ខេត្តស្ទឹងត្រែង៖ភ្ញៀវទេសចរជាតិនិងអន្តរជាតិ តែងតែមកទស្សនា ផ្ទាំងថ្មកំបោរនៅតាមដងទន្លេមេគង្គលើ ស្ថិតនៅក្នុងភូមិកោះហិប ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ហើយតំបន់នេះអាចនឹងក្លាយជាតំបន់អេកូទេសចរណ៍ធម្មជាតិដ៏ពេញនិយមផងដែរ។


ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង លោក អ៊ន ប៉ោសឿន បានលើកឡើងថា នេះជាសក្តានុពលទេសចរណ៍បែបធម្មជាតិហើយអាជ្ញាធរពាក់ព័ន្ធត្រូវនាំគ្នាបង្កើនការអភិរក្ស ដើម្បីយើងរួមគ្នាបង្កើតជារមណីយដ្ឋានអេកូទេសចរណ៍ សហគមន៍ក្នុងមូលដ្ឋានសម្រាប់បម្រើឱ្យវិស័យទេសចរណ៍ ។លោកបន្តថា ប្រជាពលរដ្ឋយើងទាំងអស់នៅភូមិកោះហិប ត្រូវនាំគ្នាមើលថែរកុំឱ្យជនខិលខូចទៅកាប់ ឬវាយឱ្យបាក់បែកសមិទ្ធផលទាំងនេះ ដើម្បីយើងត្រូវរក្សារទុកភាពដើមរបស់វា ទើបមានតម្លៃនិងទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាបានច្រើន។ប្រជាពលរដ្ឋរស់នៅភូមិកោះហិប បានលើកឡើងថា តាមការបរិយាយពីចាស់ទុំមកថា សម្បត្តិធនធានធម្មជាតិនេះមានអាយុកាលយូរលង់មកហើយ ចំណែករូបរាងទៀតសោត ពោរពេញទៅដោយភាពទាក់ទាញធ្វើឱ្យភ្ញៀវទេសចរចង់ឃើញនិងចង់ស្គាល់។តាមការនិយាយតៗគ្នា តំបន់នេះជាទីតាំងប្រវត្តិសាស្ត្រនៅក្នុងសម័យនគរភ្នំ ក្នុងចន្លោះឆ្នាំ៥៥០ នាសតវត្យទី ១ ព្រោះមានភស្តុតាង ដូចជារូបហិបថ្ម-ទីតាំងក្រោលសេះ – រូបសំណាកឆ្កែអើត និងរូបសំណាកក្រញ៉ាំជើងសត្វឥន្ទ្រីជាដើម។ល។


នេះជាសម្បត្តិធម្មជាតិដ៏មានតម្លៃនៅលើទឹកដីខេត្តស្ទឹងត្រែង ហើយអាជ្ញាធរនិងអង្គការដៃគូពាក់ព័ន្ធកំពុងកៀងគរធនធានមកធ្វើការអភិវឌ្ឍន៍ឱ្យក្លាយទៅជាតំបន់អេកូទេសចរណ៍ធម្មជាតិសហគមន៍បែបវប្បធម៌នៅរដូវប្រាំងឆ្នាំនេះ សម្រាប់បំរើដល់ការទស្សនារបស់ភ្ញៀវទេសចរឲ្យមានភាពល្អប្រសើរឡើងថែមទៀត៕ដោយ៖AFN


