សៀមរាប៖កម្លាំងនគរបាលជំនាញនៃក្រុងសៀមរាបសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍គោកចកនិងកម្លាំងប្រជាការពារ បានដេញចាប់ជនសង្ស័យម្នាក់ដែលធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីក្មេងកំពុងរៀនតាមអនឡាញ រួចជិះម៉ូតូគេចខ្លួន។


លោកវរសេនីយ៍ទោ ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងថា នៅវេលាម៉ោង១៨និង៥០នាទីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ស្ថិតនៅ ភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប កម្លាំងនគរបាលនិងប្រជាការពារភូមិ បានសហការគ្នាដេញចាប់ជនសង្ស័យម្នាក់ឈ្មោះសូរ សៃ ភេទប្រុស អាយុ២៦ឆ្នាំមុខរបរមិនពីតប្រាកដ មានស្រុកកំណើតនៅភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង បច្ចុប្បន្ននៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ជាមុខសញ្ញាសកម្មពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ)។លោកបន្តថា ជនសង្ស័យបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ របស់ជនរងគ្រោះចែម សំនឿន ភេទស្រី អាយុ៣៧ឆ្នាំរស់នៅភូមិកើតហេតុ ខណៈពេលដែរជនរងគ្រោះបានឲ្យទូរស័ព្ទដៃទៅកូនឈ្មោះហ៊ន់ តេកហុង ភេទប្រុស អាយុ១២ឆ្នាំដើម្បីសិក្សាតាមអនឡាញ។លោកបន្ថែមថា ក្រោយពេលធ្វើសកម្មភាពហើយ ជនសង្ស័យបានរត់ឡើងម៉ូតូ តែត្រូវជនរងគ្រោះស្រែកឆោឡោ ធ្វើអោយប្រជាពលរដ្ឋ និងសមត្ថកិច្ចដែលយាមតាមគោលដៅនៅក្បែរនោះដេញចាប់ជនសង្ស័យបានភ្លាមៗ ហើយយកមកសួរនាំ។
លោកបញ្ជាក់ថា ក្រោយពីសួរនាំជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានជិះម៉ូតូមកឆក់ទូរស័ព្ទដៃ ជនរងគ្រោះពិតមែន ហើយជនសង្ស័យបានឆ្លើយសារភាពទៀតថា ធ្លាប់បានធ្វើសកម្មភាពឆក់ក្នុងក្រុងសៀមរាប បានចំនួន០៥លើកក្នុងខែឧសភា ឆ្នាំ២០២២ មាន៖-លើកទី០១(មិនចាំថ្ងៃទី)វេលាម៉ោង០៣ទាបភ្លឺ នៅផ្លូវ៣០ម៉ែត្រ ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក បានទូរស័ព្ទ០១គ្រឿង-លើកទី២ (មិនចាំថ្ងៃទី)វេលាម៉ោង០១រំលងអាធ្រាត្រ នៅម្តុំផ្សារចាស់ ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ បានកាបូបមានតែកាតវ៉ាក់សាំង-លើកទី៣ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១១.០០នាទីនៅភូមិខ្នារសង្កាត់ជ្រាវ បានទូរស័ព្ទ០១គ្រឿង-លើកទី០៤ថ្ងៃទី១៩ដូចគ្នាវេលាម៉ោង២៣.០០នាទី នៅភូមិវាល សង្កាត់គោកចក បានទូរស័ព្ទដៃ០១គ្រឿង-លើកទី០៥នៅថ្ងៃកើតហេតុខាងលើ។វត្ថុតាងដកហូតបានម៉ូតូ០១គ្រឿងទូរស័ព្ទដៃចំនួន០៣គ្រឿង។លោកបញ្ជាក់ទៀតថា ជនសង្ស័យក្នុងពេលសមត្ថកិច្ចកំពុងដេញចាប់ បានរត់ជាន់អំបែងដប ហើយដួលបណ្តាលឲ្យរយះបាតជើង ឆ្វេង និងដៃខាងឆ្វេង។
នៅថ្ងៃទី២១ខែឧសភានេះ កម្លាំងនគរបាលជំនាញនៃក្រុងសៀមរាប បានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យខាងលើទៅតុលាការ ដើម្បីមានចំណាត់ការទៅតាមច្បាប់។ចំណែកវត្ថុតាងនៅថ្ងៃស្អែក(ថ្ងៃទី២២)កម្លាំងនគរបាលជំនាញនៃក្រុងសៀមរាបនឹងប្រគល់ជូនជនរងគ្រោះវិញ៕ដោយ៖AFN







