សៀមរាប៖សេចក្តីរាយការណ៍បានដឹងថា មានហេតុការណ៍បង្កការភ្ញាក់ផ្អើលដោយ ស្ត្រីម្នាក់ជិះម៉ូតូជ្រុលចង្កូតធ្លាក់ចូលក្នុងត្រពាំងបុរាណ ស្លាកែត(ទើបនឹងស្តាររួចជម្រៅ៦ម៉ែត្រ)បណ្តាលឲ្យលង់ទឹកស្លាប់២នាក់ម្តាយនិងកូនយ៉ាងអណោចអធ័ម ឯកូនម្នាក់ទៀតស្រវ៉ាតោងឡើងគោករួចខ្លួន។


ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោង១០ និង៥០នាទី ថ្ងៃទី ២៤ខែកក្កដាឆ្នាំ២០២២ នៅចំណុច ក្នុងត្រពាំងស្លាកែត ស្ថិតនៅភូមិប្រយុទ្ធ សង្កាត់ ទឹកវិល ក្រុងសៀមរាប។ យោងតាមការបំភ្លឺពីឪពុកសពឈ្មោះ ដាំ ធៀង ភេទ ប្រុស អាយុ៦៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិប្រយុទ្ធ សង្កាត់ ទឹកវិល ក្រុងសៀមរាបបានបំភ្លឺអោយដឹងថា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២២រូបខ្ញុំបានលឺកូន (សព) ប្រាប់ថាចង់បានដើមឬស្សីមកធ្វើរបងហ៊ុព័ន្ធផ្ទះដើម្បីចងភ្ជាប់ជាមួយសំណាញ់ក៏បានចេញទៅរកកាប់ឬស្សី នៅខាងកើតផ្ទះប្រហែល៦០០ម៉ែត្រជនរងគ្រោះបានបបួលកូនទៅជាមួយពីរនាក់ដើម្បីជួយលើកឬស្សី តែកូនបងមិនចង់ទៅទេព្រោះគាត់មិនស្រួលខ្លួន ប៉ុន្តែម្ដាយរបស់គាត់នៅតែចង់ឲ្យទៅជាមួយទើបគាត់ឡើងម៉ូតូទៅជាមួយម្ដាយគាត់ដោយបានមកខ្ចីកាំបិតផ្គាក់ ផ្ទះបងបង្កើតយកទៅកាត់។បន្ទាប់មកក៏បានជិះម៉ូតូ ដឹកកូនទៅកន្លែងកាប់ឬស្សី។


ពេលនោះខ្ញុំខ្លាចកូនកាប់ឬស្សី បានមកហើយយកមកមិនរួចក៏បានឱ្យចៅឈ្មោះម៉ី (ក្មួយសព) ភេទប្រុសអាយុ១២ ឆ្នាំទៅជួយសែងយកមក នៅពេលដែលឈ្មោះម៉ីទៅដល់ស្រាប់តែគាត់ (សព) ប្រាប់ថាកាប់មិនបានទេដោយសារផ្គាក់ដែលយកទៅ មិនមុតសោះទើបប្រាប់ឲ្យក្មួយមកមុន ទើបគាត់ឡើងជិះម៉ូតូឌុបកូនពីរនាក់ត្រឡប់មកផ្ទះវិញស្រាប់តែមកដល់ត្រង់ចំណុចត្រពាំងស្លាកែត ដែលជាត្រពាំង បុរាណទើបនឹងស្ដារ ថ្មីក្នុងភូមិប្រយុទ្ធ សង្កាត់ទឹកវិល ក្រុងខេត្តសៀមរាប ក៏បានបើកម៉ូតូជ្រុលចង្កូតធ្លាក់ចូលទឹកត្រពាំងដែលទើបនឹង ជីកស្តារ។ តែដោយសារសំណាងល្អទើបកូនរបស់គាត់ម្នាក់ដែលអង្គុយពីមុខបានស្រវាឡើងគោកទាន់ទើបរត់មកប្រាប់ខ្ញុំ (ជីតា) និងយាយថា ម៉ាក់នឹងបងដួលម៉ូតូធ្លាក់ ទឹកស្លាប់ហើយទើបខ្ញុំជិះកង់ទៅមើលកន្លែងកូនធ្លាក់ហើយបានទៅស្រវារាវរកដែរតែមិនឃើញដោយសារមានការរំខានពីប្ដីជនរងគ្រោះទាញ ខ្វែវ ដេញកាប់ មកលើរូបខ្ញុំ (ខឹងខ្ញុំបណ្តោយឲ្យប្រពន្ធគេបើកម៉ូតូ) ទើបខ្ញុំពឹងអ្នកភូមិក្បែរនោះដឹកជូនខ្ញុំមកផ្ទះវិញលុះដល់ម៉ោង១០និង៣០នាទីទើបមានសមត្ថកិច្ចនិងប្រជាពលរដ្ឋនាំគ្នា ផ្អើលទៅមើលនិងជួយរាវរកតែនៅតែមិនឃើញរហូតមករាវរកមកដល់ម៉ោង១២និង០០នាទីទើបបានរកប្រទះឃើញសាកសព។កាលពីមុនកូនស្រីរបស់ខ្ញុំគឺជាមនុស្សល្អធម្មតាទេតែពេល ចាប់តាំងពីគាត់មានគ្រួសារបែកផ្ទះទៅនៅជុំគ្រួសារជាមួយប្ដីមកគាត់មានអាការៈចេះតែមិន ស្រួលដោយសារមានគំនាបពីប្ដីខ្លាំងពេក សូម្បីតែទៅលេងផ្ទះបងប្អូនក៏មិនបានដែរទើបធ្វើឱ្យគាត់គិតច្រើនមិនហូបបាយទឹកទើបខ្ញុំ យកគាត់ទៅមន្ទីរពេទ្យហើយគ្រូពេទ្យ បានប្រាប់គាត់ថាកូនរបស់ខ្ញុំគិតច្រើនពេកបណ្ដាលឱ្យកើតជំងឺស្ត្រេសនិងបូកផ្សំជាមួយនឹងប្ដីរបស់គាត់ធ្វើបាបផ្លូវចិត្តផង។


សមត្ថកិច្ចបានឲ្យដឹងថា សពស្ត្រីរងគ្រោះមានឈ្មោះ ធឿង ឈីអ៊ឺ អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅភូមិប្រយុទ្ធ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។ទី២សពឈ្មោះ ធង់ សុវណ្ណបញ្ញា ភេទប្រុស អាយុ៩ឆ្នាំ។សមត្ថកិច្ចបញ្ជាក់ថា ករណីនេះពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌនោះទេ ។សមត្ថកិច្ចបញ្ជាក់ទៀតថា យោងតាមការបំភ្លឺពីឪពុកបង្កើតរបស់សពនិងការពិនិត្យសាកសព និង តាមការសនិដ្ឋានរបស់លោកគ្រូពេទ្យកោសល្យវិច័យខេត្តសៀមរាប ជនរងគ្រោះស្លាប់ដោយសារ ឈ្លក់ទឹក(លង់ទឹកបណ្ដាលអោយស្លាប់) ។បន្តាប់ពីសមត្ថកិច្ចធ្វើកោសល្យវិច័យរួចបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖AFN



