Tuesday, November 11, 2025
Header Banner

អាជ្ញាធរដុតកម្ទេចប៊ីចេងក្លែងក្លាយជិត២០តោន ដែលបង្ក្រាបបានកាលពីឆ្នាំ២០១៩នៅក្នុងក្រុងសៀមរាប!

សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា សមត្ថកិច្ចចម្រុះបានធ្វើពិធីដុតកម្ទេចចោលវត្ថុតាង ប៊ីចេងសញ្ញារូបវែក(ក្លែងក្លាយ)ជិត២០តោន ដែលបង្ក្រាបបាន។ពិធីដុតកម្ទេចនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២២នៅចំណុចគនរសំរាមក្នុងភូមិអន្លង់២ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ​ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់អស់លោក លោកស្រី ដែលជាមន្ត្រីពាក់ព័ន្ធជាច្រើនរូបចូលរួមផងដែរ។

  លោកឧត្តមសេនីយ៍ត្រីប្រាក់ សុវណ្ណារ័ត្ន ស្នងការរង ទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឲ្យដឹងថា កម្លាំងនគរបាលខេត្តសៀមរាប តែងតែចុះស្រាវជ្រាវនិងបង្ក្រាបផលិតផលក្លែងក្លាយបានជាបន្តបន្ទាប់ គឺដើម្បីឲ្យពលរដ្ឋមានសុខភាពល្អ និងជាពិសេសការបង្ក្រាបនេះ​ដើម្បីឲ្យកើនប្រាក់ចំណូលពន្ធជនរដ្ឋផងដែរ។

   លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក) បានឲ្យដឹងថា ក្រុមការងារ(គ.ប.ផ.ក)តែងតែសហការគ្នាជាមួយអាជ្ញាធរមូលដ្ឋាន​ ចុះស្រាវជ្រាវនិងបង្ក្រាបបទល្មើសសេដ្ឋកិច្ចជាបន្តបន្ទាប់។លោកបន្ថែមថា ដោយសារទីតាំងស្នងការមិនអាចរក្សាទុកវត្ថុតាងទាំងនេះច្រើនឆ្នាំពេកនិងខ្លាចប៉ះពាល់សុខភាព ទើបក្រុមការងារសម្រេចធ្វើពិធីដុតកម្ទេចចោលតែម្តង។លោកឧត្តមសេនីយ៍ទោ បានសំណូមពរថា ទាំងពលរដ្ឋនិងសមត្ថកិច្ចត្រូវតែស្វែងយល់ពីផលិតផលក្លែងក្លាយ  និងរាយការណ៍ទៅសមត្ថកិច្ចឈានដល់ការបង្ក្រាប ដើម្បីសុខភាពប្រជាពលរដ្ឋ។

   លោក ប៉ុក តារា ព្រះរាជអាជ្ញារង អមអយ្យការខេត្តសៀមរាប បានឲ្យដឹងថាក្នុងសំណុំរឿងនេះ តុលាការបានជំនុំជម្រះរួចហើយ ដោយបានផ្តន្ទាទោសជនជាប់ចោទចំនួន១ឆ្នាំ។លោកបន្តថា ក្រោយមកអយ្យការបានទទួលលិខិតពីគណៈកម្មការដើម្បីដុតកម្ទេចប៊ីចេងក្លែងក្លាយនេះ។

   សូមរំលឹកថា កាលពីថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចចម្រុះសហការគ្នាចុះឆែកឆេរពិនិត្យជាក់ស្តែងឃើញមានការរក្សាទុកវេចខ្ចប់និងលក់ចែកចាយផលិតផល​ ប៊ីចេងសញ្ញាររូបវែក ក្លែងក្លាយមានចំនួនប្រហែល១៨តោននិងមានទីតាំងស្ថិតនៅក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប រួចកសាងសំណុំរឿងបញ្ជូនមកតុលាការដើម្បីចាត់ការតាមច្បាប់។

    មហាជនលើកឡើងថា ទោះបីជាការបង្ក្រាបរបស់សមត្ថកិច្ចជំនាញយ៉ាងណាក៏ ពលរដ្ឋនៅមានការព្រួយបារម្មពីបញ្ហាសុខភាព ខណៈផលិតផលមួយចំនួននៅលើទីផ្សារហាក់មិនមានគុណភាព។ពលរដ្ឋសំណូមពរឲ្យសមត្ថកិច្ចបន្តធ្វើការបង្ក្រាបផលិតផលក្លែងក្លាយឲ្យឫសគល់ដូចភ្លៀងរលឹម ដើម្បីឲ្យពលរដ្ឋមានសុខភាពល្អ៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម