អន្តរជាតិ៖យោងតាមទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិ (BNPB) បានរាយការណ៍ថា ក្នុងឆ្នាំ២០២០គិតត្រឹមខែសីហា ប្រទេសឥណ្ឌូនេស៊ីបានជួបគ្រោះមហន្តរាយចំនួន១,៩២៨លើកហើយ។ អ្នកនាំពាក្យ BNPB លោក Raditya Jati បាននិយាយកាលពីថ្ងៃចន្ទថា “យើងបានកត់ត្រានូវគ្រោះមហន្តរាយសរុបចំនួន១,៩២៨នៅទូទាំងប្រទេសគិតត្រឹមថ្ងៃទី៣០ខែសីហា”។ គ្រោះមហន្តរាយរួមមានគ្រោះរញ្ជួយដីចំនួន១២លើក បន្ទុះភ្នំភ្លើង៥លើក ឆេះព្រៃ២៥៦កន្លែង គ្រោះរាំងស្ងួត១៦កន្លែង គ្រោះទឹកជំនន់៧២៦លើក ការបាក់ដី៣៦៧លើក ខ្យល់ព្យុះ៥២១លើកនិងរលកធំៗ២៤លើកនិងករណីនៃការសឹកឆ្នេរសមុទ្រក៏ដូចជាការផ្ទុះឡើងនៃជំងឺកូវីដ១៩។ យោងតាមលោក Raditya បានឲ្យដឹងថា ទោះបីជាមានជំងឺរាតត្បាតកូវីដ១៩ក៏ដោយក៏ឥណ្ឌូនេស៊ីបានកត់ត្រានូវគ្រោះមហន្តរាយតិចជាងឆ្នាំ២០១៩។ លោកនិយាយថា “បើប្រៀបធៀបនឹងខែមករាដល់ខែសីហាឆ្នាំ២០១៩ យើងបានមើលឃើញថា ចំនួននៃគ្រោះមហន្តរាយមានការថយចុះ២៧ភាគរយ”។ លោកបានបន្ថែមថា ចំនួនអ្នកស្លាប់និងបាត់ខ្លួនក៏ធ្លាក់ចុះ៤៣,១ភាគរយផងដែរបើប្រៀបធៀបទៅនឹងឆ្នាំមុន។ ទីភ្នាក់ងារនេះក៏បានកត់ត្រាផងដែរនូវការថយចុះចំនួន២៥,៦ភាគរយនៃចំនួនប្រជាជនដែលផ្លាស់ប្តូរទីលំនៅនិងការថយចុះ២២ភាគរយនៃលំនៅដ្ឋានដែលរងការខូចខាត៕