Saturday, May 18, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

សម្តេចពិជ័យសេនា៖កម្ពុជាគ្មានមូលដ្ឋានកងទ័ពបរទេសឡើយ, ការបង្កើនសមត្ថភាពកងទ័ពកម្ពុជា គ្មានចេតនាគំរាមកំហែងប្រទេសណាឡើយ!

ខេត្តព្រះសីហនុ៖នៅក្នុងពិធីបើកការដ្ឋានដែលបានប្រព្រឹត្តទៅ កាលពីព្រឹកថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ាង វិន ធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។

ថ្លែងក្នុងពិធីបើកការដ្ឋាន សាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្ដារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម” នាឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា៖ សំណង់រោងជាងជួសជុលនាវាសំចត និងស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម គឺជាសមិទ្ធផលថ្មីមួយទៀតក្នុងចំណោមសមិទ្ធផលជាច្រើន ដែលកងយោធពលខេមរភូមិន្ទសម្រេចបាន ក្រោមកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន សំដៅពង្រឹងនិងពង្រីកសមត្ថភាពលើគ្រប់ផ្នែកគ្រប់វិស័យស្របតាមផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ សៀវភៅសការពាជាតិ ឆ្នាំ២០២២ កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជ រដ្ឋាភិបាលលើវិស័យការពារជាតិ ដើម្បីការពារបុព្វហេតុ ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី សុខ សន្តិភាព និងការអភិវឌ្ឍជូនសង្គមជាតិ និងលើកកម្ពស់កម្រិតវិស័យការពារជាតិក្នុងស្មារតីកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួម ដែលជាគុណប្រយោជន៍ដល់សន្តិភាព ស្ថិរភាព និង វិបុលភាពនៅក្នុង និងក្រៅតំបន់។

សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់បន្ថែមថា៖ ការអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទ មិនមែនមានត្រឹមតែការធ្វើទំនើបកម្មលើកកម្រិតនៅមូលដ្ឋានរាមប៉ុណ្ណោះទេ កម្ពុជានឹងបន្ត ធ្វើឱ្យកងយោធពលខេមរភូមិន្ទ កាន់តែមានសមត្ថភាពខ្ពស់ អាចធានាដល់ការការពារអធិបតេយ្យ និង បូរណភាពទឹកដីរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងអាចបំពេញបាននូវករណីកិច្ចដទៃទៀត ប្រកបដោយជោគជ័យដូចជាការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ការជួយសង្គ្រោះគ្រោះមហន្ត រាយ និងបតិបត្តិការរក្សាសន្តិភាពជាដើម។ កម្ពុជាគ្មានចេតនាបង្កការគំរាមកំហែងដល់ប្រទេសណាមួយ ហើយកម្ពុជាក៏មិនដែលជំទាស់រាល់ ការចូលរួមអភិវឌ្ឍសមត្ថភាពកងទ័ពរបស់ប្រទេសដទៃនោះឡើយ។ កម្ពុជាគ្រាន់តែចង់លើកកម្រិត សមត្ថភាពការពារខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀត ធានាបានភាពធន់ទប់ទល់ពីសម្ពាធ និងឥទ្ធិពលនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ដែលកំពុងមាននាពេលបច្ចុប្បន្ន ដើម្បីធានាដំណើរទៅមុខ ក្នុងសន្តិភាព សន្តិសុខ និងវិបុលភាព និងមានលទ្ធភាពចូលរួមកសាងសន្តិភាពក្នុងតំបន់ និងសកល លោក “កម្ពុជាគ្មានគោលនយោបាយជ្រើសរើសប្រទេសមួយ ដើម្បីប្រឆាំងប្រទេសមួយឡើយ” ។

សម្រាប់ការអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទ កម្ពុជានៅតែស្វាគមន៍ និងបើកចំហរជានិច្ចចំពោះការជួយឧបត្ថម្ភគាំទ្រពីសំណាក់បណ្តាប្រទេសជាមិត្តនានាដោយមិនប្រកាន់និន្នាការ ការរើសអើង និងប្រកាន់ខ្ជាប់នូវការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក ។ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ នឹងធ្វើឱ្យកងទ័ពជើងទឹកមានកាលានុវត្តភាពដ៏ល្អសម្រាប់បំពេញបេសកកម្មរបស់ខ្លួន និងមានលទ្ធភាពចូលរួមសហការជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធ ក្នុងការគ្រប់គ្រងសន្តិសុខលម្ហសមុទ្រ បង្កើនទំនាក់ទំនងដ៏ស្អិតរមួតជាមួយប្រទេសមិត្តប្រកបដោយសាមគ្គីភាព និងផ្លែផ្កាដែលផ្ដល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ក្នុងការនាំមកនូវសន្តិភាព ស្ថិរភាព សន្តិសុខ វិបុលភាព និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយចីរភាពនិងបរិយាប័ន្ននៅក្នុង តំបន់ និងស្មើមុខ ស្មើមាត់ជាមួយបណ្តាប្រជាជាតិនៅលើឆាកអន្តរជាតិ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម