សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីជនសង្ស័យមិនស្គាល់អត្តសញ្ញាណ១ក្រុម បានធ្វើសកម្មភាពគាស់តូបលក់ខោអាវក្នុងផ្សារដំដែក យកទ្រព្យសម្បត្តិអស់សរុបទឹកប្រាក់ប្រមាណជា២ពាន់ដុល្លាររួចគេចខ្លួនបាត់ដោយសុវត្ថិភាព។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណជា១រំលងងអាធ្រាត្រ ថ្ងៃទី០២ខែមិថុនាឆ្នាំ២០២២ស្ថិតនៅភូមិដំដែក ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។


សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា មានករណីជនសង្ស័យមិនស្គាល់អត្តសញ្ញាណ១ក្រុម បានធ្វើសកម្មភាពគាស់ទម្លុះទម្លាយនៅចំណុចតូបលក់ខោអាវក្នុងផ្សារដំដែក យកទ្រព្យសម្បត្តិ របស់ជនរងគ្រោះឈ្មោះ អន ស្រីមុំ ភេទស្រី អាយុ២៩ ឆ្នាំមុខរបរ លក់ដូរខោអាវ។សមត្ថកិច្ចបន្តថា យោងតាមការបំភ្លឺរបស់ជនរងគ្រោះបានអោយយើងដឹងថា រាល់ថ្ងៃខ្លួនមានតូបលក់ខោអាវក្នុងផ្សារដំដែក ដែលមានទំហំ ២៥០×២៥០ សង់ទីម៉ែត្រ ហើយមានទ្វាររូតពីរ និងមានសោចាក់ទ្វារចំនួន៤គ្រាប់ (សោចិន ពណ៌ខ្មៅ) ។ ហើយខោអាវទាំងអស់ គឺខ្លួនរក្សាទុកនៅនឹងតូបក្នុងផ្សារតែម្ដង មិនបានខ្ចប់យកទៅផ្ទះនោះទេ។នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៦.៣០នាទី ល្ងាច ខ្លួនបានបិទតូបលក់ និងបានចាក់សោទាំង៤គ្រាប់ រួចខ្លួនក៏ទៅផ្ទះ។
ដល់ថ្ងៃទី០២ ខែ មិថុនា ឆ្នាំ២០២២ វេលាម៉ោង ០៦.៣០ នាទីព្រឹក ខ្លួនមិនទាន់បានមកដល់តូបលក់ទេ ស្រាប់តែមានអ្នកលក់ជិតៗនោះបានទូរស័ព្ទទៅប្រាប់ម្តាយក្មេកខ្លួនថា មានជនមិនស្គាល់អត្តសញ្ញាណ ចូលគាស់តូបខ្លួនយកខោអាវក្នុងតូបអស់ខ្លះ។ពេលខ្លួនឮដូច្នោះក៏ប្រញ៉ាប់មកមើលតូបក៏ស្រាប់តែឃើញតូបខ្លួនរបើកទ្វារ និងបាត់សោចំនួន ១គ្រាប់និង១គ្រាប់ទៀតគាស់បែកមាត់ ជាប់និងត្រចៀកទ្វារ ហើយខ្លួនក៏ស្ទុះចូលទៅមើលខាងក្នុងតូបក៏ឃើញបាត់ខោអាវអស់ច្រើន ដោយមិនដឹងថាចោរគាស់លួចពីពេលណានោះទេ ។ ដឹងហេតុការណ៍ភ្លាម ខ្លួនក៏មកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកសូទ្រនិគមតែម្ដង។សមត្ថកិច្ចបន្ថែមថា តាមការប៉ាន់ស្មានឥវ៉ាន់ដែលបាត់បង់មានតម្លៃប្រហាក់ប្រហែលជិត ២០០០ដុល្លារ។


សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីទទួលបានបណ្តឹង ក៏បានចុះទៅកន្លែងកើតហេតុធ្វើការពិនិត្យស្រាវជ្រាវ ប៉ុន្តែជាលទ្ធផល ពុំទាន់កំណត់មុខសញ្ញាបាននៅឡើយទេ។សមត្ថកិច្ចបញ្ជាក់ទៀតថាតាមរយៈការស្រាវជ្រាវកាមេរ៉ាសុវត្ថិភាពនៅខាងមុខផ្សារឃើញមានសកម្មភាពសង្ស័យដោយមានរថយន្ត បាឡែន ពណ៌ស រឺពណ៌ទឹកប្រាក់ ចតខាងមុខផ្សាររួចមានមនុស្សប្រុសមាឌធំកាន់ឥវ៉ាន់ចេញពីក្នុងផ្សារមកដាក់ក្នុងឡាន នៅម៉ោង ១:៥៥ នាទីទៀបភ្លឺ ។សមត្ថកិច្ចបញ្ជាក់ទៀតថា ផ្សារដំដែក មិនមានសន្តិសុខយាម មិនមានកាមេរ៉ាសុវត្ថិភាព និងភ្លើងបំភ្លឺនោះទេ។
សូមរំលឹកផងដែរថា ករណីក្រុមចោរលួចគាស់ផ្សារយកទ្រព្យសម្បត្តិរបស់អាជីវករនេះដែរ គឺបានកើតឡើងជាបន្តបន្ទាប់នៅដើមឆ្នាំ២០២២។ ជាក់ស្ដែងគឺនៅស្រុកពួកនិងស្រុកសូទ្រនិគម ហើយករណីនេះសមត្ថកិច្ចនៅមិនទាន់ស្រាវជ្រាវរកមុខសញ្ញាឃើញនៅឡើយទេ៕ដោយ៖AFN




