Friday, March 29, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ពលរដ្ឋក្រីក្រចំនួន៣៨៨ គ្រួសារនៅស្រុកតាវែងនិងស្រុកវើនសៃទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

ខេត្តរតនគិរី៖ ក្នុងបេសកកម្មលើទឹកដីនៃខេត្តរតនគិរី នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនដល់ចាស់ជរាក្រីក្រ អ្នកផ្ទុកមេរោគអេដស៍ កុមារកំព្រា ជនមានពិការភាព ស្ត្រីមេម៉ាយមានជីវភាពខ្វះខាត និងគ្រួសារទីទ័លក្រ សម្រាប់ ៣៨៨ គ្រួសារ រស់នៅក្នុងភូមិចំនួន១៩ នៃស្រុកតាវែង (ឃុំតាវែងលើ) ស្រុកវើនសៃ (ឃុំវើនសៃ និងឃុំកុកឡាក់) នៃខេត្តរតនគិរី។

អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះខាងលើបានរៀបចំចំនួន៣ទីតាំងផ្សេងគ្នា៖ ពេលព្រឹក ទីតាំងទី១ និងទី២ សម្រាប់ប្រជាជនភាគតិច ព្រៅ លន់ និង គ្រឹង ១៨៨ គ្រួសារ នៅឃុំតាវែងលើ។ ពេលរសៀល ទីតាំងទី៣ សម្រាប់ប្រជាជនភាគតិច កាវ៉ែត និង ឡាវ ២០០ គ្រួសារ មកឃុំវើនសៃ និងឃុំកុកឡាក់ នៃស្រុកវើនសៃ ដោយក្មុង១គ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ១យួរ, ជែលលាងដៃ១ដប, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់។

ដោយឡែកចំពោះចាស់ឥតទីពឹង ស្ត្រីមេម៉ាយ និងជនមានពិការភាព ទទួលបានថវិកាបន្ថែមមួយចំនួនទៀតឯកឧត្តមវេជ្ជ. អ៊ុយ សំអាត បានមានមតិសំណេះសំណាលទៅកាន់ប្រជាពលរដ្ឋ ដែលបានចូលរួមនៅទីតាំងទាំង៣ខាងលើ ឯកឧត្តម បានពាំនាំនូវព្រះរាជបណ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ពីក្តីអាណិតស្រឡាញ់ និងនឹករលឹកជាទីបំផុត។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ទោះជាមានការមមាញឹកយ៉ាងណា លោកនៅតែបន្តដឹកនាំ និងចង្អុលបង្ហាញឲ្យក្រុមការងារចុះធ្វើសកម្មភាពមនុស្សធម៌ជាប្រចាំដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ។ឯកឧត្តមវេជ្ជបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ក៏ដូចជាសប្បុរសជននានាផ្សេងទៀតដែលតែងតែចូលរួមជាសម្ភារៈ និងថវិកាសម្រាប់សកម្មភាពមនុស្សធម៌ ជាពិសេស ព្រះរាជូបត្ថម្ភដ៏ឧត្តុងឧត្តមរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេបានប្រោសប្រទាន ព្រះរាជទ្រព្យជារៀងរាល់ខែ រៀងរាល់ត្រីមាស និងក្នុងឱកាសផ្សេងៗជាបន្តបន្ទាប់ ដើម្បីឲ្យកាកបាទក្រហមកម្ពុជា អាចបន្តសកម្មភាពមនុស្សធម៌បានកាន់តែប្រសើរ។ទន្ទឹមនេះដែរ ឯកឧត្តមវេជ្ជបណ្ឌិត ក៏បានពាំនាំនូវសារអំពាវនាវពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមថែទាំសុខភាពផ្ទាល់ខ្លួនឲ្យបានល្អ មានអនាម័យក្នុងការរស់នៅ និងប្រុងប្រយ័ត្នចំពោះអាកាសធាតុ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព។ ជាមួយគ្នានេះ សូមប្រជាពលរដ្ឋបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ចូលរួមចាក់វ៉ាក់សាំងដូសទី៣ ឬដូសទី៤ ឲ្យបានគ្រប់ៗគ្នា ព្រោះថាប្រសិទ្ធភាពនៃវ៉ាក់សាំង អាចការពារអាយុជីវិតរបស់យើងបាន ហើយបានធ្វើឲ្យយើងអាចទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងអាចស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។ប្រជាពលរដ្ឋដែលបានទទួលអំណោយទាំងនេះ បានសម្តែងនូវសេចក្តីសោមនស្សរីករាយបំផុត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសង្គ្រោះនិងសប្បុរសធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរជានិច្ច ដល់ប្រជាពលរដ្ឋ ដែលកំពុងតែជួបការលំបាកក្នុងជីវភាពគ្រប់ទីកន្លែង៕ដោយ៖សំខាន់

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម