Monday, November 10, 2025
Header Banner

ពិធីឡើងអ្នកតា របស់អ្នកភូមិនៅជុំវិញវត្តអធ្វាខេត្តសៀមរាប

សៀមរាប៖ក្រុមអ្នកភូមិមានប្រុស ស្រី ក្មេងចាស់បានប្រមូលផ្តុំគ្នានៅថ្ងៃអង្គារទី៣ខែឧសភាដើម្បីប្រារព្ធពិធីមួយនៅក្នុងប្រាសាទអធ្វា ក្នុងភូមិត្រៀក សង្កាត់សៀមរាប ដែលអ្នកស្រុកតែងហៅថាពិធីឡើងអ្នកតាឬ(ឡើងម្ចាស់ស្រុក)។ពិធីនេះគឺក្រុមអ្នកភូមិតែងតែនាំគ្នាប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅចំថ្ងៃ៣កើតខែមាឃ ឬក៏ថ្ងៃ៣កើតខែពិសាខ។

ក្រុមអ្នកភូមិបានឱ្យដឹងថាដើម្បីឱ្យពិធីឡើងអ្នកតាឬពិធីឡើងម្ចាស់ស្រុកអាចប្រព្រឹត្តទៅបានគឺពួកគាត់បានរៃអង្គាសប្រាក់គ្នា ដើម្បីយកមកធ្វើបាយ សម្ល នំ ចំណីនិងទិញផ្លែឈើ ព្រមទាំងគ្រឿងដង្វាយខ្លះទៀត មានដូចជាក្បាលជ្រូក មាន់ស្ងោរ ភេសជ្ជៈផ្សេងៗ ព្រមទាំងគ្រឿងស្រវឹងខ្លះផង យកទៅរៀបចំធ្វើជាគ្រឿងសំណែននិងដង្វាយ។ពិធីឡើងអ្នកតាឬឡើងម្ចាស់ស្រុកនេះ ធ្វើយ៉ាងសាមញ្ញ ដោយគ្រាន់តែនៅកន្លែងដែលគេត្រូវប្រារព្ធ មានស្លាធម៌ បាយសី មានគ្រឿងសំណែន មានផ្ដិលទឹកនិងផ្កាមួយថាស ទៀនធូប ដោយមានចាស់ព្រឹទ្ធាចារ្យ អ្នកស្នងរូបនិងក្រុមអ្នកភ្លេងអារក្ស មកជួបជុំគ្នាអុជទៀន ធូបបួងសួងក៏អាចធ្វើទៅបាន។ការចាប់ផ្ដើមនៃពិធីឡើងអ្នកតានេះ មិនមានព្រះសង្ឃសូត្រធម៌ និងអាចារ្យធ្វើពិធីបួងសួងអ្វីដូចពិធីដទៃទេ គឺកិច្ចចាប់ផ្ដើមដំបូង ដោយគ្រាន់តែក្រុមអ្នកភ្លេង បានចាប់ផ្ដើមប្រគុំហើយស្រែកច្រៀងអញ្ជើញ ព្រលឹងនិងបារមីអ្នកថែរក្សា ម្ចាស់ទឹកដីឱ្យមកចូលរួមសប្បាយនិងសេពសោយអាហារ ហើយបន្ទាប់មក មានសម្លេងស្រែកបន្ទរថា(យក្សអរ)៣ចប់ប៉ុណ្ណោះ ក៏មានព្រលឹងនិងវិញ្ញាណ នៃអ្នកថែរក្សា ម្ចាស់ទឹក ម្ចាស់ដី បានមកសណ្ឋិត លើអ្នកស្នងរូបទាំងឡាយ ដោយចាប់ផ្ដើមរាំចាក់ក្បាច់និងលូនក្រាបទៅតាមលំនាំរបស់គេទៅហើយ។លោក សុង ស៊ាង អាយុ៧៥ឆ្នាំ ដែលជាចាស់ព្រឹទ្ធាចារ្យ នៅក្នុងពិធីឡើងអ្នកតានោះ មានប្រសាសន៍ឱ្យដឹងថាពិធីឡើងអ្នកតានេះ មានជាយូរយារណាស់មកហើយដោយលោកមិនដឹងថាចាប់ពីពេលណាមកឡើយ។នៅឆ្នាំនេះ អ្នកស្រុកមកពីភូមិចំនួន៤ បានមកធ្វើពិធីឡើងអ្នកតាឬពិធីឡើងម្ចាស់ស្រុក នៅក្នុងប្រាសាទអធ្វានេះ។

