ខេត្តព្រះសីហនុ៖សេចក្តីរាយការណ៍បានអោយដឹងថា នគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៥មិថុនា២០២២នេះ បានធ្វើសន្និសីទកាសែត បង្ហាញពីលទ្ធផលដែលនគរបាលបង្ក្រាបបានក្រុមជនសង្ស័យ ប្រើប្រាស់និងជួញដូរអាវុធខុសច្បាប់ បន្ទាប់ពីព្រឹត្តិការណ៍ផ្ទុះអាវុធពីសំណាក់ក្រុមជនល្មើសនៅក្រុងព្រះសីហនុ បណ្តាលឲ្យអធិការរងនគរបាលក្រុងព្រះសីហនុមួយរូបរងរបួសបាក់ជើងម្ខាងធ្ងន់ធ្ងរ កាលពីយប់ថ្ងៃទី១៥មិថុនា២០២២។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ដោយមានការចង្អុលបង្ហាញពីឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ,ស្នងការនគរបាលខេត្តមួយចំនួន ព្រមទាំងសម្របសម្រួលនីតិវិធីដោយតំណាងអយ្យការអមសាលាដំបូងខេត្តមួយចំនួន ជាពិសេសដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ទើបកម្លាំងនគរបាលជំនាញមានការសហការគ្នាបង្ក្រាបរហូតបានជោគជ័យ។ លោកបន្តថា ប្រតិបត្តិការបង្រ្កាបនោះមានជនសង្ស័យសរុបចំនួន៩នាក់ រួមមានជនជាតិវៀតណាម០៣នាក់(ស្រី០១នាក់)និងជនជាតិខ្មែរចំនួន០៦នាក់(ប្រុស) ក្នុងនោះជនជាតិវៀតណាម០៣នាក់ដែលចាប់ខ្លួនភ្លាមៗក្រោយកើតហេតុ បានបញ្ជូនទៅផ្តន្ទាទោសរួចហើយ ចំណែកជនជាតិខ្មែរ០៦នាក់ដែលចាប់បានក្រោយនេះ នឹងបញ្ជូនទៅផ្តន្ទាទោសនាថ្ងៃ២៥មិថុនា២០២២នេះ។
ចំពោះវត្ថុតាងដែលសមត្ថកិច្ចដកហូតបាន មានអាវុធបាញ់គ្រាប់ពិតចំនួន១១ដើម រួមនិងអាវុធកែឆ្នៃច្រើនដើមទៀត។

បច្ចុប្បន្នកម្លាំងនគរបាលខេត្តព្រះសីហនុ កំពុងរៀបចំសំណុំរឿងដើម្បីចាត់ការតាមផ្លូវច្បាប់៕ដោយ៖សេរី





