Tuesday, November 11, 2025
Header Banner

សំណុំរឿងលោក សោម សមសក្តិ ប្រើអំពើហិង្សាលើស្ត្រីម្នាក់ត្រូវរដ្ឋបាលខេត្តសៀមរាប ចេញលិខិតអញ្ជើញគូភាគីមកផ្សះផ្សា តែត្រូវខកខាន!  

សៀមរាប៖នោះ នោះ សាច់រឿងកាន់ល្អមើលហើយ…សំណុំរឿងព្រហ្មទណ្ឌមួយដែលស្ត្រីរងគ្រោះបានប្ដឹងលោក សោម សមសក្តិ នាយកទីចាត់ការហិរញ្ញវត្ថុខេត្តសៀមរាប ទៅតុលាការ ដើម្បីទាមរកភាពយុត្តិធម៌ ករណីបង្កហិង្សានិងជេរប្រមាថហើយតុលាការកំពុងដំណើរការនីតិវិធីនោះ ត្រូវបានលោក អ៊ឹង គឹមលាង អភិបាលរងខេត្ត ចេញលិខិតអញ្ជើញគូភាគីទាំង២សម្របសម្រួល​តែត្រូវខកខានទៅវិញ។

     បើតាមលិខិតអញ្ជើញមួយ ដែលមានលេខ៧៥៥ ល.អ.ជ របស់រដ្ឋបាលខេត្តសៀមរាប ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ដែលមានខ្លឹមសារថា “សូមអញ្ជើញ លោកស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត សូមចាត់អញ្ជើញ ៖ -លោក ស្នងការរងនគរបាលខេត្តទទួលផនព្រហ្មទណ្ឌ -លោក ប្រធានការិ.នគរបាលព្រហ្មទណ្ឌកម្រិតស្រាល -មន្ត្រីជំនាញ ដើម្បីចូលរួម៖ កិច្ចប្រជុំសម្របសម្រួលករណីវិវាទរវាងឈ្មោះ សោម សមសក្តិ និងឈ្មោះ ផាត់ សុជឿន ។កាលបរិច្ឆេទ៖ ថ្ងៃចន្ទ ១២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។ វេលាម៉ោង៖ ០៨ ៖ ៣០នាទីព្រឹក (អញ្ជើញដល់)។ ទីកន្លែង៖ បន្ទប់ប្រជុំលេខ២ សាលាខេត្តសៀមរាប”។

   សូមរម្លឹកថា ស្ត្រីម្នាក់ឈ្មោះផាត់ សុជឿន បានដាក់ពាក្យប្តឹងលោក សោម សមសក្តិ ដែលមានតួនាទីជានាយកទីចាត់ការហិរញ្ញវត្ថុខេត្តសៀមរាប ពីបទជេរប្រមាថជាសាធារណ: បទប្រើអំពើហឹង្សាដោយចេតនា និងបទប៉ុនប៉ងមនុស្សឃាត តាមរយៈបើករថយន្តម៉ាក range rover discovery ពាក់ស្លាកលេខភ្នំពេញ 2BU-០០០៩ ប៉ុនប៉ងបំបុក នៅចំណុចផ្សារ អាស៊ី កាលពីយប់ថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២២។

  បន្ទាប់ពីទទួលបានពាក្យបណ្តឹង តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចេញដីកាកោះហៅចុងបណ្តឹង គឺលោក សោម សមសក្តិ ឲ្យចូលខ្លួនទៅបំភ្លឺនៅតុលាការចំនួន២ដងរួចមកហើយ តែលោកសមសក្តិមិនបានចូលទៅតាមដីកាទេ ដោយដាក់ពាក្យសុំពន្យា ។តាមប្រភពពីមន្ត្រីរបស់រដ្ឋបាលខេត្តសៀមរាប ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ក្នុងការមិនចូលទៅបំភ្លឺនៅដំណាក់កាលអយ្យការទាំង២លើកនេះ លោកសោម សមសក្តិ បានស្វះស្វែងរកការអន្តរាគមន៍ពីសំណាក់ថ្នាក់ដឹកនាំសាលាខេត្តសៀមរាប ឲ្យសម្របសម្រួលបញ្ចប់រឿងជាមួយដើមបណ្តឹង ដើម្បីគេចវេសពីការទទួលទោសតាមផ្លូវច្បាប់ដោយប្រកាណាមួយ។ ប្រភពបន្តថា ប៉ុន្តែបើទោះបីជាមានការចេញមុខជួយជ្រោមជ្រែងពីថ្នាក់ដឹកនាំសាលាខេត្តសៀមរាបយ៉ាងណាក្តី នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ អ្នកស្រីផាត់ សុជឿន ដែលជាដើមបណ្តឹង មិនចូលទៅតាមការណាត់ទេ ហើយកិច្ចប្រជុំដោះស្រាយនេះ ក៏ត្រូវបានរំសាយវិញផងដែរ។

   ទាក់ទងនឹងការចេញលិខិតអញ្ជើញនេះ អភិបាល រងខេត្តសៀមរាប លោក អ៊ឹង គឹមលាង បានមាន ប្រសាសន៍ប្រាប់អ្នកកាសែតថា លោកគ្រាន់តែចង់ឲ្យភាគីទាំងពីរជួប ពិភាក្សាគ្នាក្រៅប្រព័ន្ធតុលាការប៉ុណ្ណោះ។ មិនមែនមាន ន័យថាបន្ទុចបង្អាក់ដំណើរការរបស់តុលាការទេ។ គឺចង់ឲ្យភាគីទាំងពីរជួបដោះស្រាយបញ្ហាដោយមិនឆ្លងកាត់តុលាការ។ ប៉ុន្តែយ៉ាងណាក៏ដោយភាគីទាំងពីរមិនបានជួបគ្នាតាមការស្នើសុំរបស់លោកនោះឡើយ។

    ទោះយ៉ាងណាពលរដ្ឋនៅក្នុងខេត្តសៀមរាប រង់ចាំមើលថា តើសំណុំរឿងនេះតុលាការអាចដំណើរការនិតិវិធីបានត្រឹមណា ខណៈមន្ត្រីដែលរងការចោទប្រកាន់មានឋានៈធំសម្បើមណាស់ក្នុងខេត្តសៀមរាប៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម