Sunday, December 22, 2024
Header Banner

សួនរុក្ខជាតិអង្គរ៖ដាំដើមរុក្ខជាតិ ផ្កានិងឈើហូបផ្លែប្រមាណ៥០០ប្រភេទបានបើកសម្ពោធជាផ្លូវការហើយ!

សៀមរាប៖សួនរុក្ខជាតិអង្គរដែលជាប្រភេទរមណីយដ្ឋានកែច្នៃ ទំហំជាង១៥ហិកតារ ក្នុងក្រុងសៀមរាប ដោយអាចចាត់ទុកថាជាសួនមានលក្ខណៈពិសេសលើសសួនកំសាន្តដទៃទៀតនៅក្នុងប្រទេសកម្ពុជា បានបើកសម្ពោធជាផ្លូវការហើយ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី១៩ខែឧសភាឆ្នាំ២០២២។
ពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ ធ្វើឡើងក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ឯកឧត្តមជា សុផារ៉ា ដោយមានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿងសកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងឯកឧត្តមអគ្គនាយកនៃអាជ្ញាធរជាតិអប្សរាព្រមទាំងអភិបាលខេត្តសៀមរាបផង។
លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា បានថ្លែងដោយមោទនភាពនៅក្នុងឱកាសបើកសម្ពោធជាផ្លូវការសួនរុក្ខជាតិអង្គរនោះថាក្នុងរយៈពេល១ខែឬ១ខែកន្លះបន្ទាប់ពីបើកសម្ពោធជាផ្លូវការនេះ គឺអាជ្ញាធរអប្សរានឹងបើកឱ្យសាធារណជនបានចូលទៅទស្សនាដោយឥតគិតថ្លៃ ។បន្ទាប់ពីនោះ គឺមានការលក់សំបុត្រ ឱ្យភ្ញៀវចូលទស្សនាសួនរុក្ខជាតិអង្គរក្នុងតម្លៃមួយដ៏សមរម្យដើម្បីបានថវិការយកទៅថែរក្សានិងអភិវឌ្ឍន៍សួននេះ ឱ្យកាន់តែប្រសើរ។
សួនរុក្ខជាតិអង្គរជារមណីយដ្ឋានកៃច្នៃនៅក្នុងក្រុងសៀមរាប មានដាំរុក្ខជាតិចម្រុះរាប់ម៉ឺនដើម នៃពូជជាង៥០០ប្រភេទដូចជាដើមផ្កា ស្មៅ ឈើហូបផ្លែ ដោយអាចចាត់ទុកថាជាសួនមានលក្ខណៈពិសេសលើសសួនកំសាន្តដទៃទៀតនៅក្នុងប្រទេសកម្ពុជា ដោយសារតែសួននេះ ស្ថិតក្នុងរចនាបទបែបខ្មែរ មានដាំបន្លែចម្រុះជាច្រើនមុខ មានសួនរុក្ខជាតិធ្វើឱសថ សួនគ្រឿងទេស សួនអំបូរត្នោត សួនលំនៅដ្ឋានខ្មែរ សួនព្រៃឈើនិងបន្ថែមលើនេះ ក៏មានសួនសត្វជាច្រើនប្រភេទដូចជាអណ្តើក ក្ងោក ព្រាប ទន្សាយនិងសត្វស្លាបប្រវាំងជាដើមនៅក្នុងនោះដែរ។
កាលពីឆ្នាំ២០០៥សួនរុក្ខជាតិអង្គរនេះ គឺជាសួនគ្រឿងទេស ដែលមានទំហំដីត្រឹមជាង២ហិកតាប៉ុណ្ណោះ។ នៅឆ្នាំ២០១០អាជ្ញាធរជាតិអប្សរា បានរៀបចំពង្រីកសួននេះឱ្យកាន់តែធំដោយរៀបចំប្រព័ន្ធទឹក ដែលមានប្រភពពីស្ទឹងសៀមរាប ដើម្បីស្រោចស្រពរុក្ខជាតិទាំងនេះ ហើយនៅឆ្នាំ២០១៨ អាជ្ញាធរ ក៏បានដាក់បន្ថែមសត្វជាច្រើនប្រភេទ ដូចជាអណ្តើក ក្ងោក ព្រាប ទន្សាយជាដើម នៅក្នុងសួននេះថែមទៀត។
ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថាសួនរុក្ខជាតិអង្គរនេះ ត្រូវបានបំផុសគំនិតរៀបចំឡើងឱ្យមានភាពទាក់ទាញខុសប្លែកពីសួនដទៃទៀតជាច្រើន ជាពិសេសគឺមានដាំដើមឈើនិងរុក្ខជាតិកម្រៗជាច្រើនប្រភេទ ដោយពូជឈើខ្លះ នាំមកពីក្រៅប្រទេ ប្រយោជន៍សម្រាប់ឱ្យកូនខ្មែរនិងអ្នកទេសចរណ៍ជំនាន់ក្រោយៗ បានស្គាល់និងអាចមកសិក្សាស្រាវជ្រាវបាន។
សួនរុក្ខជាតិអង្គរនេះ បានបែងចែកទៅជា៥ផ្នែក គឺផ្នែកទី១ជាសួនគ្រឿងទេសនិងសួនរុក្ខជាតិឱសថ ផ្នែកទី២គឺជាសួនផ្កាស្មៅនិងផ្កាចម្រុះ ផ្នែកទី៣ជាសួនអំបូរត្នោត ដែលដាំរុក្ខជាតិអំបូរត្នោតច្រើនប្រភេទ។ ចំណែកផ្នែកទី៤ជាសួនខ្មែរ ដែលប្រមូលផ្តុំដោយឈើហូបផ្លែច្រើនប្រភេទមានទាំងឈើហូបផ្លែក្នុងប្រទេសនិងឈើនាំចូលពីបរទេសផង។ចំពោះផ្នែកទី៥វិញគឺសួនព្រៃឈើនិងសត្វព្រៃអង្គរ ដែលសួននេះជាផ្នែកមួយនៃព្រៃឈើ ក្នុងតំបន់រមណីយដ្ឋានអង្គរ ប៉ុន្តែវាត្រូវបានកែច្នៃឱ្យមានផ្លូវដើរមានទឹកដើម្បីឱ្យកាន់តែមានសម្រស់និងភាពទាក់ទាញថែមទៀត។
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានគាំទ្រចំពោះក្រសួងវប្បធម៌និងវចិត្រសិល្បៈ ជាមួយនិងអាជ្ញាធរអប្សរាដែលបានបង្កើតជាសួនរុក្ខជាតិអង្គរដ៏មានសារសំខាន់មួយនេះឡើង។
ឯកឧត្តមជា សុផារ៉ា មានប្រសាសន៍ថា៖សួនរុក្ខជាតិអង្គរនេះ មានលក្ខណៈពិសេសណាស់ក្នុងការអភិរក្សរុក្ខជាតិខ្មែរសំខាន់ៗ ជាពិសេសគឺរុក្ខជាតិដែលអាចយកមកផ្សំធ្វើជាឱសថព្យាបាលរោគផងនោះ។«សួនរុក្ខជាតិអង្គរនេះក្រៅតែពីដាំរុក្ខជាតិអាចផ្សំជាឱសថ ដែលជាគំនិតដ៏សំខាន់នោះ វាក៏មានប្រយោជន៍សំខាន់មួយទៀតគឺជួយដល់វិស័យបរិស្ថាន នៃដំណើរការប្រែប្រួលអាកាសធាតុ ដោយបានផ្ដល់ជាម្លប់និងបញ្ចេញអុកហ្ស៊ីហ្សែនOxygen សម្រាប់ប្រព័ន្ធដកដង្ហើមផងដែរ»។
ឯកឧត្តមជា សុផារ៉ាមានប្រសាសន៍ទៀតថាការផ្ដួចផ្ដើមគំនិតបង្កើតសួនរុក្ខជាតិអង្គរ ដើម្បីជួយដល់ការប្រែប្រួលអាកាសធាតុនៅតំបន់អង្គរនេះ ចាត់ទុកថាជាការលើកស្ទួយដល់វិស័យបរិស្ថានផងនិងលើកស្ទួយដល់សុខភាពសាធារណនិងភ្ញៀវទេសចរណ៍ផង។
ឯកឧត្តមជា សុផារ៉ាក៏បានសំណូមពរឱ្យ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តាមរយៈអាជ្ញាធរជាតិអប្សរា គួរធ្វើការកិច្ចសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដើម្បីស្នើសុំឱ្យក្រសួងកសិកម្មជួយផ្ដល់ពូជឈើនិងរុក្ខជាតិព្រមទាំងអ្នកបច្ចេកទេសផង ដើម្បីធ្វើការពង្រីកនិងអភិវឌ្ឍន៍សួនរុក្ខជាតិអង្គរនេះ ឱ្យកាន់តែមានទំហំធំព្រមទាំងសំបូរបែប ដោយរុក្ខជាតិបន្ថែមទៀត។
មន្ត្រីអាជ្ញាធរជាតិអប្សរារំពឹងថាសួនរុក្ខជាតិអង្គរនេះ អាចនឹងផ្ដល់ជាផលិតផលទេសចរណ៍ថ្មីថែមទៀតក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ដែលមកដល់ទឹកដីខេត្តសៀមរាប ឱ្យចាប់អារម្មណ៍និងចូលមកកំសាន្ត ដើរលំហែរកាយ ក៏ដូចជាការដើរហាត់ប្រាណបន្ទាប់ពីគេបានទៅទស្សនាតំបន់រមណីយដ្ឋានអង្គររួចហើយនោះ។

អាជ្ញាធរជាតិអប្សរាឱ្យដឹងថាសម្រាប់អនាគត គេនៅតែមានគំរោងពង្រីកសួនរុក្ខជាតិអង្គរមួយនេះឱ្យបានទំហំធំ រហូតដល់១៣០ហិកតារ គឺលាតសន្ធឹងផ្ទៃដី រហូតទៅដល់ព្រំប្រទល់កស្សិណទឹកខាងត្បូងនៃប្រាសាទអង្គរវត្ត ដើម្បីព្រលែងសត្វព្រៃឱ្យរស់នៅក្នុងតំបន់សួននោះបានកាន់តែច្រើន៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម