រតនគិរី៖ទិវាដ៏មានអត្ថន័យនេះត្រូវបានរដ្ឋបាលខេត្តរតនគិរី រៀបចំធ្វើឡើងយ៉ាងមហោឡារិក នៅក្រុមហ៊ុនក្រុងប៊ុក ស្ថិតនៅស្រុកតាវែង នាព្រឹកថ្ងៃទី៦ ខែឧសភាឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី និងមានការចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវជាអភិបាលរងខេត្ត លោក លោកស្រី ជាប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក និងកម្មករនិយោជិត យ៉ាងច្រើនកុះករ។


មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនកម្មករកម្មការនីនាឱកាសនេះឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានចាត់ទុកប្រធានបទ “សន្តិភាព សុខភាព និងសន្តិសុខការងារ” ឆ្នាំ២០២២នេះ ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ និងមានតម្លៃជាសាកល ពិសេសសម្រាប់ប្រទេសកម្ពុជា ដែលធ្លាប់ទទួលបានការញាំញី ដោយសង្រ្គាម បំផ្លិចបំផ្លាញខ្ទេចខ្ទាំរាប់សតវត្សរ៍មកហើយ ដូច្នេះមានតែការរក្សាសន្តិភាពទេ ទើបមានការអភិវឌ្ឍ បង្កើតការងារ ស្ថិរភាពការងារ និងសន្តិសុខការងារ ក្នុងបរិបទ ជំងឺកូវីដ-១៩ ។


ឯកឧត្តមអភិបាលខេត្ត បានបន្តថាបច្ចុប្បន្នរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បាននឹងកំពុងផ្តោតការយកចិត្តទុកដាក់ជាខ្លាំងលើគ្រប់វិស័យ ក្នុងនោះវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើកំណែទម្រង់ជាជំហានៗ សំដៅធ្វើអោយប្រសើរឡើងនូវលក្ខខណ្ឌការងារ បង្កើនឱកាសការងារ បង្កើនការត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាព អនាម័យនៅកន្លែងធ្វើការ ពង្រឹងភាពសុខដុមរមនា នៃទំនាក់ទំនងវិជ្ជាជីវៈ ឱ្យស្របតាមតម្រូវការទីផ្សារការងារ ទាំងក្នុងប្រទេសនិងក្រៅប្រទេស សំដៅឈានទៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង។
ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា ប្រធានបទដ៏សំខាន់នេះ បានបង្ហាញឱ្យឃើញថា សន្តិភាព គឺពិតជាមានតម្លៃមិនអាចខ្វះបាននោះទេ ក្នុងការកសាង និងអភិវឌ្ឍន៍សង្គមជាតិ យើងទាំងអស់គ្នា ត្រូវតែថែរក្សា និងការពារឱ្យបាននូវសុខសន្តិភាពមួយនេះ ។ ដូចនេះនិយោជក កម្មករនិយោជិត សហជីព រក្សាឲ្យបានការសាមគ្គីភាពផ្ទៃក្នុង រវាងនិយោជក និងកម្មករនិយោជិត និងត្រូវមើលឃើញឲ្យច្បាស់អំពីផលប្រយោជន៍ផ្ទាល់ខ្លួន ផលប្រយោជន៍ក្រុមហ៊ុន ព្រមទាំងផលប្រយោជន៍សង្គមទាំងមូលផងដែរ ។ ត្រូវខិតខំអនុវត្តច្បាប់ស្ដីពីការងារនិងច្បាប់ស្ដីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិ្តនៃច្បាប់ស្ដីពីការងារ ព្រមទាំងបទប្បញ្ញត្តិពាក់ព័ន្ធនានាដើម្បីរក្សាស្ថិរភាពរបស់សហគ្រាស គ្រឹះស្ថាន និងជីវភាពរបស់កម្មករនិយោជិត។ កម្មករនិយោជិតត្រូវចាត់ទុកថា ក្រុមហ៊ុនជាឆ្នាំងបាយរបស់ខ្លួន ហើយនិយោជកត្រូវចាត់ទុកកម្មករនិយោជិតជាដៃគូ មិនអាចខ្វះបាន៕ដោយ៖សំខាន់





