សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងជំនាញរដ្ឋបាលខេត្តសៀមរាប បានសហការគ្នាចុះឃាត់រ៉ឺម៉កដឹកធ្យូងចំនួន៤គ្រឿង ដែលដឹកល្មើសច្បាប់ នៅចំណុចផ្លូវជាតិលេខ៦ ក្នុងភូមិកកោះ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។

ដោយមើលឃើញមានសកម្មភាពលួចរានព្រៃឈើរបស់រដ្ឋនៅតាមភូមិសាស្ត្រផ្សេងៗហើយត្រូវក្រុមឈ្មួញធ្វើឡដុតធ្យូងដឹកលក់យ៉ាងអាណាធិបតេយ្យ ទើបកម្លាំងជំនាញរដ្ឋបាលព្រៃឈើខេត្តសៀមរាប ធ្វើការស្រាវជ្រាវបង្ក្រាបជាបន្តបន្ទាប់នៅតាមផ្លូវនិងកន្លែងផលិត។
លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាប បានមានប្រសាសន៍ឲ្យដឹងនៅរសៀលថ្ងៃទី០៣ខែឧសភាឆ្នាំ២០២២នេះថា ក្រុមចល័តខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ផ្នែករដ្ឋបាលព្រៃឈើជីក្រែងនិងសង្កាត់រដ្ឋបាលព្រៃឈើជីក្រែង បានសហការគ្នាចុះឃាត់ចាប់រ៉ឺម៉កដឹកធ្យូងចំនួន៤គ្រឿង នៅចំនុចផ្លូវជាតិលេខ៦ ក្នុងភូមិកកោះ ឃុំគោកធ្លកក្រោម ស្រុកជីក្រែងខេត្ត សៀមរាប នារសៀលថ្ងៃទី០២ខែឧសភាឆ្នាំ២០២២ ដែលមាន ធ្យូងសុរបមានចំនួន៦១៧ ការុងស្មើនិង ១២៣៤០ គីឡូក្រាម ។
លោកបន្តថា បច្ចុប្បន្នធ្យូង និង រឺម៉កបានយកមករក្សាទុកនៅទីស្នាក់ការផ្នែករដ្ឋបាលព្រៃឈើជីក្រែង ដើម្បីមានវិធានការទៅតាមផ្លូវច្បាប់។
លោកបញ្ចាក់ថា កន្លងទៅកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានសហការគ្នាជាមួយសមត្ថកិច្ចមូលដ្ឋាន ធ្វើការចុះបង្ក្រាបទីតាំងឡដុតធ្យូងជាច្រើនកន្លែងនៅក្នុងភូមិសាស្ត្រនៃស្រុកជីក្រែង។ការធ្វើបេបនេះគឺសំដៅរក្សាព្រៃឈើរបស់ឲ្យនៅគង់វង្សបានយូអង្វែង៕AFN



