Sunday, April 28, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

កូនឈើចម្រុះចំនួន៣០០០ដើម ត្រូវបានព្រះសង្ឃ និងពុទ្ធបរិស័ទ្ធ នាំគ្នាយកទៅដាំ ក្នុងសង្ឃមណ្ឌលបរិស្ថាន ឬព្រៃសង្ឃវន្តខេត្តប៉ៃលិន

(ប៉ៃលិន)៖ ព្រះសង្ឃ និងពុទ្ធបរិស័ទ្ធជាច្រើននាក់ បានធ្វើដំណើរដោយរថយន្ត និងម៉ូតូ ក្រោមភ្លៀងរលឹម នាំគ្នាទៅដាំកូនឈើចម្រុះ ដូចជា គ្រញូង បេង នាងនួន ធ្នង់ ឈើទាល និងគគីរចំនួន៣០០០ដើម នៅក្នុងសង្ឃមណ្ឌលបរិស្ថាន ក្នុងគោលបំណងដើម្បីស្តារព្រៃឈើឡើងវិញ។ការដាំកូនឈើចម្រុះនេះដែរប្រព្រិត្តទៅនៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ ក្រោមការដឹកនាំពីព្រះគ្រូរតនមុនី អ៊ា សុផន ព្រះមេគណខេត្តជាព្រះប្រធាន។

បើតាមព្រះគ្រូរតនមុនី អ៊ា សុផន ព្រះមេគណខេត្តជាព្រះប្រធាន បានមានថេរៈដីកាថា៖សង្ឃមណ្ឌលបរិស្ថាននេះ ព្រះអង្គបង្កើតឡើងក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងបរិស្ថាន និងអាជ្ញាធរខេត្ត ក្នុងកិច្ចការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិ ហើយបច្ចុប្បន្ន ព្រះអង្គកំពុងធ្វើយុទ្ធនាការ ដាំដើមឈើប្រណិត ១លានដើមផងដែរ។ ដោយនៅថ្ងៃនេះគឺយើងបាននាំកូនឈើដូចជាប្រភេទឈើ គ្រញូង បេង នាងនួន ធ្នង់ ឈើទាល និងគគីរចំនួន៣០០០ដើម នៅក្នុងសង្ឃមណ្ឌលបរិស្ថាននេះ ដើម្បីស្តារព្រៃឈើឡើងវិញ បន្ទាប់ពីការកាប់បំផ្លាញ និងការឆេះដោយភ្លើងព្រៃមួយអន្លើៗ ក្នុងគោលបំណងបម្រើឱ្យផលប្រយោជន៍សាធារណៈ និងប្រទេសជាតិ។ ព្រះអង្គ មានថេរៈដីកា បន្តថា៖ សង្ឃមណ្ឌលបរិស្ថានប៉ៃលិន មានផ្ទៃដីជិត ៩ហិកតា ស្ថិតក្នុងភូមិបរហ៊ុយត្បូង សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន នៅក្បែរតំបន់ទឹកធ្លាក់បយ៉ាខា ដែលមានចម្ងាយផ្លូវ ប្រមាណជាង២ គីឡូម៉ែត្រ ពីផ្លូវក្រាលកៅស៊ូ កំពុងដើរតួនាទី ចូលរួមចំណែកក្នុងការលើកកម្ពស់ការថែរក្សាបរិស្ថាន និងធនធានធម្មជាតិ តាមគោលនយោបាយ និងផែនការ យុទ្ធសាស្ត្រលើវិស័យបរិស្ថានធម្មជាតិ។

សង្ឃមណ្ឌលបរិស្ថាន ឬព្រៃសង្ឃវ័នខេត្តប៉ៃលិន ជាទីកន្លែងដ៏ស្ងប់ស្ងាត់ ហើយមានជីវៈចម្រុះ និងធម្មជាតិស្រស់បំព្រង ដែលអំណោយផលដល់ការធ្វើសមាធិ តាមបែបព្រះពុទ្ធសាសនា និងមានអាស្រមតូចមួយ ដែលតម្កល់ រូបសំណាកព្រះពុទ្ធរូបព្រះអង្គខ្មៅ សម្រាប់ពុទ្ធបរិស័ទជិតឆ្ងាយគោរពបូជាទៅតាមជំនឿ។ជាមួយគ្នានេះព្រះអង្គ ក៍បានបិណ្ឌបាតដល់ញាតិញោម និងពុទ្ធបរិស័ទជិតឆ្ងាយ ដែលស្រឡាញ់បរិស្ថានធម្មជាតិ សូមចូលរួមតាមសទ្ធា និងតាមលទ្ធភាព ជាកម្លាំងក្តី ជាកូនឈើក្តី ឬបច្ច័យ ដើម្បីធ្វើឲ្យសង្ឃមណ្ឌលបរិស្ថាន ឬព្រៃសង្ឃវ័នខេត្តប៉ៃលិន មានដើមឈើប្រណិតចំនួន ១លានដើម ទុកសម្រាប់ឲ្យកូនចៅជំនាន់ក្រោយបានស្គាល់។ 

  ចំណែកបងប្អូនពុទ្ធបរិស័ទ ដែលបានចូលរួមដាំកូនឈើ ក្នុងយុទ្ធនាការ ដាំដើមឈើប្រណិតចំនួន ១លានដើម ជាមួយព្រះសង្ឃ បានសម្តែងនូវអារម្មណ៍សប្បាយរីករាយ ក្នុងការចូលរួម ការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិនេះ ហើយបានបន្តអំពាវនាវឱ្យមានការចូលរួមកាន់តែច្រើនឡើង ដើម្បីឱ្យគម្រោង ដែលដឹកនាំដោយ ព្រះគ្រូរតនមុនី អ៊ា សុផន ព្រះមេគណខេត្ត ទទួលបានជោគជ័យ តាមផែនការគ្រោងទុក៕អត្ថបទ នាយ ជាយដែន

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម