Tuesday, November 11, 2025
Header Banner

ឧកញ៉ាស៊ឹង ប៊ុណ្ណា ដែលជាអ្នកជំនួញដ៏មានឥទ្ធពលម្នាក់ នៅខេត្តសៀមរាប ត្រូវបានតុលាការសម្រេចបញ្ជូនទៅដាក់ពន្ធនាគារហើយ!


សៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា ឧកញ៉ាស៊ឹង ប៊ុណ្ណា ដែលជាអ្នកជំនួញដ៏មានឥទ្ធពលម្នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ឃាត់ខ្លួនបញ្ជូនទៅតុលាការនៅល្ងាចថ្ងៃទី៣១នេះ ពាក់ព័ន្ធករណីប្រើប្រាស់អាវុធខុសច្បាប់ បាញ់បង្អើលមេឃចំនួន៤គ្រាប់ នៅក្នុងផ្ទះរបស់ខ្លួន ដោយសារមូលហេតុខឹងប្រពន្ធដើរលេងយប់ជ្រៅពេក ។


សូមរម្លឹកថា កាលពីវេលាម៉ោង២៣និង០០នាទីថ្ងៃ៣០ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចទទួលព័ត៌មានថាមានករណីផ្ទុះអាវុធ នៅចំណុចខាងលើ ។ ក្រោយពីទទួលបានពត៌មានកម្លាំងសមត្ថកិច្ចចម្រុះដែលដឹកនាំដោយតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានធ្វើការឡោមព័ទ្ធទីតាំងកន្លែងកើតហេតុ និងបានបំភ្លឺសាក្សីនៅនឹងកន្លែងកើតហេតុ ហើយបានទាក់ទងម្ចាស់ផ្ទះឈ្មោះ ប៊ុន សុគន្ធតា ត្រូវជាប្រពន្ធជនសង្ស័យ បានបំភ្លឺថាមានករណីផ្ទុះអាវុធចំនួន០៤គ្រាប់ពិតប្រាកដមែន បង្កឡើងដោយប្ដីរបស់គាត់ឈ្មោះ ស៊ឹង ប៊ុណ្ណា ជាអ្នកបាញ់ដោយមូលហេតុខឹងនឹងរូបគាត់ត្រលប់មកផ្ទះយប់ជ្រៅ ។

សមត្ថកិច្ចបានបន្តថា នៅព្រឹកថ្ងៃទី៣១ខែកក្កដា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ឹង ប៊ុណ្ណា ភេទប្រុស អាយុ៤៧ឆ្នាំ កើតនៅភូមិភក់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បច្ចប្បន្នស្នាក់នៅក្រុមទី០៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ពីបទប្រើប្រាស់អាវុធខុសច្បាប់ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្ទះជនសង្ស័យភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប យកមកសាកសួរព្រមទាំងបានឆែកឆេរ និងដកហូតបាននូវអាវុធខ្លីចំនួន ០១ដើម ម៉ាកK59 បង់ចំនួន០២ (បង់មួយមានចំនួន០៦គ្រាប់ និងបង់មួយទៀតគ្មានគ្រាប់) គ្រាប់មិនទាន់ប្រើចំនួន០៧គ្រាប់ និងសំបកគ្រាប់ដែលបាញ់រួចចំនួន០៣គ្រាប់ ។
សមត្ថកិច្ចបញ្ចាក់ថា ក្រោយពីធ្វើការសាកសួរជនសង្ស័យខាងលើបានឆ្លើយសារភាពថាគាត់ពិតជាបានបាញ់ចំនួន០៤គ្រាប់ពិតប្រាកដមែនដោយមូលហេតុខឹងនឹងប្រពន្ធរបស់គាត់ត្រលប់មកផ្ទះវិញយឺត ។
ប្រភពព័ត៌មានចុងក្រោយបានឲ្យដឹងថា ឧកញ៉ាស៊ឹង ប៊ុណ្ណា ដែលជាអ្នកជំនួញដ៏មានឥទ្ធពលម្នាក់ ត្រូវបានតុលាការខេត្តសៀមរាប សម្រេចបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនបញ្ជូនទៅដាក់ពន្ធនាគារជាបណ្តោះអាសន្ន៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម