សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា បន្ទាប់ពីរយៈពេល១៥ ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នីតិកាលទី៥នេះ បានប្រព្រឹត្តិទៅដោយរលូនគ្រប់គណបក្សនយោបាយ ប្រកបដោយបរិយាកាសរីករាយ គ្មានអំពើហិង្សា ទៅតាមការបរិច្ឆេតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ ថ្នាក់ដឹកនាំប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា អញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នីតិកាលទី៥ និយាយដោយឡែក ប្រជាពលរដ្ឋខេត្តសៀមរាប ក៏បានអញ្ជើញទៅបំពេញកាតព្វកិច្ច ក្នុងការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំក្នុងឃុំសង្កាត់របស់ខ្លួន ។


ក្នុងនោះដែរក៏មានការជួយសម្របសម្រួលរបស់ មន្ត្រីរៀបចំការបោះឆ្នោតនៅតាមការិយាល័យនិមួយៗ បានអនុញ្ញាតដល់ព្រះសង្ឃ លោកយាយលោកតា ស្រ្តីមានផ្ទៃពោះ ស្ត្រីមានកូនតូច និង ជនពិការ មានសិទ្ធអាទិភាពចូលបោះឆ្នោតមុន ។
នៅក្នុងកិច្ចសម្ភាសជាមួយឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេតត្តសៀមរាប បានគូសបញ្ជាក់ថា ពីមួយអាណត្តិ ទៅមួយអាណត្តិ បងប្អូនប្រជាពលរដ្ឋ បានអញ្ជើញមកចូលរួមបោះឆ្នោតយ៉ាងច្រើន ដោយពួកគាត់ពេញចិត្តក្នុងការបញ្ចេញនូវសិទ្ធិ លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស គោរពសិទ្ធិមនុស្ស តាមរយៈការបោះឆ្នោតនេះ ក្នុងការជ្រើសរើសអ្នកដឹកនាំដែលខ្លួនពេញចិត្ត សម្រាប់ការអភិវឌ្ឍន៍មូលដ្ឋានខ្លួន ។


ឯកឧត្តមក៏បានលើកផងដែរ អំពីផែនការការពារក្នុងពេលបោះឆ្នោតរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅក្នុងឱកាសដែលប្រជាពលរដ្ឋយើង អញ្ជើញទៅចូលរួមបោះឆ្នោត ដោយអាជ្ញាធរខេត្តបានរៀបចំជាស្រេច ក្នុងការធានាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅតាមការិយាល័យបោះឆ្នោត ទាំង១ពាន់៥០៨ការិយាល័យ ។ ឯកឧត្តមក៏មានសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តសៀមរាប និង អញ្ជើញទៅបោះឆ្នោតបានគ្រប់ៗគ្នាផងដែរ ។


លោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត បានឲ្យដឹងថា អ្វីៗបាននឹងកំពុងប្រព្រឹត្តិទៅតាមប្រក្រតីទិននិងនិតិវិធី ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានកំណត់ ។ គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត មានមន្ត្រីការិយាល័យបោះឆ្នោត សរុបចំនួន៩ពាន់៤៨នាក់ សម្រាប់ការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំសង្កាត់ និតិកាលទី៥ ខេត្តសៀមរាប និង អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន៥៨៨ពាន់៥៥៣នាក់ ស្រី ៣១៣ពាន់១១៤នាក់ មានការិយាល័យបោះឆ្នោត ចំនួន ១ពាន់៥០៨ការិយាល័យ និង អ្នកសង្កេតការណ៍ជាតិ សរុប ចំនួន៥ពាន់៩៨៦នាក់ ស្រីចំនួន ១ពាន់៩៧៨នាក់ និង អង្កការ ៣ពាន់៨០នាក់ ស្រី ៣ពាន់៣៩នាក់ ដែលមានគណបក្សនយោបាយឈរឈ្មោះចំនួន១៣ មានបេក្ខជនសរុប ៦ពាន់១១៣នាក់ ស្រី២ពាន់៥៩នាក់ ។

លោកក៏បានបញ្ជាក់ ក្នុងព្រឹត្តិការណ៍នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នីតិកាលទី៥ ឆ្នាំ២០២២នេះ ដែលបានចាប់ដំណើរការពីម៉ោង៧,០០នាទី មកដល់ម៉ោង១៥,០០នាទី បានដំណើរការទៅដោយរលូន នៅតាមការិយាល័យនិមួយៗ ដែលមានប្រជាពលរដ្ឋទូទាំងខេត្តចូលរួមធ្វើការបោះឆ្នោតស្មើ៧៣,៥០% មកដល់ពេលបញ្ចប់ការបោះឆ្នោតនៅតាមការិយាល័យ ៕ដោយ៖AFN





