សៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា មានករណីក្មេងលង់ទឹក ស្លាប់កើតហេតុ នៅវេលាម៉ោង១៣.២០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ចំណុច ស្រះទឹកខាងកើតផ្ទះចម្ងាយប្រហែល ២៥០ម៉ែត្រ ភូមិរកាយា ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចបន្តថា សពក្មេងរងគ្រោះឈ្មោះ រ័ត្ន សាយ៉ាម ភេទប្រុស ឆ្នាំកំណើត(២០.១១.២០១៩)អាយុជាង២ឆ្នាំនឹង៦ខែ នៅផ្ទះជាមួយជីដូនឈ្មោះ សុខ សម អាយុ៥១ឆ្នាំ ភូមិ-ឃុំកើតហេតុខាងលើ។ ឪពុកឈ្មោះ មឿន រ័ត្ន អាយុ ២៧ឆ្នាំ, ម្ដាយឈ្មោះ មុត ច័ន្ទរី អាយុ៣១ឆ្នាំ ទៅធ្វើកម្មករសំណង់ នៅក្រុងសៀមរាប ពេលល្ងាចទើបមកដល់ផ្ទះវិញ។សមត្ថកិច្ចបន្ថែមថា តាមការបំភ្លឺឈ្មោះ សុខ សម ភេទស្រី អាយុ៥១ឆ្នាំ ត្រូវជាជីដូនបានឲ្យដឹងថា នៅមុនពេលកើតហេតុ ចៅខ្ញុំ(ក្មេងរងគ្រោះ)នៅលែងក្រោមផ្ទះជុំជាមួយខ្ញុំ ដោយមិនបានចាប់អារម្មណ៍មើលចៅ មិនដឹងថាចៅខ្ញុំដើរទៅលែងឯណានោះទេ បន្ទាប់ពីខ្ញុំដឹងថាបាត់ចៅ ខ្ញុំបានទៅសួរឣ្នកជិតខាងគ្នាតែគ្មានអ្នកណាបានឃើញចៅខ្ញុំនោះទេ បាននាំគ្នាតាមរក ហើយខ្ញុំមានការសង្ស័យថាចៅខ្ញុំអាចដើរទៅលែងចំណុចស្រះទឹក(ស្រះសហគមន៍ភូមិរកាយា) ព្រោះកន្លងមក ឪពុក-ម្ដាយធ្លាប់នាំកូន(ក្មេងរងគ្រោះ)ទៅរកត្រីជាមួយ ពេលពួកខ្ញុំទៅដល់ស្រះក៏បានឃើញចៅខ្ញុំលង់ទឹកស្រះ ឣណ្តែតក្នុងទឹក បាននាំគ្នាជួយស្រង់ប៉ុន្តែចៅខ្ញុំផុតដង្ហើមស្លាប់បាត់ទៅហើយ ខ្ញុំបានយកសពចៅមកផ្ទះ បន្ទាប់បានរាយការណ៍ជូនលោកមេភូមិ និងនគរបាលប៉ុស្តិ៍កែវពណ៌។តាមការពិនិត្យកន្លែងកើតហេតុ ស្រះទឹកទំហំប្រហែល៥០ម៉ែត្រ គុណ ៦០ម៉ែត្រ ទឹកជម្រៅ ១,៥០ម៉ែត្រ។ សាកសពក្មេងមានសភាពប៉ោងពោះនិងមានទឹកហៀរចេញតាមមាត់ នៅផ្នែក : (ក្បាល), (ដងខ្លួន) ,និង(អវយវ:) គឺ ពុំមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ។IV. ការសន្និដ្ឋាន : ផ្អែកតាមការពិនិត្យកន្លែងកើតហេតុ, ការពិនិត្យសាកសពក្មេង, និងការបំភ្លឺសាក្សី គឺ ក្មេងរងគ្រោះស្លាប់ ដោយមូលហេតុ លង់ទឹកស្រះពិតប្រាកដមែន។
បន្ទាប់ពីធ្វើកោសល្យវិច្ច័យរួចសមត្ថកិច្ចបានប្រគល់សពចូលក្នុងគ្រួសាររងគ្រោះដើម្បីធ្វើបុណ្យតាមប្រពៃណី៕AFN





