ខេត្តរតនគិរី៖សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកនៃអធិការស្រុកលំផាត់ បានឃាត់ខ្លួនអ្នកបើករថយន្តក្រោយពីបុកអ្នកជិះម៉ូតូស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូបានកើតឡើងនៅចំណុចមុខតូបជាងម៉ាន លើផ្លូវជាតិលេខ៧៦ ចន្លោះបង្គោល២៧១/២៧២ ស្ថិតនៅក្នុងភូមិដីឡូតិ៍ ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរីកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២។


សមត្ថកិច្ចបានឲ្យដឹងថា ករណីខាងលើនេះ រថយន្តម៉ាកស្កេននៀ ពណ៌សរ ពាក់ស្លាកលេខត្បូងឃ្មុំ 3A-3276 ធ្វើដំណើរពីជើងទៅត្បូង បើកបរដោយឈ្មោះ ថុល លីណេត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបើកបរឡានដឹកដីក្នុងក្រុមហ៊ុនចម្ការចេកស្រុកលំផាត់ មានទីលំនៅភូមិរមូល ឃុំរអាង ស្រុកកំពង់សៀម ខេត្តត្បូងឃ្មុំ (គ្មានរបួស)។


អ្នករួមដំណើរ ឈ្មោះ ខុម សុឃា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរថៅកែរថយន្តដឹកដីក្នុងក្រុមហ៊ុនចម្ការចេកស្រុកលំផាត់។ មានទីលំនៅភូមិ៥៥ ឃុំក្រែក ស្រុកពញាក្រែក ខេត្តកំពង់ចាម (គ្មានរបួស)។
ចំណែកភាគីម៉ូតូម៉ាកឆ្លាម ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើដំណើរពីត្បូងទៅជើង បើកបរដោយឈ្មោះ ធៀង មៀង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិឡាវ មុខរបរ កសិករ មានទីលំនៅភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី បានស្លាប់នៅកន្លែងកើតហេតុ(ភិនភាគរបួសបាក់ភ្លៅឆ្វេង បាក់កដៃឆ្វេង បែកមុខ)។
អ្នករួមដំណើរ ឈ្មោះ ដុំ ឆវី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិឡាវ មុខរបរ កសិករ មានទីលំនៅភូមិ-ឃុំជាមួយអ្នកបើកបរ។ (ភិនភាគរបួសធ្ងន់ បាក់ភ្លៅខាងឆ្វេង បាក់កដៃឆ្វេង និងឈាមតាមច្រមុះ ត្រចៀក និងសន្លប់)។
ក្រោយពេលកើតហេតុកម្លាំងជំនាញនិងកម្លាំងប្រចាំបញ្ជាអធិការដ្ឋាននគរបាលស្រុកលំផាត់ បានតាមស្រាវជ្រាវរករថយន្តគេចពីកន្លែងកើតហេតុ បានរកឃើញរថយន្តនិងអ្នកបើកបរ អ្នករួមដំណើរ ចំងាយជាង១០គីឡូម៉ែត្រពីកន្លែងកើតហេតុ។
ក្នុងនោះដោយមានការសម្របសម្រួលនិតិវីធីពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី បានធ្វើការឃាត់ខ្លួន អ្នកបើកបររថយន្ត ដែលមានអត្តសញ្ញាណខាងលើជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកលំផាត់ ដើម្បីកសាងសំណុំរឿងតាមនិវិធី។
ចំពោះវត្ថុតាងរថយន្ត១គ្រឿងនិងម៉ូតូ១គ្រឿងបានយកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីបំពេញបែបបទតាមនីតិវិធី។
ដោយឡែក សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕ដោយ៖សំខាន់




