សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានចូលរួមសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកពួក ចុះបង្ក្រាបករណីរក្សាទុកដឹកជញ្ជូន ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចកន្លែងលក់ផ្កាមួយកន្លែងស្ថិតនៅភូមិដូនទ្រ ឃុំពួក ស្រុកពួក និង នៅលំនៅឋានស្ថិតនៅភូមិពួកថ្មី ឃុំពួក ស្រុកពួក។


សមត្ថកិច្ចបានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់:១-ឈ្មោះ អូន ចាន់សុធារិទ្ធហៅវែង ភេទប្រុស ឆ្នាំកំណើត ១៩៨៣ ជនជាតិខ្មែរ មុខរបរ ទិញលក់ម៉ូតូ មានទីលំនៅ ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប ។(ពីបទដឹកជញ្ជូន ចាត់ចែង និងប្រើប្រាស់) (មានសារធាតុញៀននៅក្នុងខ្លួន) ។ ២-ឈ្មោះ អែល តាំ ភេទប្រុស ឆ្នាំកំណើត ១៩៨៨ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅ ភូមិពួកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។(ពីបទរក្សាទុក ចាត់ចែង និងប្រើប្រាស់) (មានសារធាតុញៀននៅក្នុងខ្លួន) ។វត្ថុតាងដកហូតរួមមាន៖ម្សៅមេតំហ្វេតាមីនចំនួន០៦កញ្ចប់ ស្មើនឹងទម្ងន់១០ក្រាម(ទម្ងន់សុទ្ធ) ។ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង។ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ទូរស័ព្ទដៃចំនួន០៣គ្រឿង។ ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានការិយាល័យជំនាញបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ២០២២៕AFN




