ក្រោយមានអនាគតល្អ៕ដោយ៖AFN






