សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងនគរបាលជំនាញនៃក្រុងសៀមរាប បានសហការគ្នា ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីអំពើលួចម៉ូតូ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី២២ខែឧសភា ឆ្នាំ២០២០ នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងនគរបាលមូលដ្ឋាននៃក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យឈ្មោះសេង ប៊ុនធឿន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិត្រុំ ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប បច្ចុប្បន្ននៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប
ពាក់ព័ន្ធនឹងករណីអំពើលួច (ម៉ូតូ )និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។សមត្ថកិច្ចបន្តថា ជនសង្ស័យខាងលើ បានធ្វើសកម្មភាពលួចយកម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០០៥ពាក់ផ្លាកលេខសៀមរាប១I-២៩៣៥ របស់ជនរងគ្រោះឈ្មោះយង់ ដាវី ភេទស្រី អាយុ៣៩ឆ្នាំ មានទីលំនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាមក្រុងសៀមរាបដែលចតទុកមុខផ្ទះរបស់ឈ្មោះឈួម ស្រីល័ក្ខ ស្ថិតក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាមក្រុងខេត្តសៀមរាប ហើយជនសង្ស័យជិះចេញពីកន្លែងកើតហេតុចម្ងាយប្រហែល៥០ម៉ែត្រក៏ធ្លាក់ក្រឡុកដួលម៉ូតូរួចជនសង្ស័យរត់គេចខ្លួនចូលក្នុងព្រៃបាត់ទៅទុកម៉ូតូចោល។ក្រោយពីទទួលបណ្តឹងរបស់ជនរងគ្រោះឈ្មោះយង់ ដាវី ភេទស្រីសមត្ថកិច្ចបានស្រាវជ្រាវមុខសញ្ញាហើយបាននាំខ្លួនឈ្មោះសេង ប៊ុនធឿន ភេទប្រុស អាយុ៤៣ឆ្នាំយកមកសួរនាំហើយរូបគេបានឆ្លើយសារភាពពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះខាងលើពិតមែន ហើយបានធ្វើតេស្តរកសារធាតុញៀនលើខ្លួនជនសង្ស័យ លទ្ធផលវិជ្ជមាន ។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញនៃក្រុងសៀមរាបកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យខាងលើមកតុលាការនឹងចាត់ការតាមផ្លូវច្បាប់៕ដោយ៖AFN