អ្នកភូមិទាំងនោះ មកពីភូមិក្រសាំងរលើង ភូមិទ្រាក ភូមិកក្រាញ់នៃសង្កាត់សៀមរាប ក្រុងសៀមរាបនិងអ្នកភូមិស្ពានជ្រាវ។លោកព្រឹទ្ធាចារ្យដដែល មានប្រសាសន៍ទៀតថាពិធីឡើងអ្នកតានេះ គឺអ្នកភូមិតែងនាំគ្នាប្រារព្ធធ្វើជារៀងរាល់ឆ្នាំមិនដែលខាន ដើម្បីសុំឱ្យម្ចាស់ទឹក ម្ចាស់ដីតាមជួយថែរក្សានិងសូមឱ្យអ្នកស្រុក អ្នកស្រែព្រមទាំងសត្វចិញ្ចឹមបានសេចក្តីសុខ សប្បាយជៀសផុតអស់គ្រោះកាចចង្រៃទាំងឡាយចេញពីភូមិនិងស្រុក ព្រមទាំងសុំឱ្យមានទឹកភ្លៀងបរិបូរណ៍និងដីមានជីជាតិ ធ្វើឱ្យកសិកម្មទទួលបានផលល្អផងដែរ។ក្រុមអ្នកភូមិដែលមានជំនឿលើពិធីឡើងអ្នកតានេះ នៅពេលដែលមានស្នងចូលរូបម្ដងៗគឺពួកគេតែងនាំគ្នាសំពះ ព្រមទាំងសូមឱ្យស្នងរូបនោះ ប្រោះព្រំទឹកមន្តឬក៏ជួយប្រសិទ្ធិពរជ័យសិរីសួស្ដី ស្ដោះផ្លុំ មកឱ្យពួកគេជាដើម។

តាមលោកព្រឹទ្ធាចារ្យ សុង ស៊ាង ឱ្យដឹងថាពិធីឡើងអ្នកតា របស់អ្នកភូមិនេះគឺតែងតែងធ្វើឡើងនៅក្នុងប្រាសាទអធ្វា ពីព្រោះគេជឿថាបារមីរបស់អ្នកតាមួយអង្គព្រះនាមមហារាជ មហាជម្ពូរបានគង់នៅក្នុងនោះ ។ចំណែកឯរូបស្នង សម្រាប់ចូលរូប នៅក្នុងពិធីឡើងអ្នកតានោះ គឺមានមនុស្សស្រី៣នាក់ ដោយម្នាក់ជាស្នងរូបឱ្យអ្នកតាម្ចាស់ស្រុកដែលធំជាងគេ ម្នាក់ទៀតជាស្នងរូបពស់ខៀវ រូបយមភូបាល រូបក្រពើសនិងម្នាក់ទៀតគឺជាស្នងរូបរបស់គ្រូបាធ្យាយ។សូមបញ្ជាក់ថានៅវត្ដអធ្វា គឺមានទម្លាប់ខុសពីវត្ដដទៃទៀតនៅក្នុងប្រទេសកម្ពុជា ដោយសារវត្តនេះ មិនប្រារព្ធធ្វើពិធីបុណ្យពិសាខបូជាទេ ដោយសារតែនៅថ្ងៃ៣កើតខែពិសាខ ជារៀងរាល់ឆ្នាំគឺអ្នកភូមិតែងនាំគ្នាធ្វើពិធីឡើងអ្នកតា។ ក៏ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយ ក៏នៅចំថ្ងៃពិសាខបូជានោះ គឺក្រុមអ្នកភូមិ តែងនាំគ្នាធ្វើពិធីនិមន្តព្រះសង្ឃឆាន់ចង្ហាន់ នៅលើទួលបុរាណមួយដែលអ្នកភូមិហៅថាទួលតាមឿង ជាផ្នែកមួយនៃរចនាសម្ព័ន្ធរបស់ប្រាសាទអធ្វាដែរ។នៅថ្ងៃជាមួយគ្នាដែលអ្នកភូមិធ្វើពិធីឡើងអ្នកតាឬពិធីឡើងម្ចាស់ស្រុកនេះដែរ ក្រៅតែពីអ្នកភូមិបានធ្វើពិធីសែនព្រេន និងបញ្ចូលរូប នៅក្នុងប្រាសាទអធ្វានោះ អ្នកភូមិក៏នៅបន្តធ្វើពិធីនេះនៅទួលទួលដូនប៉ុក ហើយបញ្ចប់នៅកន្លែងទួលតាមឿង។នៅលើទួលតាមឿងនោះ គឺក្រុមអ្នកភូមិបានធ្វើពិធីបញ្ចប់ដោយពិធីបញ្ជូនអ្នកតាឡើងគោក។ ពិធីបញ្ជូនអ្នកតាឡើងគោកនេះ គឺមានន័យថាជាពិធីមួយដែលគេធ្វើឡើងក្នុងន័យឱ្យអ្នកតានាំយកអស់គ្រោះកាច គ្រោះភ័យ ចង្រៃឧបទ្រពទាំងឡាយចេញពីភូមិ ស្រុកទាំងអស់ហើយ នាំមកនូវសេចក្តីសុខ ចំរើនសិរីសួស្ដីចូលមកជំនួសវិញ។ក្នុងពិធីបញ្ជូនអ្នកតាឡើងគោកនោះ គឺគេសំដៅឱ្យអ្នកតាឡើងទៅលើភ្នំគូលែន ដោយគេមានធ្វើឡានក្រដាសជូនដំណើរអ្នកតា ជាមួយនិងការសែនបាយទឹកដាក់ក្នុងឡាននោះផង ហើយគេក៏យកឡានក្រដាសនៅទៅដាក់នៅទិសខាងជើងឆ្ងាយពីកន្លែងពិធី ដោយសន្មត់ថាអ្នកតាបានធ្វើដំណើរទៅហើយ៕AFN

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម