Monday, November 10, 2025
Header Banner

រដ្ឋបាលខេត្តរតនគិរី បើកកិច្ចប្រជុំសាមញ្ញលើកទី៣៥ របស់ក្រុមប្រឹក្សាខេត្ត

ខេត្តរតនគិរី៖កាលពីព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២រដ្ឋបាលខេត្តរតនគិរី បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តរតនគិរី។ កិច្ចប្រជុំប្រព្រឹត្តិទៅ ក្រោមអធិបតីភាពឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្ត នាយក-នាយករងទីចាត់ការសាលាខេត្ត ប្រធានច្រកអន្តរជាតិអូរយ៉ាដាវ ប្រធាន-អនុប្រធាន មន្ទីរ-អង្គភាព ជុំវិញខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួន។

របៀបវារៈកិច្ចប្រជុំរួមមាន៖ ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៤ របស់ក្រុមប្រឹក្សាខេត្ត។ សេចក្តីថ្លែងហេតុរបស់ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត ស្តីពីរបាយការណ៍ ប្រចាំខែមេសា និងរបាយការណ៍ប្រចាំត្រីមាសទី១ របស់រដ្ឋបាលខេត្ត។ ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២២ និងទិសដៅការងារបន្តប្រចាំខែឧសភា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត។ ពិនិត្យ ពិភាក្សា និងអនុម័តរបាយការណ៍ ប្រចាំត្រីមាសទី១ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្តឆ្នាំ២០២២។ ពិនិត្យ និងអនុម័ត សេចក្តីព្រាង សេចក្ដីសម្រេច ស្ដីពីការបែងចែកតួនាទីភារកិច្ច និងរបៀបរបបការងារជូនគណៈអភិបាលខេត្តរតនគិរី។

មានប្រសាសន៍បើកកិច្ចប្រជុំ ឯកឧត្ដម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី បានលើកឡើងថា កិច្ចប្រជុំនាពេលនេះ ពិតជាមានសារ:សំខាន់ចំពោះ ការតាក់តែងនូវឯកសារសម្រាប់កិច្ចប្រជុំ ពិសេស គឺធ្វើឡើងដើម្បីស្វែងរកនូវចំនុចខ្វះខាត ដោយសមាជិកដែលចូលរួមទាំងអស់ បានលើកឡើងក្នុងអង្គប្រជុំ ធ្វើយ៉ាងណាកែលម្អអោយកាន់តែប្រសើរឡើង សម្រាប់ទុកជាឯកសារដ៏ល្អ ទាំងអក្ខរាវិរុទ្ធ ឃ្លោងឃ្លា និងខ្លឹមសារពោរពេញដោយអត្ថន័យ ស្របទៅនឹងឯកសារគំរូច្បាប់ដើម ព្រមទាំងបានបង្ហាញ និងណែនាំចំនុចល្អៗបន្ថែមមួយចំនួនទៀត ទុកជាបទពិសោធន៍ការងារដល់សមាជិកសមាជិកាក្នុងអង្គប្រជុំផងដែរ។

ជាមួយគ្នានោះ ឯកឧត្តម ញ៉ែម សំអឿន ក៏បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំបំពេញការងារនាពេលកន្លងមក ពិសេសឯកឧត្ដម លោកជំទាវ ក្នុងជួរក្រុមប្រឹក្សាខេត្ត ដែលបានជួយជំរុញអោយការងាររដ្ឋបាលខេត្តរតនគិរីសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរជាបន្តបន្ទាប់៕ដោយ៖សំខាន់

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម