Tuesday, November 11, 2025
Header Banner

ក្រសួងសុខាភិបាលនៅថ្ងៃទី២៧នេះ បានច្រានចោលព័ត៌មាន ស្ត្រីផ្ទៃពោះនៅខេត្តសៀមរាប កើតជំងឺអុតស្វា!

ភ្នំពេញ៖យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានឲ្យដឹងនៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះថា ករណីស្ត្រីមានផ្ទៃពោះ ៨ខែ អវិជ្ជមានវីរុសអុតស្វា នៅខេត្តសៀមរាប ដោយក្រសួង ច្រានចោលទាំងស្រុងនូវការផ្សព្វផ្សាយព័ត៌មាន មិនពិតថា មានស្ត្រីផ្ទៃពោះម្នាក់នៅខេត្តសៀមរាបមានកើតជំងឺអុតស្វា។

លោកក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានឲ្យដឹងថា មន្ទីរពេទ្យខេត្តសៀមរាប បានទទួលអ្នកជំងឺម្នាក់ ដែលជាស្ត្រីមានផ្ទៃពោះ ៨ខែ អាយុ ២៣ឆ្នាំ មានអាស័យដ្ឋាននៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ស្រ្តីរូបនេះ មានរោគសញ្ញ ចេញពងទឹកនៅលើដើមទ្រូង និងដៃ (ស្រដៀងទៅនឹងជំងឺអុតស្វា) ដែលស្វាមីបាននាំមកពិនិត្យព្យាបាលជំងឺ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។ក្រុមគ្រូពេទ្យឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តសៀមរាប ដោយបានសហការជាមួយក្រុមគ្រូ ពេទ្យឆ្លើយតបបន្ទាន់របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានចុះទៅសាកសួរពិនិត្យ ស្ថានភាពអ្នកជំងឺផ្ទាល់ និងបានយកវត្ថុសំណាករបស់អ្នកជំងឺ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ដើម្បីយកទៅ ពិនិត្យវិភាគនៅមន្ទីរពិសោធន៍ប៉ាស្ទ័រកម្ពុជា ដោយទទួលបានលទ្ធផលអវិជ្ជមានវីរុសអុតស្វា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២។ បច្ចុប្បន្ននេះ គាត់មានស្ថានភាពវិវត្តន៍ទៅរកការធូរស្រាលជាបណ្តើរៗ ក្រោមការជួយពិនិត្យ តាមដាន និងព្យាបាលជំងឺនេះជូនគាត់ ដោយក្រុម គ្រូពេទ្យនៃមន្ទីរពេទ្យខេត្តសៀមរាប។

ជាមួយគ្នានេះដែរក្រសួងសុខាភិបាល អំពាវនាវសូមបងប្អូនសាធារណជនចូលរួមអនុវត្ត វិធានការការពារការចម្លងវីរុសអុតស្វាទាំងអស់គ្នា តាមការណែនាំរបស់ក្រសួង ដែលបានចេញផ្សាយជារឿយៗមកហើយ។ ប្រសិនបើមានចម្ងល់លើករណីនេះ ឬសម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទ ១១៥ ឬ តាម លេខ ០១២ ៨២៤ ៤២៨ ឬ ០១២ ៨៣៦ ៨៦៨ ឬ ០១២ ៩៥៨ ១៧៩។

   កម្ពុជារកឃើញករណីជំងឺអុតស្វា ១ករណី គឺលើបុរសជនជាតិនីហ្សេរីយ៉ា មានឈ្មោះ Osmond Chihazirim អាយុ ២៧ឆ្នាំ ដែលត្រូវបានអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា រកឃើញកាលពីថ្ងៃទី២៣ ខែកក្កដា វេលាម៉ោង ១៧ ៣០នាទី នៅផ្ទះសំណាក់មួយកន្លែង ស្ថិតនៅផ្លូវលេខ៤៣០ ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបានឆ្លងដែនមកពីប្រទេសថៃ។ អ្នកជំងឺត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យ ​មិត្តភាព ខ្មែរ–​សូវៀត៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម