ខេត្តសៀមរាប៖កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបំបែកសំណុំរឿងអំពើឃាតកម្មចំនួន២ករណី ដោយឃាត់ខ្លួនជនសង្ស័យម្នាក់នៅក្រុងសៀមរាប និងម្នាក់ទៀតនៅស្រុកជីក្រែង ដែលពួកគេបានធ្វើសកម្មភាពសម្លាប់ស្ត្រីជាភរិយារបស់ពួកគេយ៉ាងសាហាវឃោរឃៅបំផុត។


ការឃាត់ខ្លួនជនសង្ស័យទាំង២ធ្វើឡើងនៅវេលាម៉ោង២០និង០០នាទីថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២២នៅបន្ទប់ជួលក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប និងករណីទី២ឃាត់ខ្លួនជនសង្ស័យជាប្តីនៅនៅល្ងាចថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២២ភូមិ ចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង។
យោងតាមការឲ្យដឹងពីប៉ូលិសជំនាញនៃខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២២នេះថា នៅក្នុងខេត្តសៀមរាប មានអំពើឃាតកម្មចំនួន២ករណី ហើយត្រូវបានកម្លាំងនគរបាលជំនាញឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ផងដែរ។ជនសង្ស័យឈ្មោះសេង គីមហួរ ភេទប្រុស អាយុ២៧ឆ្នាំមុខរបរមន្រ្តីឥណទាន នៅភូមិរលួសខាងកើត ឃុំរលួស ស្រុកប្រាសាទបាគង។ពាក់ព័ន្ធករណីឃាតកម្ម (យកដៃរឹតកជនរងគ្រោះបណ្តាលអោយដាច់ខ្យល់ស្លាប់)។


ប្រភពបន្តថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៨.២៤នាទី ទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានធុំក្លិនស្អុយ នៅបន្ទប់ជួលក្នុងភូមិបន្ទាយចាស់ សង្កាត់ ស្លក្រាម ក្រុងសៀមរាប។សមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ក៏ឃើញជនសង្ស័យដេកក្បែរសាកសព ជនរងគ្រោះ ឈ្មោះផា រដ្ឋា ភេទស្រី អាយុ២៤ឆ្នាំក្នុងនៅបន្ទប់កើតហេតុ ខាងលើដោយ ចាក់សោបិទទ្វាជិតតែចំហរបង្អួច។ភ្លាមៗនោះសមត្ថកិច្ចបានសហការជាមួយម្ចាស់ផ្ទះគាស់ទ្វារបន្ទប់ហើយឃាត់ខ្លួនជនសង្ស័យខាងលើយកមកសួរនាំ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួន ប្រច័ណ្ឌ និងជនរងគ្រោះ មានប្រុសថ្មី។សមត្ថកិច្ចបន្តថា ករណីទី២ កម្លាំងនគរបាលជំនាញខេត្តនិងនគរបាលស្រុកជីក្រែង បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះស៊ុយ ជួរ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរធ្វើស្រែទីលំនៅសព្វថ្ងៃ ភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ពាក់ព័ន្ធករណីឃាតកម្ម(សម្លាប់ប្រពន្ធឈ្មោះសែត ណាន អាយុ៣៧ឆ្នាំ)កើតហេតុថ្ងៃទី២២ខែមិថុនាឆ្នាំ២០២២។

ប្រភពបន្តថា ការពិនិត្យសព ឃើញមានស្នាមរឹត.ក,បាក់.ក និងស្នាមជាំលើដងខ្លូន។តាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា ខ្លួនពិតជាបានសម្លាប់ប្រពន្ធរបស់ខ្លួនពិតមែន ដោយសារទំនាស់ពាក្យសម្តី។
បច្ចុប្បន្នកម្លាំងនគរបាលព្រហ្មកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំង២ទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ដោយ៖AFN



